ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​និង​ចិន​ទទួល​ស្គាល់​ថាទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​មាន​សារៈ​សំខាន់​សម្រាប់​ពិភព​លោក​ទាំង​មូល


រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន​ លោក Wei Fenghe (ឆ្វេង) និង​លោក Jim Mattis រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក ដើរ​ពី​មុខ​សន្តិសុខ​កិត្តិយស​ក្នុង​ពិធី​ស្វាគមន៍​នៅ​អាគារ Bayi ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​​ថ្ងៃទី​២៧ មិថុនា ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​លោក​ James Mattis ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន ​និង​ប្រធានាធិបតី​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ពុធ​នេះ ​ស្រប​ពេល​ដែល​ភាព​តាន​តឹង​ផ្នែក​ការទូត ផ្នែក​យោធា និង​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​កើន​ឡើង។

លោក ​Mattis បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ​Wei Fenghe ថា ទំនាក់​ទំនង​យោធា​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លោក​ទន្ទឹង​រង់ចាំ ​«ពិភាក្សា​ដោយ​បើក​ចំហ និង​ស្មោះត្រង់» ជាមួយ​នឹង​លោក Wei Fenghe។

នៅ​ក្នុង​ជំនួប​របស់​លោក ​Mattis ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ​លោក​ Xi Jinping បាន​ប្រាប់​លោក ​Mattis ​ថា ប្រសិន​បើ​ប្រទេស​ទាំង​ពីរ​អាច​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ​នោះ​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​សន្តិភាព​ ស្ថិរភាព និង​វិបុលភាព​នៅ​ទូទាំង​ពិភពលោក ដោយសារ​តែ​«ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ជា​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​មាន​សារៈ​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភព​លោក»។

លោក ​Mattisបាន​ឆ្លើយ​តប​ទៅ​នឹង​លោក​ Xi Jinping វិញ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន ហើយ​យើង​បាន​ផ្ដល់​សារៈ​សំខាន់​ខ្លាំង​ដូច​គ្នា​ដល់​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ ដូច​ដែល​លោក​បាន​លើក​ឡើង​ដូច្នេះ»។

លោក Mattis បាន​និយាយ​បន្ត​ទៀត​ថា៖ «នេះ​គឺ​ជា​ពេលវេលា​ដ៏​មាន​សារៈ​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន និង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រសើរ​ទៅ​មុខ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក Mattisទៅ​កាន់​ប្រទេស​ចិន​នេះ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ការ​ខឹង​សម្បា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ នៅ​ក្នុង​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​របស់​ចិន និង​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើន​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG