ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីសហរដ្ឋ​​អាមេរិក​ពិភាក្សា​ផ្អាកការហ្វឹកហាត់​យោធា​នៅ​ឧបទ្វីប​កូរ៉េ


ការ​ហ្វឹកហាត់​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង។
ការ​ហ្វឹកហាត់​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង។

​មន្ត្រី​ជាន់ខ្ពស់​របស់​ស.រ.អា.បានប្រជុំ​គ្នា​កាលពី​ថ្ងៃ​សុក្រដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ផ្អាក​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​ស.រ.អា.និង​ប្រទេសកូរ៉េខាង​ត្បូង​បានធ្វើ​ច្រើន​ទសវត្សរ៍​មក​ហើយ​ ក៏​ប៉ុន្តែ​បានត្រូវ​លុប​ចោលនៅ​ក្រោយ​ជំនួប​កំពូល​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​កាលពីពេលមុននេះក្នុង​ខែ​នេះ​រវាង​លោកប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un។

សេចក្តី​ថ្លែង​ការណ៍​មួយរបស់ក្រសួង​ការពារ​ប្រទេស​ស.រ.អា.បាននិយាយថា​លោករដ្ឋមន្ត្រីការពារ​ប្រទេស​ស.រ.អា. James Mattis, លោករដ្ឋមន្ត្រី​ការបរទេស Mike Pompeo លោក Joe Dunford ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ស.រ.អា.និង​លោក John Bolton ជំនួយការ​ប្រធានាធិបតីសម្រាប់​សន្តិសុខ​ជាតិ​បានពិភាក្សា​គ្នា​អំពី «កិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​អនុវត្ត​លទ្ធផល» នៃ​ជំនួបកំពូលនោះ។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកស្រី​ Dana White អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​ពារ​ប្រទេស​ស.រ.អា.បានចែង​ថា​សមយុទ្ធ​ដែល​បានត្រូវផ្អាក​មានរួម​បញ្ចូល «សមយុទ្ធFreedom Guardian និង​សមយុទ្ធ​ហ្វឹកហ្វឺន​នៃ​កម្មវិធី​ប្តូរ​គ្នា​របស់​ក្រុម​ទាហាន​ Marine កូរ៉េដែល​ប្រព្រឹត្តទៅ​បី​ខែ​ខាង​មុខនេះ»។

សមយុទ្ធ​ Freedom Guardian ដែល​តាមធម្មតា​ធ្វើឡើង​ក្នុង​ខែ​សីហា មានការ​ចូល​រួម​ពី​សំណាក់​ទាហាន​អាមេរិកាំង​៣,០០០នាក់​មក​ពី​ប្រទេស​ក្រៅ​និង​មានទាហាន​កូរ៉េខាង​ត្បូង ៥០,០០០នាក់ ផង​ដែរ។

នៅ​ក្នុង​ជំនួប​កំពូលក្នុង​ប្រទេស​សិង្ហបូរី លោក Trump បាននិយាយ​ថា​លោកនឹង​លុបចោល «សមយុទ្ធ» ដែល​លោកបានថ្លែង​ថា​អស់​សោហ៊ុយ​ច្រើននិងជា «ការ​បង្ក​រឿង» ផង​ដែរ។ លោកប្រធានាធិបតី​បាននិយាយ​ថា​លោក​ចង់​ធ្វើដូចនេះ​ជា​ការបង្ហាញសុឆន្ទៈមួយ​និងជា​ការ​ឆ្លើយតបដល់​ការ​សន្យា​របស់កូរ៉េខាង​ជើង​ថា​នឹង​ធ្វើ​មិនឱ្យមាន​អាវុធនុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីបកូរ៉េ ការបន្ត​ផ្អាក​ការគំរាម​កំហែង​នុយក្លេអ៊ែរ​និង​កាំជ្រួច​ផ្លោងមីស៊ីល​និងការ​បិទ​កន្លែង​ពិសោធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​កាលពី​ពេល​ថ្មីៗនេះ។​

ជា​យូរយារ​មក​ហើយ​ប្រទេសកូរ៉េខាង​ជើង​បានអំពាវនាវ​ឱ្យមាន​ការ​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​ទាំង​នោះដែល​ប្រទេសនេះ​និយាយ​ថា​ជា «ការ​ហាត់សម​ធ្វើសង្គ្រាម» សម្រាប់​ធ្វើការ​វាយ​លុក៕

XS
SM
MD
LG