ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក​អាឡាំង ឡូវឹនសល​ខំ​ជំរុញ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា


រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែងនៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែងនៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ អាគារ Rayburn ក្នុង​វិមាន Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

កំណត់និពន្ធ៖ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ខិតខំជំរុញ​សេចក្តីព្រាង«​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»ឱ្យ​បាន​អនុម័ត​ឆាប់ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រ​ខិតខំ​ចងភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបាន​សម្ភាស​លោក​អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​ជាអ្នកដែល​ចូលរួមគំាទ្រ​ច្បាប់នេះ៖​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីអូអេ៖ លោក​សមាជិក​រដ្ឋសភា​ថេត យូហូ បាន​ដាក់ស្នើច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ជាថ្មី​ឡើង​វិញ​ ហើយ​លោក​បាន​ចូលរួម​គាំទ្រ​ច្បាប់​នេះដែរ។ តើ​ច្បាប់​ថ្មីនេះ​នឹង​មានបំណង​ដាក់ទណ្ឌកម្ម​អ្វី​ខ្លះដែរ​ដល់​របប​របស់​លោក​ ហ៊ុន សែន?

ឡូវឹនសល៖ មានកិច្ចការពីរ កិច្ចការ​ទីមួយ​ ខ្ញុំ​គិត​ថា​ជាទូទៅ​ «ច្បាប់ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា‍» មាន​ការដាក់ទណ្ឌកម្ម​ដូច​គ្នា​ដែល​យើង​មានពីពេល​មុន​មក​ ប៉ុន្តែ​មិន​បាន​ឆ្លងផុត​ព្រឹទ្ធសភា​ទេ។ លោក​នៅ​ចាំ​បានទេ​ថា​ យើង​បាន​អនុម័ត​នៅ​សភាតំណាងរាស្ត្រ​ បាន​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដែល​ក្នុង​ច្បាប់​នោះ​គឺ​មាន​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​និង​ការដាក់ទណ្ឌកម្មទិដ្ឋាការ​លើ​ជន​ណា​ដែល​ត្រូវ​កំណត់​ថា​បាន​ចូលរួម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ដូច្នេះ​ខ្ញុំ​គិត​ថាសេចក្តីស្នើច្បាប់នេះ​គឺ​ដូច​គ្នា​នឹង​ច្បាប់​មុន​។ ប៉ុន្តែ​អ្វីដែលខាង​សភាតំណាងរាស្ត្រ​ចាប់​អារម្មណ៍ ​ហើយ​ការិយាល័យ​របស់​ខ្ញុំ​កំពុងតែពិនិត្យ​មើលគឺ​ពិភាក្សា​ជាមួយ​នឹង​លោក​សមាជិក​ព្រឹទ្ធសភា​គ្រូស អំពី​សេចក្តី​ស្នើ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩។ យើង​នឹង​ពិនិត្យ​មើល​ថា​តើ​ខាង​ព្រឹទ្ធសភា​ចង់​ឱ្យ​ធ្វើ​កិច្ច​ការ​នេះ​ជាមួយ​គ្នា​ហើយ​រៀបចំ​សេចក្តីស្នើសុំ​មួយ​នៅ​ក្នុង​សភាតំណាងរាស្ត្រ​ដែរ។ កិច្ចការ​នេះ​អាស្រ័យ​លើ​លោក​សមាជិកព្រឹទ្ធសភា​ថេត គ្រូស​ទេ។ នៅ​ពេល​ដែល​លោក​សួរខ្ញុំ​ថា​តើ​មាន​អ្វីប្រែប្រួលទេ? យើង​គិត​ថា​ការផ្លាស់ប្តូរ​បន្ទាប់​ដែល​យើង​ចង់បាន​គឺ​ឋានៈអនុគ្រោះពន្ធ​ពាណិជ្ជ​កម្ម​ដែលកម្ពុជា​កំពុង​ទទួល​បាន​និង​ចង់​ចងភ្ជាប់​វា​ទៅ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការរំលោភ​ដោយមិន​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ និង​ប្រជាធិបតេយ្យ‍​។​

ដូច្នេះ​អ្វីដែល​យើង​គិត​គឺ​ជំហាន​បន្ទាប់​ត្រូវ​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សិន។​

វីអូអេ៖ ដូចលោក​បាន​បញ្ជាក់​ហើយ​ថា​ សេចក្តីស្នើច្បាប់​នេះ​បានអស់​សុពលភាព​នៅ​ត្រឹម​ព្រឹទ្ធសភា​កាលពីឆ្នាំមុន។ តើ​នៅ​លើកនេះ​លោក​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​វា​បាន​ក្លាយ​ជា​ច្បាប់?

ឡូវឹនសល៖ យើង​ត្រូវ​ធ្វើកិច្ច​ការនេះ​ឱ្យ​បាន​ឆាប់​នៅ​សភាតំណាងរាស្ត្រ។ លោក​ចាំបានទេ​អ្វី​ដែល​បាន​កើត​មានឡើង​គឺ​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​នឹង​លោក អេដ រ៉យ ​ប្រធាន​គណៈកម្មាធិការ​រហូត​ដល់​ថ្ងៃចុងក្រោយ​ដើម្បី​ឱ្យ​សេចក្តី​ស្នើច្បាប់​នេះ​ឆ្លងផុត​សភា​របស់យើង។ យើងបាន​ធ្វើ​កិច្ចការ​នេះ​ដោយ​ជោគជ័យ។​ បើសិន​ជា​យើង​ចង់​ឱ្យ​ព្រឹទ្ធសភា​យើង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​គឺ​យើង​ត្រូវ​ផ្តល់ពេលវេលា​ឱ្យ​ពួកគេ​រៀបចំ​ច្បាប់​របស់​គេ​មួយដែរ។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​សប្បាយ​រីករាយណាស់​ដែលលោក​យូហូ បាន​ស្នើ​ច្បាប់នេះឡើង​បាន​រហ័ស​។ យើង​នឹង​ធ្វើ​ការ​ជាមួយ​គាត់ ប៉ុន្តែ​យើង​ចង់​ឱ្យ​ច្បាប់នេះ​ឆ្លងផុត​សភា​តំណាងរាស្រ្ត​បាន​ឆាប់រហ័ស​ ដោយ​មិន​រង់ចាំ រហូតដល់​ថ្ងៃចុងក្រោយទេ។ នេះគឺជាអ្វី​ដែល​បាន​កើតមានឡើង​កាលពីលើកមុន។ ឆ្នាំមុន​យើង​បាន​អនុម័ត​ច្បាប់នេះ​នៅ​នាទីចុងក្រោយ​ហើយ​ខាង​ព្រឹទ្ធសភា​ក៏មាន​កិច្ច​ការ​ធ្វើច្រើន​។ ដូច្នេះ​ឆ្នាំនេះ​យើង​នឹង​ធ្វើការជាមួយ​ខាង​ព្រឹទ្ធសភា​ឱ្យ​បានឆាប់។​

វីអូអេ៖ បើ​និយាយ​ដល់​លោក​ អេដ រ៉យ ខ្ញុំ​នៅចាំ​បាន​ថា​ក្នុងពេល​ធ្វើ​សវនាការ​នៅ​ក្នុង​គណៈកម្មាធិការ​កិច្ចការបរទេស គឺ​លោក ​អេដ រ៉យ បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​គួរតែ​ត្រូវ​ដាក់​ទណ្ឌកម្ម​។ តើ​លោកយល់​យ៉ាងម៉េច​ដែរពីបញ្ជីនោះ? តើ​គួរតែ​ពង្រីក​បន្ថែម​ទៀតទេ?

