សហរដ្ឋអាមេរិក បានបញ្ឈប់ការចូលរួមរបស់ប្រទេសតួកគីនៅក្នុងកម្មវិធីយន្តហោះចំបាំងF-35។ ការសម្រេចនេះ បានប្រកាសកាលពីថ្ងៃពុធកន្លងទៅនេះជាការឆ្លើយតបដល់តួកគីដែលបានទិញប្រព័ន្ធការពារមីស៊ីលS-400 របស់រុស្ស៊ី។ សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសុខចិត្តរបស់តួកគីក្នុងការទទួលយកប្រព័ន្ធការពារមីស៊ីល F-400 ធ្វើឲ្យអន្តរាយការសន្យារបស់ខ្លួនដល់អង្គការអូតង់។ ប៉ុន្តែ ពួកមន្រ្តីសហរដ្ឋអាមេរិក ក៏បាននិយាយដែរថា តួកគី នៅតែជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់មួយហើយថា កិច្ចសហប្រតិបត្តិការសន្តិសុខនឹងបន្តទៅមុខ។
ការប្រកាសរបស់សេតវិមាន កើតមានឡើងទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីការដឹកជញ្ជូនប្រព័ន្ធការពារមីស៊ីលS-400លើកដំបូងបានទៅដល់ប្រទេសតួកគី។ ផ្នែកនៃប្រព័ន្ធការពារកាំជ្រួចរបស់រុស្ស៊ី បានត្រូវដឹកតាមយន្តហោះចូលទៅក្នុងមូលដ្ឋានយោធាមួយកន្លែងនៅជិតរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីកាលពីថ្ងៃសុក្រ សប្តាហ៍មុនជាកិច្ចព្រមព្រៀងមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជំទាស់ប្រឆាំង។
ក្រុមមន្រ្តីក្រសួងការពារប្រទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានព្រមានប្រទេសតួកគីសមាជិករបស់អង្គការអូតង់ពីផលវិបាកនានា។លោកស្រី Ellen M. Lord អនុរដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក បានថ្លែងថា៖
«ការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់តួកគី មិនស្របទៅតាមការសន្យារបស់ខ្លួនចំពោះអង្គការអូតង់ហើយនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចប្រតិបត្តិការរួមគ្នារបស់តួកគីជាមួយសម្ព័ន្ធមិត្ត»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានស្តីបន្ទោសកាលពីថ្ងៃអង្គារលើរដ្ឋបាលសហរដ្ឋអាមេរិកមុនៗថា មិនបានលក់មីស៊ីលឲ្យតួកគីដោយបង្ខំឲ្យតួកគីដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកនេះទៅទិញអាវុធពីកន្លែងផ្សេងវិញ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានថ្លែងថា៖ «វាជាស្ថានភាពដ៏លំបាកបំផុតមួយសម្រាប់តួកគី ហើយវាក៏ជាស្ថានភាពដ៏លំបាកបំផុតមួយសម្រាប់យើងនៅក្នុងសហរដ្ឋអាមេរិកដែរ»។
តួកគីជាអ្នករួមវិភាគទានហិរញ្ញវត្ថុដល់កម្មវិធីអភិវឌ្ឍន៍យន្តហោះចំបាំងF-35។ គ្រឿងបម្លាស់ខ្លះសម្រាប់យន្តហោះនោះ បានត្រូវផលិតនៅក្នុងប្រទេសតួកគី ហើយអ្នកបើកបរយន្តហោះតួកគី បានស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីរៀនពីការបើកយន្តហោះនោះ។ កម្មវិធីទាំងនេះ ឥឡូវនេះ ត្រូវបានបញ្ចប់នៅពេលមានការព្រួយកង្វល់ថាប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ីក្នុងប្រទេសតួកគី នឹងអាចឲ្យអ្នកបច្ចេកវិទ្យារុស្ស៊ីប្រមូលព័ត៌មានសម្ងាត់ស្តីពីប្រព័ន្ធបច្ចេកវិទ្យាយន្តហោះជឿនលឿនរបស់សហរដ្ឋអាមេរិក។
លោក David Trachtenberg អនុរដ្ឋមន្រ្តីការពារប្រទេសអាមេរិកទទួលបន្ទុកគោលនយោបាយបានថ្លែងថា៖ «ខណៈដែលការសម្រេចរបស់តួកគី ជារឿងអកុសល ការធ្វើឲ្យប្រាកដថាសន្តិសុខនិងសេចក្តីសុចរិតនៃកម្មវិធីនិងសមត្ថភាព យន្តហោះចំបាំង F-35 ដែលនឹងផ្តល់ឲ្យដៃគូរបស់ខ្លួននៅតែអាទិភាពកំពូលរបស់យើង»។
គេក៏មានការព្រួយកង្វល់ផងដែរថា កិច្ចព្រមព្រៀងរបស់តួកគីជាមួយរុស្ស៊ី អាចធ្វើឲ្យអន្តរាយកម្លាំងនិងសាមគ្គីភាពរបស់សម្ព័ន្ធភាពយោធាមហាសមុទ្រAtlantic ខាងជើងឬអង្គការអូតង់។ ក្រុមមន្រ្តីក្រសួងការពារប្រទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធថា តួកគី នៅតែសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនិងអង្គការអូតង់។លោកDavid Trachtenbergអនុរដ្ឋមន្រ្តីការពារប្រទេសអាមេរិកទទួលបន្ទុកគោលនយោបាយបានថ្លែងទៀតថា៖ «សហរដ្ឋអាមេរិក ឲ្យតម្លៃយ៉ាងខ្លាំងដល់ទំនាក់ទំនងយុទ្ធសាស្រ្តរបស់យើងជាមួយតួកគី។ ការណ៍នេះនៅតែមិនផ្លាស់ប្តូរ»។
តួកគី ជាសមាជិករបស់អង្គការអូតង់អស់រយៈពេលជាង៦ទសវត្សរ៍មកហើយ។ ក៏ប៉ុន្តែ តួកគី បានងាកចេញពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនចាប់តាំងពីមានរដ្ឋប្រហារមិនបានជោគជ័យនៅឆ្នាំ២០១៦ប្រឆាំងនឹងប្រធានាធិបតីផ្តាច់ការលោក Recep Tayyip Erdogan នៃប្រទេសតួកគីមក។ រដ្ឋប្រហារនេះ បាននាំឲ្យមានការចាប់ខ្លួនពួកមន្រ្តីយោធាតួកគីរាប់រយនាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូនានារបស់អង្គការអូតង់៕
ប្រែសម្រួលដោយជឹង ប៉ូជីន