លោករដ្ឋមន្រ្តីការពារប្រទេសស.រ.អា Ashton Carter បានអញ្ជើញទៅដល់ប្រទេស កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទស្សនកិច្ចមួយ ដោយបានថ្លែងថាកងយោធាស.រ.អាកំពុងប្រុងប្រៀបដាក់រាយគ្រឿងអាវុធថ្មីនៅក្នុងតំបន់ រួមមានយន្តហោះទម្លាក់គ្រាប់បែក stealth និងនាវាចម្បាំងប្រភេទខុសៗគ្នា តែមិនទាន់រៀបចំខ្លួនដើម្បីពិភាក្សាអំពីការដាក់រាយប្រព័ន្ធការពារមួយដោយកាំជ្រួចធុនទំនើបៗទេ។
លោក Carter ថ្លែងថា «យើងកំពុងធ្វើវិនិយោគក្នុងសមត្ថភាពទំនើបៗ ដើម្បីធ្វើឲ្យប្រាកដថា ការវិនិយោគកំពូលថ្មីៗរបស់យើងត្រូវតាក់តែងឲ្យស្របតាមបរិយាកាសសន្តិសុខដ៏ស្វាហាប់ក្នុងតំបន់ ហើយអាចដើរតួនាទីមួយបានក្នុងការការពារសន្តិសុខនៅទីនេះ»។
នៅក្រោយកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក លោក Carter បានប្រាប់សន្និសីទកាសែតមួយនៅថ្ងៃសុក្រនេះថា ការដាក់រាយប្រព័ន្ធកាំជ្រួចការពារតំបន់អាកាសខ្ពស់ដែលហៅថា Terminal High Altitude មិនបានដាក់ក្នុងរបៀបវារៈទេ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់បានចូលដល់ចំណុចមួយ ដែលខ្លួនអាចពិភាក្សាអំពីការដាក់រាយប្រព័ន្ធនេះជាមួយប្រទេសណាមួយក្នុងពិភពលោកនៅឡើយទេ។
លោករដ្ឋមន្រ្តីការពារប្រទេស កូរ៉េខាងត្បូង Han Min-koo បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ប្រទេស កូរ៉េខាងជើងហាក់ដូចជាមិនឃើញប្រុងប្រៀបដើម្បីបាញ់រ៉ូកែតវង់ប្រតិបត្តិការវែង ឬក៏ធ្វើការសាកល្បងនុយក្លេអ៊ែរណាមួយទៀតនៅពេលឆាប់ៗនេះទេ។
លោកថ្លែងថា បច្ចុប្បន្ននេះ យើងមិនឃើញសញ្ញាណាមួយដែលបង្ហាញថា កូរ៉េខាងជើងនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់កាំជ្រួចបន្ថែមណាទៀត នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះទេ។ នេះជាអ្វីដែលយើងមិនអាចបញ្ជាក់បានឡើយ»៕