ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​ការ​ព្រមាន​របស់​សហរដ្ឋ​អាមេរិក ទទួល​បរាជ័យ


បុរស​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​បរាជ័យ​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។
បុរស​ម្នាក់​ដើរ​កាត់​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​បរាជ័យ​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។

ការ​បាញ់​គ្រាប់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ចេញ​ពី​ទីក្រុង Sinpo កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ទទួល​ការ​បរាជ័យ។

នាយ​អគ្គសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ទេ។

ការ​បាញ់​គ្រាប់​មីស៊ីល​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​ដើរ​ក្បួន​ព្យុះយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។ ដំណើរ​ព្យុះយាត្រា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​កំណើត​ដល់​បិតា​ស្ថាបនិក​ជាតិ​កូរ៉េ​ខាង​ជើង​លោក Kim Il Sung ដែល​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ ១៩៩៤។ ដំណើរ​ព្យុះយាត្រា​នេះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ជា​ការ​បង្ហាញ​កម្លាំង​របស់​រដ្ឋាភិបាល​លោក Kim Jong Un ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jim Mattis បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​យ៉ាង​សង្ខេប​មួយ​ថា៖ «លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump និង​ក្រុម​យោធា​សហរដ្ឋ​អាមេរិក បាន​ដឹង​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល ដែល​មិន​ទទួល​បាន​ជោគជ័យ​របស់​កូរ៉េ​ខាង​ជើង​នេះ។ លោក​ប្រធានាធិបតី​មិន​បាន​បញ្ចេញ​យោបល់​អ្វី​បន្ថែម​ទៀត​នោះ​ទេ‍»។

នៅ​ក្នុង​រយៈពេល​ភ្លាមៗ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​នេះ ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា គ្រាប់​មីស៊ីល​នេះ​បាន​ផ្ទុះ​ស្ទើរតែ​ភ្លាមៗ បន្ទាប់​ពី​បាន​បាញ់​មក។

សេចក្ដី​ប្រកាស​របស់​ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ពេញ​ទំហឹង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នៅ​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ជាពិសេស​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដើម្បី​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ។

ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​មែន​ជា​ប្រភេទ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប ដែល​លោក Trump បាន​ព្រមាន​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​កើត​ឡើង​នោះ​ទេ។ លោក Trump ធ្លាប់​បាន​ព្រមាន​យ៉ាង​ដូច្នេះ ដោយ​ហេតុ​ថា គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​នេះ​ប្រសិន​បើ​សាកល្បង​បាន​ជោគជ័យ នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​វិវត្ត​កាន់​តែ​ជិត​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​សមត្ថភាព​គ្រាប់​ផ្លោង​មីស៊ីល​នុយក្លេអ៊ែរ ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ ដែល​អាច​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG