ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​​ចង់ដឹងអំពីការ​សម្លាប់​លោក Khashoggi មុន​កិច្ច​ប្រជុំព្រឹទ្ធសភា​ស្តីពី​​អារ៉ាប៊ី ​សាអូឌីត


លោក Jamal Khashoggi អ្នកកាសែត​ជាតិ​អារ៉ាប៊ី ​សា​អូ​ឌីត​​ ដែលត្រូវបានសម្លាប់ នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​នៃ​ប្រទេស​តួកគី។

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ទាំង២​បាន​រិះគន់​ការមិន​ចូលរួម​របស់​លោក​​​ស្រី Gina Haspel ក្នុង​កិច្ច​ប្រជុំសម្ងាត់​ ដែល​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ស្តី​ពី​ប្រទេស​អារ៉ាប៊ី​​ សាអូឌីត។

សមាជិក​ព្រឹទ្ធសភា​អាមេរិក ទាម​ទារ​ចង់​ដឹងថាតើ​ទីភ្នាក់​ងារ​ CIA ដឹង​អ្វី​ខ្លះអំពី​ការសម្លាប់​លោក Jamal Khashoggi អ្នកកាសែត​ជាតិ​អារ៉ាប៊ី ​សា​អូ​ឌីតនៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​នៃ​ប្រទេស​តួកគី។

ព្រឹទ្ធ​ស​ភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ទាមទារ​ឲ្យ​រដ្ឋបាល​របស់​ប្រធានា​ធិប​តីត្រាំ​ចែក​រំលែកព័ត៌មាន​ទាំងអស់​ដែល​ខ្លួន​បាន​ដឹងអំពី​ថា​តើ​នរណា​បាន​បញ្ជា​ឲ្យ​សម្លាប់អ្នក​កាសែត Jamal Khashoggi អ្នក​ប្រឆាំង​ជាតិអារ៉ាប៊ី សាអូឌីត​និង​ជា​អ្នកមាន​ទី​លំ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិក​កាល​ពី​ខែ​មុន​នៅឯ​ស្ថាន​កុងស៊ុល​របស់​ព្រះ​រាជា​ណាចក្រ​នោះ​នៅ​ក្នុង​ប្រ​ទេស​តួកគី។

​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ទាំង២​បាន​រិះគន់​ការមិន​ចូលរួម​របស់​លោក​ស្រី Gina Haspel ក្នុង​កិច្ច​ប្រជុំសម្ងាត់​ ដែល​បាន​គ្រោង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ស្តី​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត ​ដែល​ក្នុង​នោះ​រដ្ឋ​មន្រ្តី​ការបរទេស​លោកMike Pompeoនិង​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​លោក Jim Mattis ​ត្រូវ​ថ្លែង​នៅ​ក្នុងសម័យ​ប្រជុំ​ព្រឹទ្ធ​សភា​សម្ងាត់។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពីរដ្ឋ South Carolinaលោក​ Lindsey Grahamប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «ខ្ញុំ​ចង់ឲ្យ​ទី​ភ្នាក់​ងារCIA ខ្ញុំចង់​ឲ្យ​នរណា​ម្នាក់​មក​ពី​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ប្រាប់​សភា​អំពី​អ្វី​ដែលប្រ​ធា​នា​ធិបតី​បាន​ឮ​អំពី​ព្រះអង្គម្ចាស់​រាជ្ជទាយាទ​អារ៉ាប់​ប៊ី ​សាអូឌីត Mohammed bin Salman »។

លោក Chris Coonsសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មក​ពីរដ្ឋ​Delawareបាន​និយាយ​ថា «ហេតុអ្វី​បាន​ជា​យើង​មិនមាន​នាយិការ CIA ​ពន្យល់​ប្រាប់​យើង​? ​ពីព្រោះ​លោកស្រី ​អាចប្រាប់​យើង​ពីអ្វី​ដែល​ពួកគេ​បាន​សន្និដ្ឋាន»។ តាម​សេចក្តី​រាយការណ៍​ព័ត៌មាន ​ទីភ្នាក់​ងារ CIA វាយ​តម្លៃ​ថា ព្រះអង្គ​ម្ចាស់រាជ្ជទាយាទSalman បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​ Khashoggi។ ​អារ៉ាប៊ី ​សាអូ​ឌីត បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ ​ដោយ​បាន​ស្តីបន្ទោសការ​ស្លាប់​នោះ​ទៅលើ​ភ្នាក់​ងារ​ទុច្ចរិត។ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​លោក ដូណាល់ ​ត្រាំ ​បានបន្ទ​តាម​ការ​បដិសេធ​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ហើយ​បាន​និយាយថា ​បញ្ហានេះ​នៅតែ​ចោទ​ជា​សំណួរ។

