ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖កងកម្លាំងអ៊ីរ៉ាក់គ្មានឆន្ទៈប្រយុទ្ធ


ផែនទី​បង្ហាញ​ទីតាំង​ដែល​ពួក​រដ្ឋ​អ៊ីស្លាមគ្រប់​គ្រង​ក្រុង Palmyra ក្នុង​ប្រទេស​ស៊ីរី និង​ក្រុង​ Ramadi ប្រទេស​អ៊ីរ៉ាក់។

លោក ​Ashton Carter ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស.រ.អា.​ចាត់​ទុក​ថា​ ​ការ​បាត់បង់​ទីរួមខេត្ត​ Ramadi ​នៅ​ប្រទេស​អ៊ីរ៉ាក់​ធ្លាក់​ទៅ​ក្នុងដៃ​ពួក​រដ្ឋ​ឥស្លាម​កាលពី​សប្តាហ៍​មុន​គឺ​ដោយសារ​កង​កម្លាំង​អ៊ីរ៉ាក់​ខ្វះ​ឆន្ទៈ​ប្រយុទ្ធ។​

សេចក្តី​ពន្យល់​របស់​លោក​ Carter ​ធ្វើឡើង​ក្រោយ​ពី​លោក​បារ៉ាក់អូបាម៉ា ​ប្រធានាធិបតី​ស.រ.អា.​ធ្វើ​ការ​វាយ​តម្លៃ​ថា​ ការ​ប្រយុទ្ធ​ដើម្បី​ធ្វើ​ឲ្យ​ខ្សោយ​និង​កម្ចាត់​ពួករដ្ឋ​ឥស្លាម​ ISIS ​ទាមទារ​ការ​តាំងចិត្ត​ជាច្រើន​ឆ្នាំ។

លោក​ Ashton Carter ​រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ CNN​ កាលពី​ថ្ងៃ​អាទិត្យ​ថា ​កងទ័ព​អ៊ីរ៉ាក់​មិនមែន​មាន​ចំនួន​តិចជាង​ពួក​រដ្ឋឥស្លាម​ទេ ​តែ​តាម​ពិត​មាន​ចំនួនច្រើន​ជាង​យ៉ាង​សម្បើម ​លើស​កម្លាំង​រដ្ឋ​ឥស្លាម។​

លោក​បាន​និយាយ​ថា ​ករណី​នេះ​បាន​នាំឲ្យ​មាន​ចម្ងល់​អំពី​ឆន្ទៈ​របស់​កងទ័ព​អ៊ីរ៉ាក់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​កម្លាំង​រដ្ឋឥស្លាម ​និង​ការការពារ​ខ្លួន​ឯង។ ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ​ ការ​គាំទ្រ ​ការ​ផ្តល់​សម្ភារៈ ​និង​ពេល​វេលាគ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​បង្កើន​ឆន្ទៈ​ប្រយុទ្ធ។​

លោក ​Hakim al-Zamili ​តំណាង​រាស្ត្រ​របស់​ប្រទេស​អ៊ីរ៉ាក់​ ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ AP ​ស្រង់​សម្តី​របស់​លោក​ ដែលនិយាយ​ថា ​សេចក្តី​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ មិនមាន​ភាព​ប្រាកដនិយម​ និង​គ្មាន​មូលដ្ឋាន។​

លោក​ចាត់​ទុក​ថា ​ការ​បាត់បង់​ទីរួមខេត្ត ​Ramadi ​នេះ​គឺ​ដោយសារ​កង្វះ​សម្ភារៈ​ អាវុធ ​និង​ខ្វះ​ការ​គាំទ្រ​តាម​អាកាស។​

តែ​លោក ​Nabeel Khoury ​អ្នក​វិភាគ​អំពី​តំបន់​នេះ​នៅ​សាកល​វិទ្យាល័យ​ Northwestern University ​ស.រ.អា.​និយាយ​ថា ​រដ្ឋបាល​ស.រ.អា.​គួរតែ​ដឹង​យូរ​ហើយ​ថា​ បញ្ហាមួយ​នៃ​បញ្ហា​ធំៗ​បំផុត​ប្រឈមមុខ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​អ៊ីរ៉ាក់​គឺ​អំពើ​ពុករលួយ។​