ឡូវឹនសល៖ ជាបឋម​គឺ​យើង​ប្រហែល​ជា​អាច​ ប៉ុន្តែ​កិច្ចការសំខាន់នោះគឺ​ត្រូវ​ឱ្យ​ច្បាប់​នេះ​ចេញរួច​សិន​។ បន្ទាប់មក​យើង​បង្ហាញបញ្ជី​ហើយ​លោក​ប្រធានាធិបតី​គឺ​ជាសម្រេច​លើ​បញ្ជីឈ្មោះ​តាម​ការ​ស្នើសុំ​របស់​យើង។ កាលពីលើកមុន​យើងមានច្បាប់​ល្អហើយ​ប៉ុន្តែ​យើង​សម្រេច​មិនបាន​ទាន់ពេល។

វីអូអេ៖ តើ​លោក​យល់​យ៉ាងណាដែរ​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតីត្រាំ​ក្នុងការទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​កម្ពុជា?

ឡូវឹនសល៖ ​ខ្ញុំ​សង្ឃឹម​ថា ​ពួកគេ​នឹង​ដំឡើង​ឋានៈ​នៃ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ជា​អាទិភាព​ខ្ពស់។ ​ខ្ញុំសង្កេត​ឃើញថា រដ្ឋបាលលោកត្រាំ​ផ្តោតចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច‍។​ បើទោះបី​កិច្ចការ​នេះ​សំខាន់​ គឺ​យើង​ចង់​ឃើញ​គេ​ចងភ្ជាប់​វា​ទៅនឹង​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ ការបោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​។​ យើង​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម​ហើយ​ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​អនុវត្ត​ឱ្យ​បាន​តាម​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ ហើយ​កម្ពុជា​មិនទាន់​ធ្វើ​បាន​ទេ។ អីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​នេះ​ត្រូវ​ផ្តោតលើ​កិច្ចការនេះឱ្យ​បាន​ច្រើនជាងបច្ចុប្បន្ន។ បើ​កម្ពុជា​មិន​គោរពតាម​ទេ​គឺ​យើង​មិនត្រូវ​ផ្តល់​ឋានៈ​អនុគ្រោះពន្ធទេ។​

វីអូអេ៖ តើ​សហរដ្ឋ​អាមេរិក​នៅ​មាន​ឥទ្ធិពល​ប៉ុណ្ណាទៀត​លើ​កម្ពុជា​ដោយសារតែ​ចិន​មាន​ឥទ្ធិពល​កាន់តែ​ធំឡើងៗ​លើ​កម្ពុជា។ តើ​សហរដ្ឋ​អាមេរិក​ព្រួយបារម្ភទេ?

ឡូវឹនសល៖ ជាការពិត​នេះ​ជាការគួរ​ឱ្យព្រួយបារម្ភ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​។ ពលរដ្ឋ​ចង់បាន​អីចឹង​ពីព្រោះ​ពួកគេ​យល់​ថា​យើង​តំណាង​ឱ្យ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ។ ពួកគេ​ចង់​បាន​សង្គម​មូលធន​និយម​មួយដែល​ការពារ​មនុស្ស​គ្រប់​គ្នា ជាជាង​សង្គម​កុម្មុយនីស្ត​ដែល​បិទ​សិទ្ធិ​សេរីភាព​ទាំងស្រុង។ នេះជា​ចំណុច​ខ្លាំង​ដែល​សហរដ្ឋអាមេរិកមាន។ យើង​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​ចង់​ត្រូវ​ទាំង​សហរដ្ឋ​អាមេរិក​និង​ចិន​ប៉ុន្តែ​គេ​ក៏ត្រូវ​ការពារ​សិទ្ធិពលរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​បើ​សិន​ជា​ចង់​ធ្វើ​ជំនួញ​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ ចិន​នឹង​មិន​សុំ​ឱ្យ​កម្ពុជា​គោរពសិទ្ធិមនុស្ស​ឬលទ្ធិប្រជាធិបតេយ្យ​ទេ។

វីអូអេ៖ សូមអរគុណ​លោក​សមាជិក​រដ្ឋ​សភា ដែល​ផ្តល់បទសម្ភាសដល់វីអូអេ។

ឡូវឹនសល៖ សូមអរគុណ៕

XS
SM
MD
LG