លោកCory Gardnerសមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Coloradoនិយាយ​ថា «មាន​សំណួរ​ពិបាក​ៗ​ជា​ច្រើនចាំបាច់​ត្រូវ​ឆ្លើយ​នៅ​ជំ​នួប​នៅ​ថ្ងៃ​ពុធ។​ខ្ញុំ​ចង់​ដឹង​ពិត​ប្រាកដ​ពីអ្វី​ដែល​ការ​ស៊ើបការណ៍​សម្ងាត់​របស់​យើង​មាន​ហើយ​នរ ណា​ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​លោកKhashoggi។ ខ្ញុំ​គិតថា ​យើង​មាន​ព័ត៌មាន​នោះ។វានឹង​ក្លាយ​ជាការ​ល្អ ​ប្រសិនបើ​ពួកគេ​ចែក​រំលែក​ព័ត៌មាន​នោះ​ជាមួយ​យើង»។

លោក Bob Menendez សមាជិក​ព្រឹទ្ធសភាជាន់​ខ្ពស់​ខាង​គណបក្ស​ប្រជាធិប​តេយ្យមក​ពី​រដ្ឋ New Jersey នៅ​ក្នុង​គណៈកម្មាធិការទំនាក់​ទំនងការបរ​ទេស​របស់​ព្រឹទ្ធសភា ​បាន​និយាយថា «​យើង​មិន​ទទួល​យកការ​ពន្យល់​ដែល​ផ្តល់​ឲ្យ​នោះ​ទេ។ វាជា​ការ​មិន​អាច​ទទួល​យក​បាន​ដែល​មិនមាន​នរណា​ម្នាក់នៅ​ក្នុង​ឋាននុក្រម​នៃ​ព្រះរាជាណាចក្រ​អារ៉ា​ប៊ី ​សាអូឌីត​មិនបាន​ដឹង​អំពីការ​សម្លាប់​នោះ។ ហើយ ​ការ​សម្លាប់​នេះ​ត្រូវ​តែ​មាន​ផលវិបាក»។

រដ្ឋបាល​របស់​លោក​ត្រាំ ​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​អារ៉ាប៊ី ​សាអូឌីត​ចំនួន​១៧​នាក់ ​ក៏ប៉ុន្តែ ​បាន​ប្រឆាំង​នឹង​វិធានការកាន់​តែ​តឹង​តែង​ខ្លាំង​ឡើង​ដើម្បី​ដាក់​ទណ្ឌ​កម្ម​រដ្ឋាភិ បាល​ក្រុង​រីយ៉ាដ ​ដោយ​ប្រធានា​ធិបតី​ត្រាំ​សង្កត់​ពីសារៈ​សំខាន់​ខាង​សេដ្ឋ​កិច្ចនៃ​ការ​លក់​អាវុធរបស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ព្រះរាជាណា​ចក្រ​នោះ។ ​ជំហរ​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សមា​ជិកសភា ​រួមទាំង​សមាជិក​សភា​ខ្លះ​ ដែល​បាន​គាំទ្រ​លោក​យ៉ាង​ខ្លាំងផង។

លោកGraham បាន​និយាយ​ទៀត​ថា «ខ្ញុំ​យល់ថា ប្រធានា​ធិបតី​ត្រាំ​បាន​ផ្តោត​លើទំនាក់​ទំនង​យុទ្ធសាស្រ្ត​រវាង​សហរដ្ឋ​អាមេរិក​និង​អារ៉ាប៊ី ​សាអូឌីត។ អ្វី​ដែល​ខ្ញុំ​មិន​យល់​ស្រប​គឺថា តើការ​បញ្ជានេះ​ឆ្លង​កាត់ព្រះអង្គម្ចាស់រាជ្ជទាយាទឬទេ ​ប្រ​សិន​បើ ព្រះ​អង្គម្ចាស់ប្រាកដបាន​ចូល​ដៃ ​វា​ជា​កំហុស​ដ៏ធំមួយ។ ភាព​គ្រោះ​ថ្នាក់​ដ៏​ខ្លាំង​បំផុត​មួយគឺ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ មិន​គោរព​តម្លៃ​របស់​យើងហើយជា​បទល្មើស​ជាក់​ស្តែង»។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ព្រឹទ្ធសភា​ត្រូវគេ​រំពឹង​ថា នឹង​បោះ​ឆ្នោត​ស្តីពី​ការបញ្ចប់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​យុទ្ធនាការ​ខាង​យោធារ​បស់​ក្រុម​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​អារ៉ាប់ប៊ី ​សាអូឌីត នៅ​ក្នុង​ប្រទេស​យ៉េម៉ែន ​ជាវិធានការ​មួយដែល​មិន​បាន​ទទួល​ការ​អនុម័ត​នៅ​ដើម​ឆ្នាំ​នេះ ក៏ប៉ុន្តែ​ ត្រូវបាន​សើរើ​ពិនិត្យ​មើលឡើង​វិញ​នៅពេល​ដែល​មានការ​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើងដល់​ព្រះរាជា​ណា​ចក្រ​នោះ​នៅរដ្ឋ​សភា Capitol Hill។

លោក Bernie Sanders សមា​ជិក​ព្រឹទ្ធសភា​ឯករាជ្យ​មក​ពី​រដ្ឋVermont ដែល​ជា​សហ អ្នក​និពន្ធសេចក្តី​ព្រាងច្បាប់​នោះ​បាន​និយាយ​ថា «ខ្ញុំ​គិតថា ​យើង​មាន​ការ​គាំទ្រ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។មាន​ការ​យល់​ដឹងកើន​ឡើង​ពី​មហន្ត​រាយ​ខាង​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​យ៉េម៉ែន។​ពលរដ្ឋ​កំពុង​យល់​ដឹង​ពីលក្ខណៈ​ផ្តាច់​ការ​របស់​របប​អារ៉ាប់ប៊ី សាអូឌីត»។

លោក Menendezសមា​ជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា«ភាគី​ទាំង២​មានការរកាំ​ចិត្ត​ខ្លាំង​ឡើង​ពីការ​ខ្វះឆន្ទៈ​របស់​រដ្ឋបាល​ប្រធានា​ធិប​តីត្រាំដើម្បី​ប្រឈម​មុខ​អារ៉ាប់ប៊ី ​សាអូឌីត ជា​ពិសេស​ការ​សម្លាប់​លោក​ Khashoggi ​ក៏ប៉ុន្តែ ​ក៏មាន​ការរកាំ​ចិត្តស្តីពី​បញ្ហា​ប្រទេស​យ៉េម៉ែន​ដែរ។គេ​មិន​អាច​អនុញ្ញាតិ​ឲ្យ​សម្ព័ន្ធ​មិត្ត​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ ដោយ​ពួកគេគ្រាន់ជា​សម្ព័ន្ធមិត្ត​នោះទេ។ហើយ ​ប្រសិន​បើ ​អ្នក ​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដូច្នេះ ​អ្នក​បញ្ជូន​សារសាកល​មួយ​ថា ​អ្នក​អាច​សម្លាប់​មនុស្ស​ដោយមាន​និទណ្ឌភាព»។

ទោះ​ជាយ៉ាង​ណាក៏ដោយ មិនមែនសមាជិក​ព្រឹទ្ធសភា​ទាំងអស់គាំទ្រការ​ដាក់​ទណ្ឌ​កម្ម​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​នោះ​ទេ។

លោក John Kennedy សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​Louisiana បាន​និយាយ​ថា «ខ្ញុំ​គិតថា ​បញ្ហា​ប្រឈម​របស់​យើង​នៅទី​នេះ​គឺ​ថា ​តើ​ត្រូវ​សម្តែង​ការ​រកាំ​ចិត្ត​និងការ​ថ្កោលទោស​របស់​យើងដល់​អារ៉ាប់​ប៊ី ​សាអូឌីត​ដោយ​មិន​កាត់​ផ្តាច់​ទំនាក់​ទំនងនោះ​យ៉ាង​ដូច​ម្តេច។​ប្រធានា​ធិបតី​បាន​និយាយ​ថា ​ឃាតកម្ម​នេះ​ជាការ​ខុស ​យើង​ប្រហែល​មិនបាន​ដឹងពិតប្រាកដ​មួយរយ​ភាគរយថា​នរណា​បញ្ជា​ឲ្យ​នរណា​ឲ្យ​ធ្វើ​ដូច្នេះ ក៏ប៉ុន្តែ ​គឺថា ​អារ៉ា​ប៊ី ​សាអូឌីត ចាំ​បាច់​ទទួល​ខុសត្រូវ។ ហើយ​ ខ្ញុំ​ស្រប​អំពី​ចំណាត់​ការ​នេះ»។

សម្រាប់សមាជិក​សភា​ភាគ​ច្រើន ការ​ចូល​ចិត្ត​របស់​លោក​ត្រាំ​ដើម្បី​និយាយ​សម្រាលឬ​ច្រាន​ចោល​ការ​សន្និដ្ឋាន​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ ​ពី​ការ​សម្លាប់​លោក Khashoggiឬ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ២០១៦ ​ជាការ​ព្រួយ​កង្វល់​ខ្លាំង​មួយ។

លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ម៉ារីឡែននិយាយថា «​សហគមន៍​ស៊ើបការណ៍​សម្ងាត់ចាំបាច់​ផ្តល់ឲ្យ​យើង​នូវ​ការ​ពិត​។តាម​របាយការណ៍​ទាំងអស់ ​របាយ​ការណ៍​របស់​ពួកគេគឺ​ថា ព្រះអង្គ​ម្ចាស់រាជ្ជទា យាទ​នៃ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត មានការ​ទាក់​ទិន​យ៉ាង​ខ្លាំងក្នុង​ការ​សម្រេច​ដើម្បី​ធ្វើ​ឃាត​នរណា​ម្នាក់ ដូច្នេះ ​យើង​ចាំបាច់​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សហ​គមន៍​ស៊ើបការណ៍​សម្ងាត់ ​មិន​ត្រូវ​បានចាប់​បង្ខំ​ដោយ​នយោ​បាយ​របស់​ប្រធានា​ធិបតី​ត្រាំ៕

ប្រែ​សម្រួលដោយ​ជឹង ប៉ូជីន

XS
SM
MD
LG