សេចក្តីស្នើ «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ត្រូវបានលោក ថេត យូហូ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋផ្លរីដានៃគណបក្សសាធារណរដ្ឋបានដាក់ចូលសភាតំណាងរាស្រ្តឡើងវិញកាលពីដើមខែមករា។ សេចក្តីស្នើច្បាប់នេះមានការចូលរួមគាំទ្រដោយលោកអាឡាំង ឡូវឹនសល (Alan Lowenthal) អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានៃគណបក្សប្រជាធិបតេយ្យ លោកអ៊ីលៀត អ៊ែងហ្កល (Eliot Engel) អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រនិងលោកម៉ាយឃើល ម៉ាក់ខល (Michael T. McCaul) អ្នកតំណាងរាស្ត្រប្រចាំរដ្ឋតិចសាសនិងជាប្រធានក្រុមសាធារណរដ្ឋនៃគណៈកម្មាធិការកិច្ចការបរទេស។
សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»មានគោលបំណងដាក់ទណ្ឌកម្មទិដ្ឋាការនិងសេដ្ឋកិច្ចលើជនណាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយការចងភ្ជាប់បញ្ហាពាណិជ្ជកម្មជាមួយនឹងសិទ្ធិមនុស្ស។
លោក ថេត យូហូ ដែលមកពីគណបក្សកាន់អំណាចបានបញ្ជាក់ប្រាប់វីអូអេថា៖
«គោលនយោបាយរបស់យើងគឺយើងចង់ធ្វើពាណិជ្ជកម្មដោយឈរលើមូលដ្ឋានយុត្តិធម៌។ ប្រសិនបើពួកគេចង់ក្លាយជាប្រទេសប្រជាធិបតេយ្យ ពួកគេត្រូវតែធ្វើឱ្យមានប្រជាធិបតេយ្យហើយនេះជាហេតុផលមួយដែលយើងធ្វើពាណិជ្ជកម្មជាមួយនឹងពួកគេ។ ប្រសិនបើពួកគេមានសិទ្ធិមនុស្សមិនល្អ ហើយគាបសង្កត់ការបោះឆ្នោតគឺពួកគេមិនមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេហើយដូច្នេះសម្ពាធនឹងដាក់លើពួកគេ។ លោកហ៊ុន សែនត្រូវតែសម្រេចថាគាត់ចង់ធ្វើអ្វី»។
សេចក្តីស្នើច្បាប់នេះត្រូវបានលោកថេត យូហូស្នើឡើងជាលើកដំបូងក្នុងសភាអាណត្តិមុននៅពេលដែលអាជ្ញាធរកម្ពុជាបង្រ្កាបលើគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យ។ សេចក្តីស្នើច្បាប់នេះដែលពេលមុនមានលេខថា HR5754 ត្រូវបានសភាតំណាងរាស្ត្របោះឆ្នោតគាំទ្រដោយសំឡេងឯកច្ឆ័ន្ទគឺរយៈពេលប៉ុន្មានថ្ងៃមុនពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ប៉ុន្តែបានផុតសុពលភាព នៅចុងឆ្នាំមុន ដោយសារតែព្រឹទ្ធសភាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុម័ត។
លោកថេត យូហូបានបន្ថែមថាលោកមានជំនឿថានឹងទទួលបានការគាំទ្រច្រើនដូចគ្នាដែរនៅឆ្នាំនេះ៖
«កាលពីឆ្នាំមុនយើងមានការគាំទ្រច្រើនពីគណបក្សទាំងពីរហើយខ្ញុំគិតថាយើងនឹងទទួលបានការគាំទ្រដូចគ្នានៅឆ្នាំនេះ។ យើងក៏មានសេចក្តីស្នើច្បាប់ដៃគូមួយទៀតនៅក្នុងព្រឹទ្ធសភា។ សេចក្តីស្នើច្បាប់នេះហៀបនឹងទទួលបានការអនុម័តហើយកាលពីអាណត្តិមុន ដូច្នេះនេះជាការបង្ហាញថាសភាអាណត្តិនេះនឹងអាចអនុម័តបាន»។
សេចក្តីស្នើច្បាប់ថ្មីមួយទៀតដែលព្រឹទ្ធសភាស្នើឡើងគឺ «ច្បាប់ពាណិជ្ជកម្មកម្ពុជា»ដែលបានស្នើឡើងដោយសមាជិកព្រឹទ្ធសភា ថេត គ្រូស នៃរដ្ឋតិចសាស និងលោកគ្រីស ឃូន នៃរដ្ឋឌែលឡាវែ មានគោលបំណងដកហូតប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសកម្ពុជា។
