ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន


លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Jim Mattis ឡើង​យន្តហោះ​របស់​លោក​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Jim Mattis ឡើង​យន្តហោះ​របស់​លោក​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក ​James Mattis បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រិះរក​មធ្យោបាយ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ស្រប​ពេល​ដែល​ភាព​តានតឹង​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​កំពុង​កើន​ឡើង។

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងតែ​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងតែ​រីក​រាលដាល​ឡើង និង​ស្រប​ពេល​ដែល​ក្រសួង​ការពារ​ប្រទេស​អាមេរិក​មាន​ការ​បារម្ភ​អំពី​ការ​ដំឡើង​អាវុធ​យោធា​របស់​ចិន​នៅ​លើ​កោះ​ដែល​មាន​ជម្លោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង លោក ​Mattis​ បាន​និយាយ​ថា លោក​នឹង​ស្វែង​រក​ចំណុច​ណា​ដែល​ភាគី​ទាំង​ពីរ​មាន​ផល​ប្រយោជន៍​រួម​គ្នា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះ​បញ្ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​ដែរ។

លោក ​Mattis​ គ្រោង​នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ​Wei Fenghe ​ជា​លើក​ដំបូង​បង្អស់ ក៏​ដូចជា​ជួប​ជាមួយ​នឹង​មន្ត្រី​កំពូលៗ​ផ្សេង​ទៀត ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Mattis​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក ​Ren Guoqiang បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​គួរតែ ​«ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​យោធា​ទ្វេភាគី​ក្លាយជា​កត្តា​ស្ថិរភាព​សំខាន់​មួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ»។

លោក ​Mattis​ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន​ផង​ដែរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​ខាង​កើត​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​មន្ត្រី​ចិន​គឺ​ផ្ដោត​តែ​លើ​ទំនាក់ទំនង​រវាង​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG