ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ប្រារព្ធ​ខួប ៧០ ឆ្នាំ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​អឺរ៉ុប​រួម​ចំណែក​ថវិកា​បន្ថែម​លើ​ផ្នែក​យោធា


មន្រ្តីយោធា​នៃក្រុម​ «ឥន្រ្ទី​ប្រយុទ្ធ​» កងវរសេនា​តូចលេខ១​ នៃ​កងវរសេនា​ធំកង​ទ័ពជើងគោក​លេខ៨​ ដើរកាត់​រថក្រោះ​ ដែលទើប​ដឹកតាម​រថភ្លើង​មកមូល​ដ្ឋានកង​ទ័ព​ស.រ.អា.​ នៅតំបន់​ Mihail Kogalniceanu ភាគខាង​កើតប្រទេស​ រ៉ូម៉ានី​ (រូបថត​ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៧)។

កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ សមាជិក​អង្គការ​សន្ធិសញ្ញា​តំបន់​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ជើង​ដែល​ហៅ​កាត់​ថា​អង្គការ​អូតង់ បាន​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃការ​បង្កើត​អង្គការ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដ៏​ជោគជ័យ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​សហភាព​សូវៀត និង​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​បណ្ដា​ប្រទេស​ដែល​ញាំញី​ដោយសារ​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប​ខាង​លិច​ឲ្យ បោះបង់​ភាពជា​សត្រូវ​នឹងគ្នា និង​បែរ​មក​ចង​សាមគ្គី​ភាព​ជាមួយ​នឹង​គ្នា។

អ្នក​វិភាគ​នានា​បាន​ព្រមាន​ថា ដើម្បី​ឲ្យ​សម្ព័ន្ធ​នេះ​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ត្រូវ​រួម​ចំណែក​ថវិកា​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន និង​ត្រូវ​ចែក​រំលែក​បន្ទុក​គ្នា​បន្ថែម​ទៀត។

បន្ទាប់​សហភាព​សូវៀត​បាន​ដួល​រលំ​ទៅ អង្គការ​អូតង់​ហាក់​ដូចជា​មាន​ភាព​ស្រពិចស្រពិល​អំពី​តួនាទី​របស់​ខ្លួន ប៉ុន្តែ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Vladimir Putin បច្ចុប្បន្ន បង្ហាញ​ឥរិយាបថ​ដ៏​គឃ្លើន​របស់​ខ្លួន​សារ​ជា​ថ្មី​មក ករណី​នេះ​បាន​ប្រែប្រួល ហើយ​អ្នក​គាំទ្រ​អង្គការ​មួយ​នេះ​បាន​និយាយ​ថា តួនាទី​តាំង​ពី​មុន​មក​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការ​ធានា​សន្តិសុខ​រួម ឥឡូវ​នេះ​គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អង្គការ​អូតង់​មាន​ការ​រង្គោះរង្គើ​ ដោយសារតែ​ការ​ចោទ​សួរ​ជា​ច្រើន​លើក​ច្រើន​សារ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អំពី​គុណតម្លៃ​ពិតប្រាកដ​នៃ​សន្ធិសញ្ញា​ ឆ្លង​មហា​សមុទ្រ​អាត្លង់ទិច​នេះ ក្នុង​ពេល​ជួប​ម្ដង​ម្កាល​ជាមួយ​បណ្ដា​មេដឹកនាំ​នានា​នៅ​ទ្វីប​អឺរ៉ុប និង​តាមរយៈ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ឬ​ក៏​តាម​ការ​លើក​ឡើង​ដោយ​ឥត​ព្រាង​ទុក​នានា។

ការ​លាលែង​តំណែង​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Jim Mattis កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន បាន​បង្ហាញ​ពី​ទំនាក់ទំនង​រកាំរកូស​រវាង​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump និង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​ទ្វីប​អឺរ៉ុប។

