ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា ទីក្រុង Bakhmut របស់​អ៊ុយក្រែន​មាន​គុណតម្លៃ​ផ្នែក​និមិត្តរូប​ជាង​ផ្នែក​យុទ្ធសាស្ត្រ


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ជិះ​រថក្រោះ​នៅ​ខាង​ក្រៅ​ក្រុង Bakhmut ខណៈ​ដែល​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​តំបន់​ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ជិះ​រថក្រោះ​នៅ​ខាង​ក្រៅ​ក្រុង Bakhmut ខណៈ​ដែល​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​តំបន់​ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រសិនបើ​ទាហាន​រុស្ស៊ី​អាច​ដណ្ដើម​ត្រួតត្រា​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​បាន នោះ​វា​មិន​តំណាង​ឱ្យ​ការ​ផ្លាស់ប្ដូរ​ទាំងស្រុង​នៅ​ក្នុង​សង្គ្រាម​នេះ​ទេ។

លោក Austin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​ថា៖ «ខ្ញុំ​គិត​ថា​វា​មាន​គុណ​តម្លៃ​ផ្នែក​និមិត្តរូប​ច្រើន​ជាង​គុណ​តម្លៃ​ផ្នែក​យុទ្ធសាស្ត្រ​និង​ផ្នែក​ប្រតិបត្តិការ»។

ទីក្រុង Bakhmut គឺ​ជា​ទីតាំង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​រុស្ស៊ី​ជំរុញ​ទៅ​មុខ​ដើម្បី​ដណ្ដើម​ត្រួតត្រា​ទីក្រុង​នេះ​នៅ​ក្នុង​ខេត្ត Donetsk របស់​ប្រទេស​អ៊ុយក្រែន។

លោក Austin បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​មិន​យល់​ឃើញ​ថា​ការ​សម្រេច​ចិត្ត​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ផ្លាស់ទី​កងទ័ព​ទៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​នេះ​ថា​ជា​ដំណើរ​បង្អាក់​ផ្នែក​យុទ្ធសាស្ត្រ​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។

ជាង​នេះ​ទៀត នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ យោធា​អ៊ុយក្រែន​បាន​រាយការណ៍​ថា​រុស្ស៊ី​បាន​វាយ​ប្រហារ​ជុំ​ថ្មី​ដោយ​ប្រើ​ដ្រូន​ដែល​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​លើ Twitter ថា កងទ័ព​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ១៣ គ្រឿង​ក្នុង​ចំណោម​ដ្រូន​ទាំង ១៥ គ្រឿង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជុំ​ថ្មី​របស់​រុស្ស៊ី​នោះ។

រុស្ស៊ី​បាន​ប្រើ​ដ្រូន Shahed ដើម្បី​បំបុក​ចំ​គោលដៅ​នៅ​តាម​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផង​ដែរ។

ស្រប​ពេល​នេះ​ដែរ រុស្ស៊ី​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន​លោក Sergei Shoigu បាន​ទៅ​សួរ​សុខទុក្ខ​ទាហាន​រុស្ស៊ី​និង​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Shoigu ទៅ​កាន់​ទីក្រុង Mariupol នេះ​រួម​មាន​ផង​ដែរ​នូវ​ការ​ធ្វើ​ដំណើរ​ទស្សនា​ទីក្រុង​នេះ​ដែល​ត្រូវ​បាន​រុស្ស៊ី​វាយ​កម្ទេច​ចោល​ក្នុង​ពេល​កន្លង​មក ដើម្បី​មើល​ការ​ខុសត្រូវ​លើ​កិច្ច​ប្រឹងប្រែង​កសាង​ទីក្រុង​ឡើង​វិញ។ ក្រសួង​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ Reuters

XS
SM
MD
LG