«អំពើ​ពុករលួយ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើឲ្យ​លុយ​ជា​ច្រើន ​ដែល​ត្រូវ​កំណត់​ថា​ ជា​ថវិកា​សម្រាប់​កងទ័ព​នោះ ​តាមពិត​មិន​បាន​ទៅ​កងទ័ព​ទេ​ ប៉ុន្តែ​បាន​ចូល​ទៅ​ក្នុង​ហោប៉ៅរបស់​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ និង​បាន​ទៅ​ឧត្តម​សេនីយ៍​ក្នុង​ជួរ​កងទ័ព»។​

លោក ​Khoury ​និយាយ​ថា​ បញ្ហា​គឺ​មិនមែន​គ្រាន់តែ​កង​កម្លាំង​បាន​ចុះថយ​ចំនួន​ប៉ុណ្ណោះ​ទេ​ គឺ​រដ្ឋាភិបាល​ក្រុង ​Baghdad ​ថែម​ទាំង​មិន​បាន​ជំរុញឲ្យ​បាន​គ្រប់គ្រាន់​ ​ឲ្យ​កងកម្លាំង​អ៊ីរ៉ាក់​មាន​កម្លាំង​ចិត្តប្រយុទ្ធ​នៅ​ក្នុង​តំបន់​ដែល​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​កាន់​កាប់​នោះ។ ​លោក ​Khoury ​បាន​និយាយ​ថា ​លោក​ជឿ​ថា ​ជាយថា​ហេតុ​ទីរួម​ខេត្ត ​Ramadi ​នឹង​ត្រូវ​ដណ្តើម​បាន​មក​វិញ​ដូចទី​រួម​ខេត្ត ​Tikrit ​ដែរ​ ប៉ុន្តែ​លោក​និយាយ​ថា ​ការ​ប្រើ​កងកម្លាំង​ប៉ារ៉ា​នេះ​បង្ហាញ​ថា ​ កងទ័ព​អ៊ីរ៉ាក់​មិន​មាន​កង​កម្លាំង​ប្រយុទ្ធ​គ្រប់​គ្រាន់​ទេ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី The Atlantic​ កាលពី​សប្តាហ៍​មុន ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ទទួល​ស្គាល់​ថា ​ការ​បាត់បង់​ទីរួមខេត្ត ​Ramadi ​ជា​ការ​ថយក្រោយ​ខាង​កលយុទ្ធ​ ហើយ​លោក​បាន​និយាយ​ថា​ នៅតំបន់​ពួក​អម្បូរ ​Sunni ​ទាមទារ​ឲ្យ​មាន​ការ​បណ្តុះបណ្តាល​ និង​ការ​តាំង​ចិត្ត​ច្រើន​ថែម​ទៀត។​ លោក​បាន​និយាយ​ថា ​លោក​តែងតែ​ទន្ទឹង​ថា​ នឹង​មាន​យុទ្ធនាការ​ច្រើន​ឆ្នាំ​ប្រឆាំង​នឹង​ពួក​រដ្ឋឥស្លាម ​ISIS។ ​លោក ​Josh Earnest ​អ្នក​នាំពាក្យ​សេតវិមាន​បាន​គូស​បញ្ជាក់​អំពី​ទស្សនៈ​នេះ​កាលពី​ថ្ងៃ​សុក្រ។​

«យើង​រំពឹង​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​ ISIS​ នឹង​ចុះ​ខ្សោយ​ទៀត​ពីពេល​នេះ​ទៅ​អនាគត​ បីបួន​ឆ្នាំ​ទៀត។ ​ដូច្នេះ ​យើង​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ជា​បន្ត​នៅ​តំបន់ ​ដែល​យើង​អាច​បង្កើន​ការ​បណ្តុះ​បណ្តាល​ និង​ជំនួយ​ដែល​យើង​នឹង​ផ្តល់​ឲ្យ​ គឺ​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​បន្តលើ​គោលដៅ​ជាច្រើន ​ហើយ​នឹង​ការ​ចូលរួម​របស់​ដៃគូ​ចម្រុះ​របស់​យើង​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។​ កិច្ចការ​នេះ​ទាមទារ​ការ​តាំង​ចិត្ត​ជា​និរន្ត»។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​Carter ​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ស.រ.អា.​មាន​ប្រសិទ្ធភាព ​ហើយ​គ្មាន​អ្វី​ដែល​ស.រ.អា.​អាច​ធ្វើ​បាន​ទេ​ ដើម្បី​ជំនួស​ឆន្ទៈ​របស់​កងអ៊ីរ៉ាក់​ក្នុង​ការ​ប្រយុទ្ធ​នោះ​ទេ៕​

ប្រែសម្រួលដោយ​ពិន ស៊ីសុវណ្ណ​

អត្ថបទ​ទាក់ទង

XS
SM
MD
LG