លោកស្រី Gina Haspel នាយិកាទីភ្នាក់ងារ CIA បានធ្វើសន្និសីទកាសែតដល់សមាជិកសភាអាមេរិកកាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើលោក Jamal Khashoggi ដែលជាអ្នកកាសែតអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមលោក Bob Corker ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក។
សន្និសីទកាសែតនោះបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារ CIA មិនបានចូលរួមជាមួយនឹងលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក James Mattis រដ្ឋមន្ត្រីការពារប្រទេស ក្នុងការថ្លែងទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកអំពីឃាតកម្មលើអ្នកកាសែតរូបនេះ។
លោក Khashoggi ដែលជាអ្នកសរសេរអត្ថបទឲ្យកាសែត Washington Post ក្នុងសហរដ្ឋអាមេរិក និងជាអ្នករិះគន់ដ៏ខ្លាំងក្លាទៅលើព្រះរជ្ជទាយាទMohammed bin Salman ត្រូវបានគេធ្វើឃាតកាលពីខែ តុលា នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី។
កាសែត The Wall Street Journal បានរាយការណ៍ថា ទីភ្នាក់ងារ CIA បានសន្និដ្ឋានថា ឃាតកម្មរបស់លោក ប្រហែលជាត្រូវបានបញ្ជាដោយព្រះរជ្ជទាយាទ Mohammed bin Salman។
ទោះជាមានការសន្និដ្ឋានពីទីភ្នាក់ងារ CIA ក៏ដោយ ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលម្តងហើយម្តងទៀតទៅលើការសន្និដ្ឋាននេះ ដោយហៅការសន្និដ្ឋាននេះថាមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែលោក ត្រាំ បានដាក់ទណ្ឌកម្មចំនួន១៧ទៅលើប្រទេសអារ៉ាប៊ីសាអូឌីតរួចទៅហើយ ចំពោះការចោទប្រកាន់ទៅលើតួនាទីរបស់ប្រទេសនេះក្នុងករណីឃាតកម្មនេះ៕