លោកអាឡាំង ឡូវឹនសល នៃគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្របានបញ្ជាក់ថា៖
«យើងគិតថាការផ្លាស់ប្តូរបន្ទាប់ដែលយើងចង់បានគឺឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មដែលកម្ពុជាកំពុងទទួលបាននិងចង់ចងភ្ជាប់វាទៅនឹងបញ្ហារំលោភសិទ្ធិមនុស្ស ការរំលោភដោយមិនមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ និងប្រជាធិបតេយ្យ»។
លោក ឡូវឹនសល យល់ថាក្រៅពីខិតខំអនុម័តច្បាប់នេះ អ្នកតំណាងរាស្ត្រក៏នឹងត្រូវប្រាប់ដល់រដ្ឋបាលលោកប្រធានាធិបតីត្រាំឱ្យប្រកាន់ជំហរតឹងរ៉ឹងជាងពេលបច្ចុប្បន្នដាក់កម្ពុជាផងដែរ៖
«ខ្ញុំសង្ឃឹមថាពួកគេនឹងដំឡើងឋានៈនៃសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាអាទិភាពខ្ពស់។ ខ្ញុំសង្កេតឃើញថារដ្ឋបាលត្រាំផ្តោតចំណាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទំនាក់ទំនងសេដ្ឋកិច្ច»។
សេចក្តីស្នើច្បាប់នេះបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកំណើតរបស់ពួកគេដោយសារស្ថានភាពកាន់តែអាក្រក់ទៅៗក្នុងរយៈពេលជាងពីរឆ្នាំមកនេះ។
លោកជា មាសអ្នកនាំពាក្យនៃសាខាគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក (CNRP-USA) បានសម្តែងក្តីសង្ឃឹមថាសេចក្តីស្នើច្បាប់នេះនឹងត្រូវបានអនុម័តរួចនៅក្នុងឆ្នាំ២០១៩នេះដែរ។
«ខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមាដោយសារក្នុងឆ្នាំ២០១៨កន្លងទៅសហរដ្ឋអាមេរិកមានការងាររវល់នៅក្នុងស្រុកច្រើនដែលធ្វើឱ្យរាំងស្ទះមិនអាចអនុម័តច្បាប់HR 5754 ទាន់ពេលវេលាដូច្នេះច្បាប់នេះត្រូវដាក់ចូលក្នុងសភាសារជាថ្មី។ ប៉ុន្តែខ្ញុំថាទម្រង់នៃការងារពីឆ្នាំ២០១៨ហ្នឹងគឺសភាដែលបានបោះឆ្នោតជូនកាលពីឆ្នាំ២០១៨គេបានដឹងអស់ហើយ។ អីចឹងខ្ញុំមានសុទិដ្ឋិនិយម។ ខ្ញុំមានជំនឿមួយមុតមាំថាសភានឹងអាចអនុម័តបាននៅឆ្នាំ២០១៩នេះបើយោងតាមស្ថានការណ៍នៅកម្ពុជាបច្ចុប្បន្នមិនប្រែប្រួល»។
រីឯ លោកប៉ុន សៅរី អ្នកនាំពាក្យសាខាគណបក្សសង្គ្រោះជាតិអាមេរិក (CNRPA) បានបញ្ជាក់ថា៖
«ខ្ញុំមានសេចក្តីរំភើបចំពោះច្បាប់នេះដែលបានស្នើជាថ្មីម្តងទៀតដោយលោកសមាជិករដ្ឋសភាថេត យូហូ ទៅក្នុងគណៈកម្មការរដ្ឋសភាជាតិដើម្បីពិនិត្យមើលមុននឹងដាក់ចូលទៅក្នុងសភាពេញអង្គអនុម័តជាលើកទីពីរ»។
លោកសៅរី មានសុទិដ្ឋិនិយមថាច្បាប់នេះនឹងត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៩នេះដោយសារពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានខិតខំធ្វើសកម្មតស៊ូមតិជាច្រើនដើម្បីបញ្ចុះបញ្ចូលអ្នកតំណាងរាស្ត្ររបស់ពួកគេ។
សេចក្តីព្រាងច្បាប់ទាំង២របស់ព្រឹទ្ធសភានិងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានស្នើឡើងតាំងពីដើមអាណត្តិដែលបានចាប់ផ្តើមនៅដើមខែមករានេះ ដើម្បីឱ្យមានលទ្ធភាពដាក់ទណ្ឌកម្មទាន់ពេលលើប្រទេសកម្ពុជានិងមន្ត្រីរដ្ឋាភិបាល។ រីឯសហភាពអឺរ៉ុបក៏កំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងសព្វាវុធ» (EBA) ដែលកម្ពុជាទទួលបានផងដែរ។ អ្នកតំណាងរាស្រ្តរំពឹងថាសហភាពអឺរ៉ុបនឹងចូលរួមដាក់ទណ្ឌកម្មកម្ពុជាផងដែរ។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថាគម្រោងដាក់ទណ្ឌកម្មដែលមានទាំងមកពីដៃគូពាណិជ្ជកម្មដ៏ធំទាំងពីររបស់កម្ពុជាគួរតែរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្នុងប្រទេស៖