នៅ​ក្នុង​លិខិត​លាលែង​តំណែង​របស់​លោក លោក​រដ្ឋមន្ត្រី Jim Mattis បាន​និយាយ​ថា «ជំនឿ​ដ៏​មុតមាំ​មួយ​ដែល​ខ្ញុំ​តែងតែ​ប្រកាន់​ខ្ជាប់​គឺ​ថា ចំណុច​ខ្លាំង​របស់​យើង​ក្នុង​នាម​ជា​ជាតិ​មួយ គឺ​ផ្សារ​ភ្ជាប់​មិន​អាច​កាត់​ផ្ដាច់​បាន​ទៅ​នឹង​ប្រព័ន្ធ​សម្ព័ន្ធ​ភាព និង​ភាព​ជា​ដៃគូ​ដ៏​ពិសេស និង​ទូលំទូលាយ​របស់​យើង។ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដើរតួ​ជា​ប្រទេស​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ពិភពលោក​សេរី​បែប​នេះ យើង​នឹង​មិន​អាច​ការពារ​ផល​ប្រយោជន៍​របស់​យើង ឬ​ក៏​បំពេញ​តួនាទី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ទេ ប្រសិនបើ​យើង​មិន​អាច​រក្សា​សម្ព័ន្ធ​ភាព​ដ៏​រឹងមាំ​របស់​យើង និង​បង្ហាញ​ការ​គោរព​ដល់​សម្ព័ន្ធមិត្ត​របស់​យើង​នោះ»។

គេ​ឃើញ​មាន​ភាព​មិន​ប្រាកដប្រជា​មួយ​ចំនួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទាក់ទង​នឹង​រឿង​ថវិកា និង​អនាគត​របស់​អង្គការ​អូតង់ ដែល​ជា​អង្គការ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​ធានា​របស់​សហរដ្ឋ​អាមេរិក​រឿង​សន្តិសុខ​ចំពោះ​ទ្វីប​អឺរ៉ុប។

ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​ទាក់ទង​នឹង​ភាព​តានតឹង​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​របស់​អង្គការ​នេះ ផ្ដោត​លើ​របៀប​តតាំង​ជា​ពិសេស​របស់​លោក​ប្រធានាធិបតី Trump។ កាសែត​អឺរ៉ុប​បាន​ផ្សាយ​អំពី​ការ​មិន​ទុក​ចិត្ត​របស់​លោក Trump ចំពោះ​អង្គការ​អន្តរជាតិ​នានា និង​ចង់​ឲ្យ​ប្រទេស​នីមួយៗ​មាន​ភាព​ឯករាជ្យ និង​មាន​អំណាច​ដោយ​ខ្លួន​ឯង ដែល​អាច​ធ្វើ​ការ​ចរចា​ជាមួយ​គ្នា​ដោយ​ទ្វេភាគី ជា​ជាង​តាមរយៈ​អង្គការ​អន្តរជាតិ​នានា។

នៅ​ក្នុង​ស្ថានការណ៍​ដែល​សហរដ្ឋ​អាមេរិក​ត្អូញត្អែរ​អំពី​ភាព​មិន​សូវ​អើពើ​របស់​ប្រទេស​ជា​សមាជិក​នានា​នៅ​ទ្វីប​អឺរ៉ុប​នៅ​ក្នុង​ការ​រួមចំណែក​ផ្នែក​ថវិកា​ដល់​វិស័យ​យោធា​នៃ​អង្គការ​នេះ គេ​ឃើញ​មាន​ការ​ខ្វែង​គំនិត​គ្នា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​តាក់តែង​គោលនយោបាយ​នានា​នៅ​ទ្វីប​អឺរ៉ុប។

