ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិន​ទាន់​មាន​សញ្ញា​ណា​មួយ​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅ​ឡើយ​ទេ


រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​លោក Jim Mattis ញញឹម​ទៅកាន់ស​មាជិក​ម្នាក់​នៃ​កងទាហាន​អាល្លឺម៉ង់​ខណ​ដែល​លោក​ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្នុង​ទីក្រុង​ Pentagon កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៨។
រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​លោក Jim Mattis ញញឹម​ទៅកាន់ស​មាជិក​ម្នាក់​នៃ​កងទាហាន​អាល្លឺម៉ង់​ខណ​ដែល​លោក​ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្នុង​ទីក្រុង​ Pentagon កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៨។

មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អះអាង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បង្ក​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​តទៅ​ទៀត​នោះ មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប​របស់​លោក​បាន​រំឭក​ថា​មិន​ទាន់​ឃើញ​មាន​សញ្ញា​ថ្មី​ណា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អនុវត្ត​នូវ​វិធានការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jim Mattis បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ថា៖ «ខ្ញុំ​មិន​រំពឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ពេល​នេះ​នោះ​ទេ។ តាម​ពិត យើង​កំពុងតែ​នៅ​ដំណាក់កាល​ដើម​ដំបូង​បង្អស់​នៃ​ដំណើរការ​នេះ។ ការ​ចរចា​លំអិត​មិន​ទាន់​បាន​ចាប់ផ្ដើម​នៅ​ឡើយ​ទេ»។

លោក Trump បាន​ប្រកាស​ថា ការ​គំរាមកំហែង​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា​កន្លង​ទៅ​នេះ​រួច​ហើយ។ លោក​បាន​ប្រកាស​ដូច​នេះ បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី ១២ ខែ​មិថុនា​រួច​មក។

លោក Trump បាន​សរសេរ​នៅ​លើ Twitter បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក Kim Jong Un វិញ​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ មនុស្ស​គ្រប់​គ្នា​អាច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​ច្រើន​ជាង​ថ្ងៃ​ដែល​ខ្ញុំ​ចូល​កាន់​តំណែង​ដំបូង។ មិន​មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ទៀត​ទេ។ ការ​ប្រជុំ​ជាមួយ​នឹង​លោក Kim Jong Un គឺ​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​វិជ្ជមាន​មួយ។ ប្រទេស​កូរ៉េ​ខាង​ជើង​មាន​សក្ដានុពល​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត»។

ប៉ុន្តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ព្រមាន​ថា ទណ្ឌកម្ម​តឹងតែង​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​នៅ​ដដែល រហូត​ទាល់តែ​សហរដ្ឋ​អាមេរិក​អាច​ផ្ទៀងផ្ទាត់​បាន​នូវ «ការ​លុប​បំបាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ» របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕

XS
SM
MD
LG