លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis បញ្ជាក់ឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែលដែលជាមិត្តភ័ក្រ្តនិងសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួននៅក្នុងជំនួបកាលពីថ្ងៃសុក្រជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នៃប្រទេសអ៊ីស្រាអែល។
លោករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Metanyahu បានព្រមព្រៀងគ្នាថា ប្រទេសទាំង២មានសត្រូវរួមគ្នាគឺជនសកម្មប្រយុទ្ធអ៊ីស្លាម ហើយបានសន្យាថា នឹងធ្វើអ្វីៗដើម្បីឲ្យបានសម្រេចនូវសន្តិភាព។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកាំង Mattis បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការណ៍នេះមានសារៈសំខាន់ដែលយើងរំឭកប្រាប់ខ្លួនយើងថា ប្រសិនបើ មនុស្សល្អមិនរួបរួមគ្នាទេ ពួកមនុស្សអាក្រក់អាចធ្វើឲ្យខូចខាតយ៉ាងខ្លាំងនៅក្នុងពិភពលោកនេះ។ ហើយយើងត្រូវតែតាំងចិត្តបញ្ឈប់បញ្ហានេះហើយនឹងធ្វើអ្វីៗដែលចាំបាច់ដើម្បីរក្សាសន្តិភាព និងសេរីភាពនេះដល់មនុស្សជំនាន់ក្រោយ»។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានជួបលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលNetanyahu និងលោក Avigdor Lieberman រដ្ឋមន្រ្តីការពារប្រទេសអ៊ីស្រាអែលនៅក្នុងទីក្រុង Tel Avivបន្ទាប់ពីជួបនៅសប្តាហ៍នេះជាមួយមេដឹកនាំនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអេហ្ស៊ីប។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu បានមានប្រសាសន៍ថា លោកថ្លែងអំណរគុណការផ្លាស់ប្តូរទិសដៅរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu មានប្រសាសន៍ទៀតថា៖ «ខ្ញុំគិតថា នេះជាការផ្លាស់ប្តូរប្រកបដោយការស្វាគមន៍ ការផ្លាស់ប្តូរដ៏សំខាន់របស់មេដឹកនាំអាមេរិកាំង និងគោលនយោបាយអាមេរិកាំង។ យើងមានតម្លៃរួមហើយក៏មានគ្រោះថ្នាក់រួមដែរ»៕