ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អាមេរិក ​ចង់​ឲ្យ​មាន​កម្លាំង​នុយ​ក្លេអ៊ែរ​វង់​​ប្រតិបត្តិការ​មធ្យម​ឬ INF នៅ​តំបន់​អាស៊ី


លោក Mark Esper ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។
លោក Mark Esper ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​​អាមេរិក​លោក Mark Esper កំពុង​ធ្វើ​ដំណើរ​ទៅ​​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​​នៅអន្តរជាតិ​លើក​ទី១​​ក្នុង​ឋានៈជា​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នេះ ​បាន​ចាប់​ផ្តើម​នៅពេល​ដែល​សហរដ្ឋ​អាមេរិក ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ត្រួតត្រា​អាវុធ​ដែលមាន​ចំណាស់​រាប់​ទសវត្សរ៍​ជាមួយ​ប្រទេស​រុស្ស៊ី។​ ការ​ដក​ខ្លួន​ចេញ​នេះ មានន័យ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ ​អាចផលិតដោយ​សេរីនូវ​កាំជ្រួច​មី​ស៊ីលដែល​បាញ់​ពី​ដី​ដែល​មាន​ល្បឿន​ពី​៥រយ​គីឡូម៉ែត្រ​ទៅ​៥​ពាន់៥រយ​គីឡូម៉ែត្រ។ ហើយ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​នេះ អាច​ជា​ព័ត៌មាន​អាក្រក់​សម្រាប់​ប្រទេស​ដែល​មិន​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​សន្ធិសញ្ញា​នេះ​គឺ​ប្រ​ទេស​ចិន។

រដ្ឋមន្ត្រី​ការពារ​ប្រទេសសហរដ្ឋ​អាមេរិកថ្មីលោក Mark Esper បាន​និយាយ​ថា លោក​ចង់ឃើញ​មាន​កាំជ្រួច​មីស៊ីវង់​ប្រតិបត្តិការ​មធ្យម​ដែល​បាញ់​ពី​ដី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីបអាស៊ី កាំជ្រួច​មីស៊ីល​ត្រូវ​បាន​គេ​ហាម​ឃាត់កាល​ពី​ពេល​មុន។ លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស Esper បាន​ថ្លែង​ថា៖ «បាទ! ខ្ញុំ ​ចង់ដាក់​ពង្រាយ​អាវុធ​នៅ​អាស៊ី។ តែខ្ញុំសូម​បញ្ចាក់​ឲ្យ​ច្បាស់។​ ខ្ញុំ​កំពុង​និ​យាយអំពី​អាវុធ​ធម្មតា»។

ការ​ដាក់​ពង្រាយ​អាវុធ​នេះ នឹង​ពង្រឹង​ជំហ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹងឥទ្ធិ​ពល​កាន់​តែ​កើនឡើង​របស់​ចិន។ លោក​រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​អាមេរិក Esper បាន​ថ្លែង​ទៀត​ថា៖ «យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នេះមួយ​រយៈ​ពេល​ហើយ ​ហើយ​ខ្ញុំ​ចង់​និយាយ​ថា ៨០ភាគរយ​នៃ​បញ្ជី​សារពើភ័ណ្ឌ គឺ​ជា​ប្រព័ន្ធ​កម្លាំង​នុយក្លេអ៊ែរ​វង់ប្រតិបត្តិការ​មធ្យម​ ឬ INF។ ដូច្នេះ​ការណ៍​នេះ​មិន​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ផ្អើល​ទេ​ថា យើង​ចង់​មាន​អាវុធដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​នោះ»។

អ្នក​ជំនាញនិយាយ​ថា ក្នុង​ពេល​មាន​ជម្លោះ​ជាមួយ​ចិន សមត្ថភាព​យោធា​កាន់​តែ​ខ្លាំង​ឡើង​របស់​សហរដ្ឋ​អាមេរិក ​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួចហើយ​ដែល​វា​ជា​ការ​ប្រសើរ។​

ពួក​អ្នក​ជំនាញ​ដូចជា​លោក Bradley Bowman នៃ​មូលនិធិសម្រាប់​ការពារ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ និយាយ​ថា ​នៅពេល​មាន​ជម្លោះ​ជាមួ​យ​ចិន សមត្ថភាព​យោ​ធា​កាន់​តែ​ខ្លាំង​ឡើង​របស់​សហរដ្ឋ​អាមេរិក មាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួច​ហើយ​ដែល​ជា​ការប្រសើរ។ លោក ​បាន​ថ្លែង​ថា៖ «យើង ​ចាំបាច់​ចែកចាយ​អាវុធ​ទាំង​នោះ ​ហើយ យើង​ត្រូវ​ការ​មាន​អាវុធ​ទាំង​នោះ​នៅក្នុង​តំបន់​នៅពេល​ដែល​ជម្លោះ​កើត​មាន​ឡើង។ គំនិតដែល​ថា យើង​នឹង​ចំណាយ​ពេល​ដូច​ដែល​យើង ​បានធ្វើ​នៅ​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​ពែកកាលពី​ដំបូង ​រាប់​សប្តាហ៍ ឬ​រាប់​ខែ​ដើម្បី​បញ្ជូន​យន្តហោះ​ដឹក​ទំនិញ​យ៉ាង​ធំ​ និង​កប៉ាល់​ដឹក​ទំនិញ​ឆ្លងកាត់​មហា​សមុទ្រ​ដើម្បី​ចូលរួម​ក្នុង​សង្គ្រាម​នោះ​នឹង​មិន​មាន​ទេ»។

ការ​អញ្ជើញ​ទៅ​ដល់​របស់​លោក Esper នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ បាន​កើតមាន​ឡើង​ទើប​តែ​២​ថ្ងៃ​ បន្ទាប់​ពី​កូរ៉េខាង​ជើង ​បាន​ធ្វើ​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​លើក​ទី៣​របស់​ខ្លួន​មិន​ដល់​២​សប្តាហ៍​ផង ​ដោយ​បាន​បាញ់​ទៅ​លើអ្វី​ដែល​ទំនង​ជា​កាំជ្រួច​មីស៊ីលផ្លោង​វង់​ប្រតិបត្តិការ​ខ្លី​ដែល​មាន​សមត្ថភាព​បាញ់​ដល់​ទីក្រុង​សេអ៊ូល​ ឬ​ទីក្រុង​តូក្យូ។ លោក Rudy deLeon នៃ​មជ្ឈ​មណ្ឌល American Progress បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក ​មាន​មូលដ្ឋាន​យោ​ធាទាំង​នោះ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​នឹង​ក្លាយ​ជាផ្លូវ​ហោះ​ហើរ​របស់កាំ​ជ្រួចទាំង​នោះ​ដែល​គេ​បាន​សាក​ល្បង។​ដូច្នេះ ​នេះ​ជា​ការ​គំរាម​កំហែង​ដោយ​ចេតនា​ពិតប្រាកដ​មួយ»។

លោក​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស Esper បាន​និយាយ​សម្រាល​ការ​គំរាម​កំហែង​នោះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​ស្ថានភាពជាមួយ​កូរ៉េ​ខាង​ជើង ​មាន​ស្ថិរភាព​កាល​ពី​បីបួន​ឆ្នាំ​មុន ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ​បាន​សាក​ល្បង​កាំជ្រួច​មីស៊ីល​ចំនួន​១៧ដង ​រួមមានការ​សាក​ល្បង​កាំជ្រួច​អន្តរ​ទ្វីប​ផង៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG