ក្រុមអាជ្ញាធរអ៊ុយក្រែននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់មីស៊ីលមួយគ្រាប់របស់រុស្ស៊ី បានបាញ់ចំអគារលំនៅដ្ឋានមួយកន្លែង ក្នុងទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ ៣ នាក់ដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះសារលើបណ្តាញតេឡេក្រាមថា គ្រាប់មីស៊ីលនោះ បានបំផ្លាញអគារលំនៅដ្ឋាននេះអស់ ៣ជាន់ ហើយសកម្មភាពជួយសង្គ្រោះកំពុងបន្តធ្វើឡើង។
លោក Zelenskyy និយាយក្នុងសារបង្ហោះនោះទៀតថា៖ «រដ្ឋភេរវកម្មរុស្ស៊ី ចង់ប្រែក្លាយគ្រប់ថ្ងៃទាំងអស់ឱ្យទៅជាថ្ងៃភ័យរន្ធត់សម្រាប់ពលរដ្ឋយើង។ យើងនឹងបណ្តេញពួកគេចេញ ហើយពួកគេនឹងត្រូវដាក់ឱ្យទទួលខុសត្រូវនូវអំពើគ្រប់យ៉ាងរបស់គេ»។
យោធាអ៊ុយក្រែន រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បន្តរុលទៅមុខនិងវាយប្រហារលើទីក្រុង Bakhmut ជាកន្លែងដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងអស់ពេលរាប់ខែមកហើយ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា រដ្ឋាភិបាលក្រុងកៀវ បានបញ្ជូនកម្លាំងបន្ថែមទៅកាន់ក្រុង Bakhmut បើទោះបីជាកម្លាំងរុស្ស៊ីបានពង្រឹងទីតាំងឈរជើងរបស់គេជាបណ្តើរៗក្តី។
លោកស្រីមិនបាននិយាយទេថា តើអ៊ុយក្រែនបានបញ្ជូនកម្លាំងបន្ថែមប៉ុន្មានទៅទីនោះ ហើយតើកម្លាំងទាំងនោះនឹងត្រូវប្រើប្រាស់ក្នុងរបៀបណា ឬមួយប្រយុទ្ធដើម្បីការពារទីក្រុងនេះ ឬផ្តល់ការគាំទ្រផ្នែកភស្តុភា ប្រសិនបើអ៊ុយក្រែនត្រូវសម្រេចចិត្តដកថយពីទីក្រុងនេះ៕