ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក​ដូណាល់ ត្រាំ ​ឲ្យ​អ្នក​សម្លាប់​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​ទទួល​ទោស


លោក​ Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ជំនួប​ថ្នាក់​រដ្ឋ​មន្ត្រី​ជាមួយ​សមភាគី​កាណាដា នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨។
លោក​ Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ជំនួប​ថ្នាក់​រដ្ឋ​មន្ត្រី​ជាមួយ​សមភាគី​កាណាដា នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៨។

​សេចក្តី​ប្រកាស​ប្រឆាំង​រាជាណាចក្រ​អារ៉ាប៊ីសា​អូឌីត​ធ្វើ​ឡើង​មួយ​ថ្ងៃ​​ក្រោយ​ពី​ព្រឹទ្ធ​សភា​ស.រ.អា.​អនុម័ត​សេចក្តី​សម្រេច​ដែល​ថ្កោល​ទោស​ឃាតកម្ម​សម្លាប់​លោក​ Jamal Khashoggi ​អ្នក​កាសែត​ប្រឆាំង​អារ៉ាប៊ី​សាអូឌីត។

លោក​ Mike Pompeo ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ថ្លែង​ថា​ លោក​បាន​កត់​សម្គាល់​ការ​ស្ដី​បន្ទោស​ជា​ប្រវត្តិ​សាស្រ្ត​របស់​សមាជិក​សភា​អាមេរិក​ប្រឆាំងអារ៉ាប៊ី​សាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​ស.រ.អា.។ ​

ព្រឹទ្ធ​សភា​អាមេរិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុម័ត​សេចក្តី​សម្រេច​បញ្ចប់​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អន្តរាគមន៍​ផ្នែក​យោធា​របស់​ព្រះ​រាជាណាចក្រ​អារ៉ាប៊ី​សាអូឌីត​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​យេម៉ែន ​និង​វិធាន​ការ​មួយ​ទៀត​ដែល​ថ្កោល​ទោស​ការ​សម្លាប់​អ្នក​កាសែត​ប្រឆាំងអារ៉ាប៊ី​សាអូឌីត។

លោក ​Pompeo ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃសុក្រថា៖ «យើង​បាន​ឃើញ​ការ​បោះ​ឆ្នោត​កាល​ពី​ម្សិលមិញ។ យើង​តែង​តែ​គោរព​ជា​ខ្លាំង​នូវ​អ្វី​ដែល​អង្គ​នីតិបញ្ញត្តិ​បាន​ធ្វើ។ យើង​មាន​ទំនា​ក់ទំនង​ជា​ប្រចាំ​ជាមួយ​សមាជិក​នៅ​វិមាន​រដ្ឋសភា ​ដូច្នេះ​យើង​យល់់​ទាំង​ស្រុង​អំពី​កង្វល់​របស់​ពួក​គេ ​ហើយ​យើង​ប្រឹង​ប្រែងអស់​ពី​សមត្ថភាព​ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​គោល​នយោបាយ​របស់​យើង»។​

នៅ​ឯក្រសួង​ការ​បរទេស ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​រួម​ជាមួយលោក​ Jim Mattis ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និង​សមភាគី​កាណាដា​ លោក​ Pompeo​ បាន​បន្ថែម​ថា៖ «លោក​ប្រធានាធិបតី ​ត្រាំ​ បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ប្រាកដ​ថា ​យើង​ការពារ​អាមេរិក​គ្រប់​ពេល ​ខណៈដែល​យើង​កំណត់​ថា ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ឃាតកម្ម​ដ៏​ឃោរ​ឃៅ​លើ​លោក​ Jamal Khashoggi ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។ ​

បន្ទាប់​ពីកា​រជជែក​វែកញែក​ដ៏​រំជើប​រំជួល​ជា​ច្រើន​ម៉ោង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ព្រឹទ្ធ​សភា​ដឹកនាំ​ដោយ​គណបក្ស​សាធារណ​រដ្ឋ​បាន​បោះឆ្នោត​ដោយ​មាន​សំឡេង​៥៦-៤១​ដើម្បី​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ទីមួយ។ ​បន្តិច​ក្រោយ​មក ​ ព្រឹទ្ធសភា​បាន​បោះឆ្នោតអនុម័ត​សេចក្តី​សម្រេច​ទីពីរ។​

ក្នុង​ករណី​ទាំង​ពីរ​នេះ ​អង្គនីតិបញ្ញត្តិបាន​សម្រេច​ប្រឆាំង​នឹង​រដ្ឋបាល​លោក ​ត្រាំ ​ដែល​បាន​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​បែក​បាក់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​នៃប្រទេស​អារ៉ាប៊ី​សាអូឌីត។

លោក​ Bernie Sanders ​សមាជិក​សភា​ឯករាជ្យ​រដ្ឋ​ Vermont ​បាន​និយាយ​ថា៖ «បច្ចុប្បន្ន​នេះ​ប្រទេស​យេម៉ែន ​កំពុង​មាន​គ្រោះ​មហន្ត​រាយ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក។ ​ស.រ.អា.​ជាដៃ​គូ​របស់​អារ៉ាប៊ី​សាអ៊ូឌីត​នៅក្នុង​សង្គ្រាម​ដ៏គួរ​ឱ្យ​រន្ធត់​នេះ។ ​យើង​បានផ្តល់​គ្រាប់​បែក​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត​កំពុង​តែ​ប្រើ និង​ជួយ​ឧបត្ថម្ភ​ប្រេង​យន្តហោះ​ដែល​ទម្លាក់​គ្រាប់បែក​ទាំង​នោះ​ និង​ជួយ​ខាង​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់។ ​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​ចំនួន​៧​នាក់​បាន​ចូល​រួម​ក្នុង​ការ​ប្រជុំ​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​រួប​រួម​គ្នាដើម្បី​គាំទ្រ​សេចក្តី​សម្រេច​ដែល​ទាក់​ទង​នឹង​ប្រទេស​យេម៉ែន។ ​សេចក្តី​សម្រេច​នេះ​លើក​ឡើងពី​កាតព្វ​កិច្ច​របស់​រដ្ឋ​សភា​ស្រប​តាមរដ្ឋ​ធម្មនុញ្ញ​ក្នុង​ការ​ប្រកាស​សង្រ្គាម​និង​សម្រេច​ការ​យល់​ព្រម​លើ​ការ​ចូល​រួម​របស់​យោធា​អាមេរិក​ជា​បន្ត»។​

អង្គ​នីតិប្បញ្ញត្តិ​អាមេរិក​មិន​បាន​អនុញ្ញាត​តួនាទី​គាំទ្រ​របស់​អាមេរិក​ក្នុង​យុទ្ធនាការ​របស់​អារ៉ាប៊ី​សាអូឌីត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួកឧទ្ទាម​យេម៉ែនដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​ជា​ជម្លោះ​ដែល​នាំ​ឱ្យ​មាន​ការ​ស្លាប់​ពលរដ្ឋ​ស៊ីវិល​ជាទូទៅ។​

ការ​ខឹង​សម្បា​របស់​សភា​អាមេរិក​ប្រឆាំង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​បាន​ឆាប​ឆេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេសយេម៉ែន បាន​អូស​បន្លាយ​ ហើយ​ធ្វើ​ឲ្យ​ចំនួនប្រជាជន​ស៊ីវិល​ស្លាប់​ច្រើន​បំផុត​មិន​ធ្លាប់​មាន។ ​កំហឹង​បាន​ពុះ​កញ្ជ្រោល​ឡើង​យ៉ាង​ខ្លាំង ​បន្ទាប់ពី​លោក​ Jamal Khashoggi ​អ្នក​កាសែត​ប្រឆាំង​អារ៉ាប៊ី​សាអ៊ូឌីត​ត្រូវ​បាន​សម្លាប់​នៅ​ឯស្ថាន​កុងស៊ុល​នៃ​អារ៉ាប៊ី​សាអ៊ូឌីត​ក្នុង​ប្រទេស​តួកគី​កាលពី​ពីរ​ខែ​មុន។​

សេចក្តី​សម្រេច​ទីពីរ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធ​សភា​បាន​បន្ទោស​ថា​ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ទាក់ទង​នឹង​ការ​សម្លាប់​លោក​ Khashoggi ​ហើយ​បាន​សម្តែង​ការ​គាំទ្រ​ដល់​កិច្ច​ចរចា​សន្តិភាព​យេម៉ែន។ ​សេចក្តី​សម្រេច​នេះចែង​ថា៖ ​«មិន​មាន​ការ​អនុញ្ញាត​តាម​ច្បាប់​ចំពោះ​ការចូល​រួម​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​អរិភាព​នៃ​សង្គ្រាម​ស៊ីវិល​ប្រទេស​យេម៉ែន​ទេ»។ ​

លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​បាន​និយាយ​ថា ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​លោក​ Khashoggi ​នៅ​តែ​ជា​បញ្ហា​មិន​ទាន់​សម្រេច​យ៉ា​ងណា​នៅ​ឡើយ​ ហើយ​លោក​ប្រធានាធិបតីបាន​កត់​សម្គាល់​ម្តង​ហើយ​ម្តង​ទៀត​នូវ​សេចក្តី​បដិសេធ​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ដែល​ថា ​ព្រះ​អង្គម្ចាស់​ Mohammed bin Salman ​មិន​មាន​ជាប់​ទាក់​ទង​នោះ។​

អ្នក​រិះគន់​លោក ​ត្រាំ ​នៅ​ព្រឹទ្ធសភា​បាន​វាយ​ប្រហារ​ជំហរ​របស់​សេតវិមាន។​

លោក ​Bob Menendez ​សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រជា​ធិបតេយ្យ​រដ្ឋ​ New Jersey បាន​និយាយ​ថា៖ «រដ្ឋបាល​នេះ​កំពុង​ដាក់​តម្កល់​រដ្ឋាភិបាលអារ៉ាប៊ី​សាអ៊ូឌីត​នៅ​ពី​លើ​សេចក្តី​ថ្លៃ​ថ្នូររបស់​អាមេរិក។​ រដ្ឋបាល​នេះ​នៅ​តែ​បន្ត​ជួយ​គ្មាន​កំណត់ចំពោះ​បុគ្គល​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល​អារ៉ាប៊ី​សាអូឌីត​ ទោះ​ជា​សកម្មភាព​របស់​ពួក​គេ​មាន​ភាព​គឃ្លើន​យ៉ាង​ច្បាស់​ក្រឡែត​ក៏​ដោយ»៕

ប្រែ​សម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

អត្ថបទ​ទាក់ទង

XS
SM
MD
LG