«រដ្ឋាភិបាលខ្មែរគួរតែស្តាប់សេចក្តីសំណើរបស់អាមេរិកាំងនិងអឺរ៉ុបពីព្រោះគេឃើញថាយើងបំពានលទ្ធិប្រជាធិបតេយ្យហើយនឹងបំពានសិទ្ធិមនុស្សជាច្រើនម្ល៉ោះហើយគេនឹងគាបសង្កត់។ បើសិនជាលោកហ៊ុន សែនចង់ជួយប្រជារាស្ត្រខ្មែរលោកហ៊ុន សែនគួរតែអនុវត្តលទ្ធិប្រជាធិប តេយ្យឱ្យបានត្រឹមត្រូវបើមិនដូច្នេះទេលោកហ៊ុន សែននឹងនាំទុក្ខវេទនាដល់ប្រជាជនខ្មែរ»។
កាលពីអនុម័តសេចក្តីស្នើច្បាប់ HR5754 ក៏មានការស្នើឡើងដោយលោកអេដ រ៉យ ដែលពេលនោះជាប្រធានគណៈកម្មាធិការកិច្ចការបរទេសឱ្យដាក់ទណ្ឌកម្មមន្ត្រីមួយចំនួននៅជុំវិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងសមាជិកក្រុមគ្រួសារខ្លះរបស់លោក។
នៅពេលនេះ គណបក្សសង្គ្រោះជាតិយល់ថាឧត្តមសេនីយ៍ចំនួន១២រូបដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានហៅថា«ឧត្តមសេនីយ៍ទុច្ចរិតទាំង១២នាក់»គួរត្រូវទទួលទណ្ឌកម្មមុនគេ។ ឧត្តមសេនីយ៍ទាំង១២នាក់នោះមានដូចជាលោកគន់ គីម លោកម៉ក់ ជីតូ និងលោកសុខ ផលជាដើម។ បន្ទាប់មកទៀតគឺក្រុមឧកញ៉ាចំនួន៤នាក់ដែលអង្គការ Global Witness កំណត់ថាបានចូលរួមរំលោភសិទ្ធិមនុស្សក៏គួរតែទទួលទណ្ឌកម្មដែរ។ ឧកញ៉ាទាំងនេះមានលោកម៉ុង ឫទ្ធី លោកឡៅ ម៉េងឃីន លោកលី យ៉ុងផាត់ និងលោកទ្រី ភាព។ ប៉ុន្តែបញ្ជីនេះមិនចប់ត្រឹមនេះទេ។
លោកប៉ុន សៅរី អ្នកនាំពាក្យសាខាគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកបានបន្ថែមថា៖
«ឥឡូវនេះយើងឃើញមានសកម្មភាពធ្វើទុកបុកម្នេញ សមាជិករបស់គណបក្សសង្គ្រោះជាតិក៏ដូចជាថ្នាក់ដឹកនាំថ្នាក់មូលដ្ឋានតាមខេត្តមួយចំនួន....។ អីចឹងបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវបញ្ជាឱ្យធ្វើបាបសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានឬក៏ថ្នាក់ដឹកនាំសង្គ្រោះជាតិនៅមូលដ្ឋានក៏ដូចជាពលរដ្ឋខ្មែរ យើងនឹងស្រាវជ្រាវអ្នកដែលនៅក្រោយខ្នងបញ្ជាឱ្យដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្មផងដែរ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរតឹងរ៉ឹងបើទោះបីជាមានសម្ពាធជាច្រើន។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាសម័យកាលនៃការដាក់សម្ពាធពីខាងក្រៅគឺក្លាយជា«រឿងអតីតកាល»ហើយ។
«យើងយល់ឃើញថាសម័យកាលនេះជាសម័យកាលជជែកគ្នា។ សម័យកាលសហប្រតិបត្តិការហើយសហរដ្ឋអាមេរិកអ្នកនយោបាយជើងថ្មីនោះយល់ឃើញថាគេស្ថិតនៅក្នុងឥទ្ធិពលនៃគ្រប់គ្រងប្រទេសកម្ពុជាគឺយល់ច្រឡំហើយ»។
សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មទិដ្ឋាការមន្ត្រីកម្ពុជាមួយចំនួនក្រោយពីលទ្ធផលនៃការបោះឆ្នោតជាតិដែលគណបក្សកាន់អំណាចឈ្នះយកអាសនៈសភាទាំង១២៥៕