ការ​ខ្វែង​គំនិត​គ្នា​នេះ​កើត​ឡើង​រវាង​អ្នក​ដែល​អះអាង​ថា អឺរ៉ុប​ត្រូវតែ​ពិចារណា​អំពី​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ច្រើន​ជាង​មុន ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ដែល​កំពុង​តានតឹង​ និង​ក្រុម​មន្ត្រី​និង​មេដឹកនាំ​ដែល​ចង់​អនុវត្ត​យុទ្ធសាស្ត្រ «ផ្ដោត​លើ​អឺរ៉ុប​មុន» ដើម្បី​ទប់ទល់​នឹង​យុទ្ធសាស្ត្រ «ផ្ដោត​អាមេរិក​មុន» របស់​លោក​ប្រធានាធិបតី Trump។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ទាមទារ​យ៉ាង​ខ្លាំង​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​កងទ័ព​ផ្ទាល់​ខ្លួន និង​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​តម្រូវការ​នានា​ដែល​អាច​ឲ្យ​អឺរ៉ុប​រំដោះ​ខ្លួន​ចេញ​ពី​ការ​ពឹងផ្អែក​ផ្នែក​យោធា​ពី​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ ទាំង​ចក្រភព​អង់គ្លេស ទាំង​ប្រទេស​អាល្លឺម៉ង់​ហាក់​មិន​គាំទ្រ​លើ​គំនិត​របស់​លោក​ប្រធានាធិបតី Macron ទាក់ទង​នឹង​ការ​មាន​កងទ័ព​ខ្លួន​ឯង​នេះ។ អ្នក​រិះគន់​បាន​និយាយ​ថា ការ​មាន​កងទ័ព​អឺរ៉ុប​ខ្លួន​ឯង​ក៏​នឹង​មិន​អាច​ជំនួស​វត្តមាន​កម្លាំង​យោធា​របស់​អាមេរិក និង​ភាព​ចាំបាច់​របស់​កង​កម្លាំង​យោធា​អាមេរិក​ក្នុង​ការ​ការពារ​ទ្វីប​អឺរ៉ុប​បាន​ទេ។ អ្នក​វិភាគ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា ចុង​បញ្ចប់ រដ្ឋាភិបាល​អឺរ៉ុប​អាច​នឹង​បង្កើន​ចំណាយ​យ៉ាង​ច្រើន​ទៅវិញ​ទេ។

បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្ដាល​ដែល​នៅ​ជិត​ប្រទេស​រុស្ស៊ី មាន​ជំនឿ​ទុកចិត្ត​ខ្លាំង​លើ​ការ​ធានា​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក ជាង​ការ​ធានា​របស់​ប្រទេស​ជិតខាង​នៅ​តំបន់​អឺរ៉ុប​ខាង​លិច។ ពួកគេ​បាន​អះអាង​ថា នេះ​ដោយសារ​តែ​មូលហេតុ​ប្រវត្តិសាស្ត្រ។

ពួកគេ​បាន​កត់សម្គាល់​ថា ទោះបីជា​លោក​ប្រធានាធិបតី Trump រិះគន់​ខ្លាំងៗ​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ដែល​ជា​សមាជិក​អង្គការ​អូតង់​ក៏​ដោយ ក៏​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្តេជ្ញា​ពង្រីក​វត្តមាន​យោធា​នៅ​តំបន់​សមុទ្រ​ខ្មៅ តំបន់​សមុទ្រ​បាល់ទិច និង​ប្រទេស​ប៉ូឡូញ និង​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ជម្លោះ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​ដដែល។

កាល​ពី​ថ្ងៃ​ទី ១ ខែ​មេសា អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​វិនិយោគ​ទឹក​ប្រាក់​ចំនួន ២៦០ លាន​ដុល្លារ​អាមេរិក លើ​ការ​សាងសង់​ទីតាំង​ឃ្លាំង​សម្ភារៈ​យោធា​នៅ​ភាគ​កណ្ដាល​ប្រទេស​ប៉ូឡូញ ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​យោធា​អាមេរិក​ដែល​មាន​ប្រតិបត្តិការ​នៅ​តំបន់​នោះ។

លោក Stoltenberg បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក​យ៉ាង​ដូច្នេះ​ថា៖ «កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​ថវិកា​ដល់​ការ​ផ្ទុក និង​ការ​ថែទាំ​សម្ភារៈ​យោធា​ត្រៀម​ទុក​ជា​មុន ដែល​នឹង​ជួយ​បង្កើន​ភាព​រឹងមាំ​របស់​ទ្វីប​អឺរ៉ុប»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG