ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​អាមេរិក​សម្រេច​ទុក​កម្មវិធី​ការពារ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​ដែល​ហៅ​ថា DACA ឲ្យ​នៅ​ដដែល


រូបឯកសារ៖ ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​វិមាន​កាពីតូល​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​មួយ​កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​វិមាន​កាពីតូល​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ដើម្បី​គាំទ្រ​ដល់​កម្មវិធី DACA ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​មួយ​កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧។

ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បញ្ជា​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​ ឲ្យ​ទុក​ឲ្យ​នៅ​ដដែល​នូវ​កម្មវិធី​មួយ​ដែល​ការពារ​មិន​ឲ្យ​មាន​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​រាប់​សែន​នាក់​ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​ពួកគេ​នៅ​ជា​កុមារ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី ត្រាំ​ បាន​បញ្ចប់​នូវ​កម្មវិធី​មួយ​ដែល​គេ​ស្គាល់​ថា​ជា​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ ដែល​ហៅ​កាត់​ថា DACA និង​បាន​ទុក​រយៈ​ពេល ៦ ខែ ឲ្យ​សភា​ស្វែង​រក​ដំណោះស្រាយ​ផ្លូវ​ច្បាប់​មួយ​សម្រាប់​ជន​អន្តោប្រវេសន៍​ប្រហែល ៨ សែន​នាក់​នេះ។

ចៅក្រម​តុលាការ​ប្រចាំ​ស្រុក​មួយ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក បាន​សម្រេច​គាំទ្រ​ក្រុម​បុគ្គល និង​ស្ថាប័ន​នានា ដែល​ក្នុង​នោះ​មាន​ទាំង​សាកល​វិទ្យាល័យ University of California ផង​ដែរ ដែល​បាន​ប្ដឹង​រដ្ឋាភិបាល​អាមេរិក​ថា​មាន​បំណង​ចង់​បញ្ចប់​កម្មវិធី ​DACA ​នេះ។ ​ចៅក្រម​រូប​នោះ​បាន​និយាយ​ថា កម្មវិធី DACA នេះ​ត្រូវ​តែ​ទុក​ឲ្យ​នៅ​ដដែល​រហូត​ទាល់​តែ​ការ​តវ៉ា​ផ្នែក​ផ្លូវ​ច្បាប់​ផ្សេងៗ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ជា​មុន​សិន។

តុលាការ​បាន​បញ្ជាក់​ថា ភាគី​ដើម​បណ្ដឹង​បាន​បង្ហាញ​ថា ពួក​គេ​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ប្រសិនបើ​កម្មវិធី​ត្រូវ​បញ្ចប់ និង​បាន​បន្ថែម​ទៀត​ថា សាធារណជន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ ប្រសិន​បើ​កម្មវិធី​នេះ​នៅ​តែ​បន្ត។

ការ​សម្រេច​របស់​តុលាការ​ឲ្យ​ទុក​កម្មវិធី ​DACA​ នេះ​ឲ្យ​នៅ​ដដែល នឹង​មាន​សុពលភាព​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ដោយ​តុលាការ​បាន​បញ្ជាក់​ថា បញ្ហា​នេះ​គឺ​កើត​មាន​ឡើង​នៅ​គ្រប់​រដ្ឋ និង​ដែន​ដី​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG