ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា ​ភាព​តានតឹង​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង Bakhmut «មានតែ​កើនឡើង»


ផ្សែង​ហុយ​ចេញ​ពី​អគារ​មួយ​ដែល​ត្រូវ​ខូចខាត​ដោយ​ការ​វាយប្រហារ​ពី​រុស្ស៊ី នៅ​ក្នុង​ទី​ក្រុង Bakhmut នៃ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
ផ្សែង​ហុយ​ចេញ​ពី​អគារ​មួយ​ដែល​ត្រូវ​ខូចខាត​ដោយ​ការ​វាយប្រហារ​ពី​រុស្ស៊ី នៅ​ក្នុង​ទី​ក្រុង Bakhmut នៃ​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

មន្ត្រី​អ៊ុយក្រែន​បាន​រៀបរាប់​ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ជុំវិញ​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ថា​មាន​ភាព​តានតឹង បើ​ទោះបីជា​ដែនដី​មួយ​ចំនួន​តូច​ត្រូវ​បាន​ផ្លាស់ប្ដូរ​ការ​កាន់កាប់​រវាង​កងទ័ព​រុស្ស៊ី​និង​កងទ័ព​អ៊ុយក្រែន​ក៏ដោយ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​យប់​ថ្ងៃ​អង្គារ​ថា៖ «ស្ថានការណ៍​ពិបាក​បំផុត​គឺ​នៅតែ​ស្ថិត​នៅ​ទីក្រុង Bakhmut និង​សមរភូមិ​ដែល​សំខាន់​សម្រាប់​ការ​ការពារ​ទីក្រុង​នេះ។ រុស្ស៊ី​មិន​បាន​យកចិត្ត​ទុកដាក់​នឹងកងទ័ព​នោះ​ទេ ដោយ​បញ្ជូន​ពួកគេ​ឱ្យ​មក​វាយ​សង្គ្រប់​លើ​ទីតាំង​របស់​ពួក​យើង​ជានិច្ច។ ភាព​តានតឹង​នៃ​ការ​ប្រយុទ្ធ​គ្នា​គឺ​មាន​តែ​កើនឡើង»។

លោក Zelenskyy បាន​និយាយ​ថា មេបញ្ជាការ​អ៊ុយក្រែន​ទទួល​បន្ទុក​កិច្ចការ​ការពារ​ទីក្រុង Bakhmut លោក​ឧត្តមសេនីយ៍​ឯក​ Oleksandr Syrskyi បាន​រាយការណ៍​ថា កងទ័ព​រុស្ស៊ី ៨០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នោះ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​មក។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក Syrskyi បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ​ថា៖ «ទោះបីជា​ស្លាប់​ទាហាន​ច្រើនគួរសម​ក៏ដោយ ក៏​សត្រូវ​បាន​បញ្ជូន​កង​វាយ​ប្រហារ Wagner របស់​ខ្លួន​ដែល​មាន​ការ​ហ្វឹកហាត់​បាន​ល្អ​ទៅ​ព្យាយាម​បំបែក​ការ​ការពារ​របស់​កងទ័ព​របស់​យើង​និង​ហ៊ុមព័ទ្ធ​ទីក្រុង»។

លោក Syrskyi លើកឡើង​ដូច្នេះ​ចង់​សំដៅ​ដល់​ក្រុម Wagner Group ដែល​ជា​កង​ទាហាន​ស៊ីឈ្នួលរបស់​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​អម​នឹង​កងទ័ព​រុស្ស៊ី។

រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទីក្រុង Bakhmut ផង​ដែរ។ ទីក្រុង​ដែល​រង​ការ​ខូចខាត​នេះ​ពី​មុន​ធ្លាប់​មាន​ប្រជាជន​ប្រហែល​៧៥.០០០ នាក់​រស់នៅ។

ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​បាន​ផ្ដោត​លើ​ក្រុង​និង​ភូមិ​នានា​នៅ​ជុំវិញ​ទីក្រុង Bakhmut ដោយ​រុស្ស៊ី​ប៉ុនប៉ង​ហ៊ុមព័ទ្ធ​ទីក្រុង​នេះ​ដើម្បី​កាត់ផ្ដាច់​ផ្លូវ​ផ្គត់ផ្គង់​របស់​អ៊ុយក្រែន បើ​ទោះបីជា​ការ​ប្រយុទ្ធ​គ្នា​មួយ​ចំនួន​បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ផ្ទាល់​ក៏ដោយ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP , AFP និង​ Reuters។

XS
SM
MD
LG