ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ទ័ព​​ស៊ីរី​វាយប្រហារ​តាម​អាកាស​ទៅលើ​ក្រុម​​​​រដ្ឋ​អ៊ីស្លាមក្នុង​ទីក្រុង Palmyra


ផែនទី​ទីក្រុង​បុរាណ​ Palmyra​ នៃ​ប្រទេស​ស៊ីរី។
ផែនទី​ទីក្រុង​បុរាណ​ Palmyra​ នៃ​ប្រទេស​ស៊ីរី។

ក្រុម​សកម្មជន​និយាយ​ថា​ កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​ការវាយ​ប្រហារ​តាម​អាកាស​យ៉ាង​តិច​ណាស់​ក៏​១៥​លើក​ដែរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ទៅ​លើ​ក្រុមប្រយុទ្ធរដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ទីក្រុង Palmyra ។

អង្គការ​សិទ្ធិ​មនុស្សSyrian Observatory មាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស ​ដែល​បាន​ឃ្លាំ​មើល​អំពើ​ហិង្សា​ក្នុង​ប្រទេស​ស៊ីរី​តាម​រយៈ​បណ្តាញ​មនុស្ស​នៅ​ខាង​ក្នុង​ប្រទេស​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​ទាំង​នេះ​រួម​មាន​អាគារ​ស៊ើបការណ៍​សម្ងាត់​យោធា ​ហើយ​និង​មន្ទីរ​ពេទ្យ​ផង​ដែរ។

ក្រុម​រដ្ឋ​អ៊ីស្លាម​បានកាន់​កាប់​ទីក្រុង​ប្រវត្តិសាស្រ្ត​នោះ​កាល​ពី​សប្តាហ៍​មុន។

អង្គការ​សិទ្ធិ​មនុស្ស Observatory ​បាន​និយាយ​ថា ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​បាន​ប្រហារ​ជីវិត​មនុស្ស​២១៧​នាក់ ​រួមមាន​កូនក្មេង គិលានុបដ្ឋាយិកា​ និង​កងទ័ព​ស៊ីរី​ហើយ​មនុស្ស​ជាង​៦០០​នាក់​ទៀត ត្រូវ​បាន​ក្រុម​នោះ​ចាប់​ធ្វើ​ជា​អ្នក​ទោស។

លោក Rami Abdel Rahman នាយក​អង្គការ​សិទ្ធិ​មនុស្សObservatory ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​បារាំង (AFP) ថា ​មនុស្ស​ខ្លះ​ដែលពួកគេបានប្រហារ​ជីវិត ត្រូវ​បាន​កាត់​ក្បាល ​ហើយ​មនុស្ស​ខ្លះ​ទៀត ​ត្រូវ​បាន​បាញ់ ​ឬ​ចាក់​សម្លាប់។

អង្គការ​សិទ្ធិ​មនុស្ស​ Observatory ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចោទ​ប្រកាន់​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​ឬ​ចាប់​ខ្លួនទាំង​នោះ​ថា ​ជា​ភ្នាក់​ងារ​របស់​របប​ស៊ីរី។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ស៊ីរី​បាន​និយាយ​ថា ​មនុស្ស​ជាង​៤០០​នាក់​ត្រូវ​បាន​សម្លាប់។

បន្ថែម​ពី​មនុស្ស​ដែល​ស្លាប់​ទាំង​នោះ ​វត្ត​មាន​របស់​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុង Palmyra ​បាន​បង្កើន​ការភ័យ​ខ្លាច​ពី​ជោគ​វាសនារបស់​ទីក្រុង​បុរាណ​អ៊ីស្លាម​មាន​ចំណាស់​២០០០​ឆ្នាំ ​ដែល​មាន​ឈ្មោះ​ជា​ទី​កន្លែង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO៕

XS
SM
MD
LG