មន្ត្រីយោធាអ៊ុយក្រែនមួយរូបបានរៀបរាប់អំពីស្ថានការណ៍នៅជុំវិញទីក្រុង Bakhmut ថាមាន «ភាពតានតឹងខ្លាំងបំផុត» នៅថ្ងៃអង្គារនេះ ដោយបានលើកឡើងពីតំបន់មួយដែលជាកន្លែងវាយប្រយុទ្ធគ្នាខ្លាំងក្លារវាងកងទ័ពអ៊ុយក្រែននិងកងទ័ពរុស្ស៊ីនៅក្នុងខេត្ត Donetsk នៃប្រទេសអ៊ុយក្រែន។
លោក Oleksandr Syrskyi មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញថា៖ «ទោះបីជាខូចខាតកម្លាំងច្រើនគួរសមក៏ដោយ ក៏សត្រូវបានបញ្ជូនកងវាយប្រហារ Wagner របស់ខ្លួនដែលមានការហ្វឹកហាត់បានល្អទៅព្យាយាមបំបែកការការពាររបស់កងទ័ពរបស់យើងនិងហ៊ុំព័ទ្ធទីក្រុង»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា ស្ថានការណ៍នៅក្នុងទីក្រុង Bakhmut «គឺកាន់តែស្មុគស្មាញទៅៗ»។
លោកបាននិយាយថា កងទ័ពរុស្ស៊ីកំពុង «បំផ្លាញដោយមិនបង្អង់ដៃនូវអ្វីៗដែលអាចប្រើបានដើម្បីការពារទីតាំងរបស់យើង»។
រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងទីក្រុង Bakhmut ផងដែរ។ ទីក្រុងដែលរងការខូចខាតនេះពីមុនធ្លាប់មានប្រជាជនប្រហែល ៧៥.០០០ នាក់រស់នៅ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងទ័ពរុស្ស៊ីមានដំណើរវិវឌ្ឍទៅមុខមួយចំនួនពីភាគខាងជើងនិងខាងត្បូង នៅពេលដែលពួកគេព្យាយាមហ៊ុំព័ទ្ធទីក្រុង Bakhmut និងកាត់ផ្ដាច់មិនឱ្យមានកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុងនោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។