ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំហរ​តឹងតែង​របស់​ស.រ.អា.​ក្នុង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​អាច​មាន​លទ្ធផល​បញ្ច្រាស់​មក​វិញ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាន់​ឯកសារ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​លើ​កោះ Sentosa Island ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាន់​ឯកសារ​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​លើ​កោះ Sentosa Island ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

អ្នក​វិភាគ​នានា​អះអាង​ថា ការណ៍​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ចង់​ឲ្យ​ដំណើរការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​វិវឌ្ឍ​ទៅ​មុខ​ឆាប់​រហ័ស អាច​ទទួល​បាន​លទ្ធផល​ផ្ទុយ​ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន។ ពួកគេ​បាន​បន្ថែម​ទៀត​ថា លោក  Trump ចង់​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ឆាប់​ដូច​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឬ​ក៏​ជួយ​ឲ្យ​លោក​អាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០។

ការ​ទទូច​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​សម្ពាធ​នយោបាយ​កំពុងតែ​កើន​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នេះ​វិវត្តន៍​ទៅ​មុខ​កាន់តែ​ឆាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

អ្នកស្រី Rebecca Hersman ដែល​ជា​ប្រធាន​គម្រោង​បញ្ហា​នុយក្លេអ៊ែរ និង​ជា​ទី​ប្រឹក្សា​ផ្នែក​សន្តិសុខ​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «តាម​ពិត វិធានការ​នេះ​បង្កើត​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ផ្ទុយ​មក​វិញ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ទំហំ និង​ការ​ប៉ាន់​ប្រមាណ​លើ​បញ្ហា​នេះ»។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​កាល​ពី​ពេល​ថ្មី​នេះ​នៅ​ក្នុង​អំឡុង​ពេល​វេទិកា​របស់​អង្គការ CSIS ដែល​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ជំនួប​កំពូល​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

ការ​ប្ដេជ្ញា​មិន​ច្បាស់លាស់

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​បញ្ជាក់​អះអាង​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​លោក​ចំពោះ​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ នៅ​ពេល​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ពេល​ថ្មីៗ​នេះ។

ទាំង​សហរដ្ឋ​អាមេរិក ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ទាំង​ប្រទេស​ជប៉ុន​សុទ្ធតែ​បាន​បកស្រាយ​ការ​ប្ដេជ្ញា​របស់​លោក Kim Jong Un ថា​ជា​ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​មិន​អាច​កែប្រែ​បាន និង​អាច​ផ្ទៀងផ្ទាត់​បាន។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោកស្រី Kang Kyung Wha បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា៖ «ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​គឺ​ជា​គោល​បំណង​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច។ ខ្ញុំ​គិត​ថា ការណ៍​ដែល​អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​កែប្រែ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នេះ​គឺ​ជា​វិធីសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​គោល​បំណង​នេះ។ ដូច្នេះ កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ​វិធី​ពន្យល់​អំពី​វិធីសាស្ត្រ​នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នេះ»។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​បាន​សច្ចា​ផង​ដែរ​ថា​នឹង​នៅ​រក្សា​ការ​ដាក់​សម្ពាធ​អន្តរជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​រហូត​ទាល់តែ​មាន «ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដ៏​សំខាន់» មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​គោល​បំណង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នេះ។

ផ្ទុយ​មក​វិញ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់​បាន​នូវ​វិធានការ​មួយ​ជំហាន​ម្ដងៗ​ដែល​ភ្ជាប់​ការ​ធ្វើ​សម្បទាន​ទៅ​នឹង​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​បន្តិច​ម្ដងៗ។

សម្ពាធ​នយោបាយ

វិធីសាស្ត្រ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​មិន​អាច​កែប្រែ​បាន និង​អាច​ផ្ទៀងផ្ទាត់​បាន​នេះ ទំនង​ជា​មាន​លក្ខណៈ​ទូលំទូលាយ ប៉ុន្តែ​សម្ពាធ​នយោបាយ​អាច​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​កំណត់​អំពី​ភាព​ជោគជ័យ​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​កម្រិត ដើម្បី​ទទួល​បាន​នូវ​ជ័យជម្នះ​ដ៏​រំជើបរំជួល​មួយ។

ការ​កំណត់​ភាព​ជោគជ័យ​នេះ​ប្រហែល​ជា​ធ្វើ​ឡើង​តាម​រយៈ​ការ​លុប​បំបាត់​ចំនួន​កំណត់​មួយ​ចំនួន​នៃ​អាវុធ​នុយក្លេអ៊ែរ និង​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​កន្លង​មក ដែល​ចំនួន​នេះ​មិន​ស្មើ​នឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដែល​មិន​បាន​បង្ហាញ​ឡើង​នោះ​ទេ។

លោក Moon Chung In ទីប្រឹក្សា​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា៖ «ប្រសិនបើ​ប្រទេស​កូរ៉េ​ខាង​ជើង​លះបង់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ នោះ​ខ្ញុំ​ជឿ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​មាន​លទ្ធភាព​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដើម្បី​ដក​ទណ្ឌកម្ម ឬ​ក៏​លុប​ចោល​ទណ្ឌកម្ម​មួយ​ចំនួន​ដែល​ដាក់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​កន្លង​មក»។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ឆាប់ ដែល​ករណី​នេះ​អាច​ជួយ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឬ​ក៏​ជួយ​ឲ្យ​លោក​អាច​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០។

រដ្ឋាភិបាល​របស់​លោក Kim Jong Un ក៏​ចង់​បាន​ផង​ដែរ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្ដី​សម្រេច​មួយ​ឲ្យ​បាន​ឆាប់​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​តឹងតែង​នានា​ដែល​បាន​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​ចំនួន ៩០ ភាគរយ។

ដំណើរ​ការ​មួយ​ជំហាន​ម្ដងៗ​ប្រហែល​ជា​អាច​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​បន្តិច​ម្ដងៗ​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​មិន​សូវ​រំជើបរំជួល​មួយ ប៉ុន្តែ​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ការ​ទទួល​ខុស​ត្រូវ​រហូត​ទាល់តែ​មាន​ការ​ធានា​ថា ប្រទេស​នេះ​គោរព​តាម​ដំណើរការ​នេះ។

អ្នកស្រី Rebecca Hersman ទី​ប្រឹក្សា​របស់​អង្គការ CSIS ដែល​ធ្លាប់​បាន​ធ្វើ​ការ​លើ​ផ្នែក​ប្រឆាំង​នឹង​អាវុធ​ប្រល័យ​លោក​នៃ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ក្នុង​សម័យ​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​មើល​លើ​ដំណើរការ​មួយ​ជំហាន​ម្ដងៗ​នេះ និង​ចង់​និយាយ​ថា ខ្ញុំ​មិន​ទុក​ចិត្ត​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ។ ខ្ញុំ​ចង់​កាត់​បន្ថយ​ហានិភ័យ​នោះ។ ខ្ញុំ​ចង់​កាត់​បន្ថយ​អ្វី​ដែល​កូរ៉េ​ខាង​ជើង​ធ្វើ​ចំពោះ​សហរដ្ឋ​អាមេរិក និង​ចំពោះ​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ហើយ​ខ្ញុំ​នឹង​មិន​ជឿ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ រហូត​ទាល់តែ​ខ្ញុំ​អាច​ជឿ​ថា ស្ថានការណ៍​នយោបាយ​សំខាន់ៗ និង​ស្ថានភាព​នៃ​របប​ដឹកនាំ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ផ្លាស់ប្ដូរ»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo មាន​គម្រោង​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ» ដើម្បី «អនុវត្ត​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២១ ខែ​មិថុនា។

អ្នក​វិភាគ​ភាគ​ច្រើន​រំពឹង​ថា ការ​ពិភាក្សា​ជុំ​បន្ទាប់​នឹង​បង្កើត​ឲ្យ​មាន​គម្រោង​លម្អិត​មួយ​ដើម្បី​សម្រេច​ទៅ​លើ​ការ​ប្រកាស​ដោយ​មិន​ច្បាស់លាស់​អំពី​គោល​បំណង​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​អាវុធ វត្ថុធាតុដើម បច្ចេកវិទ្យា និង​រោងចក្រ​ផលិត​នុយក្លេអ៊ែរ ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

គេ​បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល​ពី ២០ ទៅ ៦០ គ្រាប់ និង​គ្រាប់​ផ្លោង​មីស៊ីល​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ដែល​ទំនងជា​អាច​វាយ​ប្រហារ​លើ​ដែនដី​សហរដ្ឋ​អាមេរិក​បាន​ផង​ដែរ ក៏​ដូចជា​មន្ទីរ​ពិសោធន៍ និង​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​លួចលាក់​ប្រហែល​ពី ៤០ ទៅ ១០០​កន្លែង​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ RAND Corporation។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​មិថុនា​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បំផ្ទុះ​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ធំៗ​របស់​ខ្លួន​ចំនួន ៤ កន្លែង​រួច​ហើយ ហើយ «ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ» បាន​ចាប់ផ្ដើម​ដំណើរការ​ហើយ។

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Jim Mattis បាន​និយាយ​ថា លោក «មិន​បាន​ដឹង» អំពី​វិធានការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ពេល​នេះ​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត អង្គការ 38 North ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​តាមដាន​លើ​កិច្ចការ​កូរ៉េ​ខាង​ជើង ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិន​មាន​សញ្ញា​នៃ​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឡើង​សំដៅ​ឆ្ពោះ​ទៅ​ការ​លុប​បំបាត់​កន្លែង​សាកល្បង​មីស៊ីល​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG