ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រារព្ធ​ពិធី​មាតុភូមិនិវត្តន៍​នៃ​សម្បត្តិវប្បធម៌​​កម្ពុជាចំនួន​ ៣០ រួមទាំង​រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក»


រូបព្រះស្កន្ទគង់លើក្ងោក​កាល​ពី​ទសវត្សរ៍​ទី ១០ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​​នេះ​​រួម​ជាមួយ​នឹង​វត្ថុបុរាណ​ដទៃទៀតទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។
រូបព្រះស្កន្ទគង់លើក្ងោក​កាល​ពី​ទសវត្សរ៍​ទី ១០ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​​នេះ​​រួម​ជាមួយ​នឹង​វត្ថុបុរាណ​ដទៃទៀតទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។

នៅថ្ងៃ​ចន្ទ​នេះ មន្ត្រី​និង​អ្នកតំណាង​ស្ថាប័នរដ្ឋ​អាមេរិក​មួយ​ចំនួន​ នឹងចូល​រួម​ជាមួយ លោក កែវ ឈា ឯក​អគ្គរាជ​ទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក នៅទីក្រុង New York ក្នុង​ពិធី​មាតុភូមិនិវត្តន៍​នៃសម្បត្តិវប្បធម៌របស់​កម្ពុជាចំនូន ៣០ ដែល​ក្នុងនេះ​មាន​ រូបចម្លាក់សតវត្សទី ១០ «ព្រះស្កន្ទគង់លើក្ងោក» ដ៏សំខាន់​ផង​ដែរ។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។​

ឧបការីរដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អប់រំ​និងវប្បធម៌ អ្នកស្រី Lee Satterfield រួមដំណើរ​ដោយ​អ្នក​តំណាង​អាមេរិក​មក​ពី​ការិយាល័យមេធាវី​សង្កាត់​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ញូវយ៉ក (USASD) និងការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ (HSI) នឹង​គូស​បញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​របស់​កម្ពុជា​ ក្នុង​នាម​ជា​ដៃគូការពារ​បេតិកភណ្ឌ​វប្បធម៌ តាមរយៈ​កិច្ចព្រមព្រៀង​ទ្រព្យសម្បត្តិ​វប្បធម៌​សហរដ្ឋអាមេរិក-កម្ពុជា ដែល​ជា​កិច្ចព្រមព្រៀង​តែ​មួយ​គត់​រវាង​សហរដ្ឋ​អាមេរិក និង​សមាជិក​អាស៊ាន។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ដែលចេញផ្សាយ​កាលពីថ្ងៃសៅរ៍ទី​៦​សីហា។

ទស្សនកិច្ច​របស់​អ្នកស្រី Lee Satterfield ទៅកាន់បូរីញូយ៉កធ្វើឡើង​បន្ទាប់​ពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក លោក Anthony Blinken ទៅកាន់​ប្រទេសកម្ពុជា​ កាល​ពី​ដើម​ខែ​សីហា​នេះ ដើម្បី​ចូលរួមក្នុង​កិច្ច​ប្រជុំរដ្ឋមន្ត្រី​អាស៊ាន។ នៅក្នុង​បទ​សម្ភាសន៍ផ្តាច់មុខ​មួយ ជាមួយ​ VOA ក្រោយ​កិច្ច​ប្រជុំរដ្ឋមន្ត្រី​អាស៊ាន​នេះ ​លោករដ្ឋមន្ត្រីការ​បរទេសអាមេរិក Antony Blinken ក៏បានលើកឡើងអំពី​កិច្ចប្រឹងប្រែង​យ៉ាង​មុះមុត​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ប្រគល់​បេតិកភណ្ឌ​វប្បធម៌​នានា​មក​កម្ពុជា​វិញផងដែរ។

វត្ថុ​បុរាណ​ដែល​រឹបអូស​បាន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​ទាំង​នេះ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។
វត្ថុ​បុរាណ​ដែល​រឹបអូស​បាន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​ទាំង​នេះ​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។

លោក Blinken ថ្លែងប្រាប់ VOA ​ថា៖ «ខ្ញុំ​ក៏​មាន​មោទនភាព​ផង​ដែរ​ដែល​យើងបាន​ប្រគល់​ជូន​កម្ពុជា​វិញ​នូវ​វត្ថុ​បុរាណ​ដែល​ជា​កេរដំណែល​វប្បធម៌ ដែល​ត្រូវ​បាន​គេ​លួច​ពី​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋ​អាមេរិក​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ថា​វត្ថុ​បុរាណ​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ដល់​កម្ពុជា​វិញ។ អ្វី​ដែល​ខ្ញុំគាំទ្រ​យ៉ាងខ្លាំង​គឺ​ការ​ការពារ​វប្បធម៌។ ដូច្នេះ យើង​កំពុង​ធ្វើការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំង​នោះ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ជាង​មុន​ថែមទៀត។»

