លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជីប៊ូទី ដែលជាប្រទេសអាហ្វ្រិកតូចមួយនៅប៉ែកខាងកើត ដែលមានមូលដ្ឋានយោធាអាមេរិកតែមួយគត់នៅលើទ្វីបនេះ។ ការឈប់សំចតនេះគឺស្ថិតនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈិមបូព៌ា និង អាហ្វ្រិក។
លោក Mattis បានហៅប្រទេសជីប៊ូទីថាជាប្រទេសមួយដែលមាន«ភូមិសាស្ត្រដ៏សំខាន់»។ នាវាពាណិជ្ជកម្មនិងយោធារាប់សិបធ្វើដំណើរតាមផ្លូវទឹកយុទ្ធសាស្រ្តជារៀងរាល់ថ្ងៃ ហើយកំពង់ផែជ្រៅរបស់ជីប៊ូទីត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹកអាមេរិកនិងបារាំង និងប្រទេសប្រហែល១០ផ្សេងទៀត។ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់។
ក្រៅពីជជែកជាមួយនឹងកងកម្លាំងបារាំងនិងអាមេរិកនៅឯជំរំ Lemonnier កាលពីថ្ងៃអាទិត្យ លោក Mattis ក៏បានជួបជាមួយនឹងប្រធានាធិបតី ជីប៊ូទី និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសផងដែរ។
មូលដ្ឋាននេះមានសារៈសំខាន់សម្រាប់សមយុទ្ធនិងប្រតិបត្តិការអាមេរិកនៅលើទ្វីបនេះ ហើយកងកម្លាំងពិសេសរបស់អាមេរិកប្រើប្រាស់មូលដ្ឋាននេះដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរបស់ក្រុម al-Shabab នៅក្នុងប្រទេសសូម៉ាលី ដែលជាប្រទេសជិតខាងនោះ។ នេះបើយោងតាមសម្តីរបស់ក្រុមមន្ត្រី។
ទស្សនកិច្ចរបស់លោក Mattisទៅកាន់ប្រទេសជីប៊ូទីត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែ បន្ទាប់ពីសេតវិមានបានសម្រេចទៅលើសំណើរបស់ក្រសួងការពារប្រទេសក្នុងការអនុញ្ញាតឲ្យមេបញ្ជាការអាហ្វ្រិកធ្វើការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ al-Shabab នៅក្នុងប្រទេសសូម៉ាលី ដើម្បីគាំទ្រដល់កងកម្លាំងដែលជាដៃគូ៕