ក្នុង​ចំណោម​សម្បត្តិវប្បធម៌របស់​កម្ពុជាទាំង​ ៣០ ដែល​ដាក់​ក្នុង​ពីធី​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃ​ចន្ទនេះ រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» គឺជា​វត្ថុ​បុរាណ​ដែល​មាន​សារៈ​សំខាន់​ខាង​វប្បធម៌ និង​សាសនា​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ១១ កក្កដា ២០២១ ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​លើក​ឡើង​ថា​រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែល​ឆ្លាក់​ឡើង​ពី​ថ្មភក់​ក្នុង​រចនាបថ​កោះកេរ​នៃ​សម័យ​អង្គរ​ពាក់កណ្តាល​ទី១នៃ​សតវត្សទី ១០ នេះ «គឺជា​គំរូ​នៃ​ភាព​ច្នៃប្រឌិត​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​បុព្វបុរស​ខ្មែរ»។

លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​ថ្លែង​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«ព្រះ​ស្កន្ទទេព​នៃ​សង្គ្រាម​របស់​សាសនា​ហិណ្ឌូ គឺ​កម្រ​មាន​ឃើញ​នៅ​ក្នុង​សិល្បៈ​ខ្មែរ ប៉ុន្តែ​ត្រូវ​បាន​បង្ហាញ​រូបរាង​យ៉ាង​លេចធ្លោ​នៅ​ប្រាសាទក្រចាប់។ ការ​វិល​ត្រឡប់​មក​វិញ​នៃ​រូបចម្លាក់​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក និង​នាំ​យក​មក​វិញ​នូវ​ព្រលឹង​របស់​បុព្វបុរស​យើង​ដែល​បាន​ចាក​ចេញពី​មាតុភូមិ​កំណើត​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ក្នុង​អំឡុង​សម័យ​សង្គ្រាម»។

លោក កែវ ឈា ឯក​អគ្គរាជ​ទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​ដែល​រឹបអូស​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។
លោក កែវ ឈា ឯក​អគ្គរាជ​ទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​ ​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​វត្ថុបុរាណ​ដែល​រឹបអូស​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ទីក្រុង​ញូវយ៉ក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២។

រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ត្រូវ​បាន​សម្រេច​ឲ្យ​ប្រគល់​ជូន​ប្រទេស​កម្ពុជា​ដោយក្រុម​រដ្ឋអាជ្ញាអាមេរិកនៅ​សង្កាត់​ Manhattan ទីក្រុង New York កាល​ពី​ខែ​កក្កដា ​ឆ្នាំ ២០២១ ក្រោយ​ការស៊ើប​អង្កេត​ប្រវត្តិ​រូបចម្លាក់​នេះ​យ៉ាងល្អិតល្អន់។ នេះ​បើយោង​តាមសេចក្តី​រាយការណ៍​របស់​កាសែត The New York Times។

សេចក្តី​រាយការណ៍នេះបាន​ឲ្យ​ដឹង​ថា ក្រុមរដ្ឋអាជ្ញាអាមេរិក​កំណត់​ថា រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ត្រូវបានលួច​កាលពីជាង ២០ ឆ្នាំមុនពីប្រាសាទក្រចាប់​ ដោយ​អតីត​សមាជិក​ខ្មែរក្រហម​ម្នាក់​ ហើយ​ក្រោយមក​បានធ្លាក់​ក្នុង​ដៃ​អ្នក​ប្រមូល​ទិញ​សិល្បៈជនជាតិ​អង់គ្លេស លោក Douglas A.J. Latchford ដែល​រស់នៅក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​នៅ​ពេលនោះ។

កាសែត The New York Times រាយការណ៍​ថា លោក Douglas A.J. Latchford តែងតែ​ប្រកាន់ជំហរ​ថា «ប្រជាជនលោក​ខាង​លិច​ដែល​បាន​ទិញ​វត្ថុ​វប្បធម៌​អាស៊ី​អាគ្នេយ៍​ក្នុង​អំឡុង​សង្គ្រាម​រាប់​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម គួរ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​ជួយ​សង្គ្រោះ​វប្បធម៌​ដែល​អាច​បាត់បង់​នៅ​ក្នុង​ព្រៃ ឬ​ត្រូវ​បាន​បំផ្លាញ​»។ លោក​ Douglas A.J. Latchford ក៏​បាន​បរិច្ចាគ​វត្ថុ​បុរាណ និង​ថវិកា​ដល់​សារមន្ទី​ជាតិ​កម្ពុជា​ផង​ដែរ។ ប៉ុន្តែ​នៅ​ឆ្នំា ២០១៩ មួយ​ឆ្នំា​មុន​លោកស្លាប់ លោក Douglas A.J. Latchford ត្រូវបាន​ក្រុម​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ញូវយ៉ក​ចោទ​ប្រកាន់ពី​បទ​«រត់ពន្ធ​វត្ថុ​បុរាណ»។

រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែល​ត្រូវ​បាន​លក់​ចុង​ក្រោយក្នុងតម្លៃ 1,៥ លានដុល្លា​អាមេរិក កាលពីខែមេសា ​ឆ្នំា២០០០ នឹង​ធ្វើ​ដំណើរ​ជាមួយ​សម្បត្តិវប្បធម៌​ ២៩ ​ទៀត ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញនា​ពេល​ឆាប់ៗនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG