ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្ថុ​បុរាណ​​ជាង​១០០​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ ក្រោយ​ត្រូវ​កាន់​កាប់​ដោយ​អ្នក​ជំនាញ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​​​​បាន​លួច​វត្ថុ​បុរាណ​ខ្មែរ


រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ នៅសារមន្ទីរជាតិ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)

វត្ថុ​បុរាណខ្មែរជាង​ ១០០​ ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​មក​ហើយ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយមាន​ការ​ឯកភាព​ពី​កូនស្រីរបស់​អ្នក​ជំនាញ​វត្ថុ​បុរាណ​ម្នាក់ គឺ​លោក Douglas Latchford ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយរបស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១។

បន្ទាប់​ពី​ការ​ចរចា​ជាង​៣​ឆ្នាំ កូនស្រី​របស់​លោក Douglas Latchford ដែល​បាន​គ្រប់​គ្រង​វត្ថុបុរាណ​ទាំង​នោះ ក្រោយ​ឪពុក​បាន​ស្លាប់​ កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ បាន​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ទាំង ​១០០​ នោះ មកឲ្យ​កម្ពុជា​វិញ។

​ក្រសួង​វប្បធម៌​ឲ្យ​ដឹង​ថា​វត្ថុ​បុរាណ​ទាំង​នោះ​មាន​ជាង​ ១០០​ រូប​ដែល​ធ្វើ​ពី​ថ្ម និង​សំរឹទ្ធ រួម​ទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជា​ច្រើន​ទៀត ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ជា​បន្ត​បន្ទាប់។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា​ស្នាដៃវិចិត្រ​ទាំង​នេះ​មាន​អាយុ​កាល​តាំង​ពី​សតវត្សរ៍​ទី​ ៦ រហូត​ដល់​សម័យ​ក្រោយ​អង្គរ រួ​ម​ទាំង​រតនៈ​វត្ថុ​ដ៏​ល្អ​ឯក​មក​ពី​អតីត​រាជធានី​កោះ​កេរ្តិ៍ និង​តំបន់​អង្គរ ដែល​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​សារ​មន្ទីរ​ជាតិ​ភ្នំពេញ នា​ពេល​ខាង​មុខ។

ដំណាក់​កាល​ដំបូង វត្ថុបុរាណ​ខ្មែរ​ចំនួន ​៥​ រូប ក្នុង​នោះ​មាន​បដិមា​ព្រះ​ឥសូរ និង​ព្រះស្កន្ទ​ធ្វើ​ពី​ថ្ម​ភក់​មក​ពី​រមណីយ​ដ្ឋាន​កោះកេរ្តិ៍​និងកន្សៃ​ទូក​ធ្វើ​ពី​សំរឹទ្ធ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​វប្បធម៌។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​«នេះ​ជា​កិច្ចការ​ដ៏​លំបាក​ស្មុគ​ស្មាញ» ដែល​អាច​សម្រេច​បាន។

លោកស្រី​បញ្ជាក់​ថា៖ «ការ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នូវ​រូប​ចម្លាក់​ទាំង​នេះ សរ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាម​ទារ​យក​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​បាន​បាត់​បង់ ហើយ​ការ​បញ្ជូន​មក​វិញ​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភព​លោក»។

បើ​តាម​ក្រសួង​វប្បធម៌ កិច្ចការ​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​នេះ ជា​ការ​ផ្តួច​ផ្តើម​របស់​កូនស្រី​របស់​លោក Douglas Latchford គឺ​លោកស្រី Nawapan Kriangsak ដែលមន្ត្រី​កម្ពុជា​អះអាង​ថា​ មាន​សុឆន្ទៈ​ក្នុង​ការ​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌​កម្ពុជា។

​កាល​ពី​ចុង​ឆ្នាំ​ ២០១៩ ឪពុក​របស់​លោកស្រី Kriangsak ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញាអាមេរិក​ថា «រត់​ពន្ធ​វត្ថុ​បុរាណ» ​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា និង​ការ​សម្រួល​ឲ្យ​វត្ថុ​បុរាណ​នោះ​ងាយ​ស្រួល​លក់​នៅ​លើ​ទីផ្សា​វត្ថុ​សិល្បៈ​អន្តរជាតិ​ដោយ​សារ​លោក​បាន​ជួយ​លាក់​បាំង​ប្រវត្តិ​បាត់​បង់​វត្ថុ​ទាំង​នោះ​តាម​រយៈ​ការ​ចេញ​ឯក​សារ​ក្លែង​ក្លាយ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌មាន​ញូវយ៉ក​ថែមស៍។

រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ នៅសារមន្ទីរជាតិ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ នៅសារមន្ទីរជាតិ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)

លោក ហាប់ ទូច រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ទទួល​បន្ទុក​ការងារ​នៃ​ការ​ស្វែង​រក​វត្ថុ​បុរាណ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រាប់​ VOA ថា​ កម្ពុជា​នឹង​ធ្វើ​ការ​ជាមួយ​ភាគីលោកស្រី Kriangsak ​បន្ត​ទៀត និង​ស្រាវ​ជ្រាវ​រក​វត្ថុ​បុរាណ​ខ្មែរ​ផ្សេងៗ​ទៀត។

លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «គ្រាន់​តែ​ភាគី​ទាំង​ពីរ​នឹងបន្ត​ការងារ​ស្រាវ​ជ្រាវ​ត​ទៅ​ទៀត។ បើ​សិន​ដឹង​ថា​វា​មាន​នៅ​ណា​នៅណី​ទៀត ស្អីៗ​ទៀត គឺ​សហការ​គ្នា​ដើម្បី​ធ្វើ​ម៉េច ទៅ​នាំ​យក​មក​វិញ មក​កម្ពុជា​វិញ»។

លោក​បន្ថែម​ថា​កន្លង​ទៅ ភាគី​កម្ពុជា​ក៏​បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​ឪពុក​របស់​លោកស្រី ប៉ុន្តែ​លោក​ធ្លាក់​ខ្លួន​ឈឺ ហើយ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន។

លោក​បញ្ជាក់​ថា៖ «យើង​បាន​ធ្វើ​ការ​ជាមួយ​ឪពុក​របស់​គាត់​មក​ហើយ។ គឺ​ថា​ភាគី​ទាំង​អស់​មាន​ឆន្ទៈ​ហើយ​ក្នុង​ការ​ធ្វើ​យ៉ាងណា​បញ្ជូន​ត្រឡប់​មក​វិញ​នោះ»។

មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ ដំណាក់​កាល​ទី​មួយ គឺ​យក​រូបចំនួន​៥​មក ដែល​លោក​ថាជា« រូប​ជ្រើ​ស​រើស​ពិសេស​មួយ» ដែល​មាន​ «លក្ខណៈ​វិចិត្រ​ល្អ​ឯក​នៅ​ក្នុង​វប្បធម៌​ខ្មែរ»។

លោក​បន្ត​ថា ​រូប​ទាំង​នោះអាច​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩ បណ្តាល​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

លោក​បញ្ជាក់​ថា ​រូប​ទាំង​នេះ​មក​ពី​ប្រទេស​ផ្សេងៗ ប៉ុន្តែ​លោក​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ប្រទេស​ណា​នោះ​ទេ ដោយសារ​បារម្ភ​អំពី​សន្តិសុខ​វត្ថុបុរាណ។

លោក ហាប់ ទូច មាន​ប្រសាសន៍​ថា៖ «កូនស្រី​គាត់​ដែល​មាន​ឆន្ទៈ​ជាមួយ​យើង ហើយ​មាន​បំណង​ល្អ ដែល​ចង់​ប្រគល់អ្វីៗ​ដែល​គាត់​ទទួល​បាន​ពី​ឪពុក​របស់​គាត់ហ្នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​យើង​វិញ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កូនស្រី​របស់​លោក Douglas គឺ​លោកស្រី Kriangsak បាន​ថ្លែង​ថា​លោកស្រី​មិន​ដឹង​ថា​កិច្ចការ​នេះ​មាន«ភាព​ស្មុគស្មាញ​»នោះ​ទេ កាល​ពី​ ៣ ​ឆ្នាំ​មុន។ លោកស្រី​បញ្ជាក់​ថា​លោកស្រី​រីក​រាយ​ក្នុង​ការ​បញ្ជូន​វត្ថុ​បុរាណ​ទាំង​នោះ​មក​កម្ពុជា​វិញ។

លោក Douglas Latchford ​ដែល​មាន​សញ្ជាតិ​ថៃ និង​អង់​គ្លេស ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ជា«បណ្តាញ‍»​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​វត្ថុ​បុរាណ​កម្ពុជា ដែល​ត្រូវ​បាន​គេ​លួច​ជីក​ដោយ​ខុស​ច្បាប់​ពី​ប្រាសាទ​បុរាណ​នៅ​ក្នុង​ព្រៃ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​ជួបសង្គ្រាម​ស៊ីវិល ដែលបាន​ចាប់​ផ្តើម​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​ ៦០។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត ​New York Times លោកស្រី Kriangsak អាយុ​៤៩​ឆ្នាំ មិនចង់​និយាយ​អំពី​ការ​ចោទ​ប្រកាន់​លើ​ឪពុក​របស់​លោកស្រី​នោះ​ទេ។

ប៉ុន្តែ​លោក​ស្រី​បញ្ជាក់​ថា៖ «គ្មាន​ទីណា​ប្រសើរ​ជាង​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ប្រជាជន​គោរព​បូជា​យ៉ាង​ស្មោះ​ត្រង់​នូវ​វត្ថុ​បុរាណ​ទាំង​នោះ មិន​មែន​ត្រឹម​តែ​សិល្បៈ​របស់​ពួកគេ ឬ​ក៏​ប្រវត្តិសាស្ត្រ​នោះ​ទេ ប៉ុន្តែ​វា​សម្រាប់​សារសំខាន់​នៃ​សាសនា​របស់​ពួកគេ»។

រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ នៅសារមន្ទីរជាតិ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរ ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ នៅសារមន្ទីរជាតិ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០១៨។ (ទុំ ម្លិះ/វីអូអេ)

​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំនៅ​កម្ពុជា លោក W. Patrick Murphy បាន​បង្ហោះ​សារ​នៅ​លើ​Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ទីភ្នាក់​ងារ​របស់​អាមេរិក​បាន​ធ្វើ​ការ​ជាមួយ​ក្រសួង​វប្បធម៌​កម្ពុជា ដើម្បី​នាំ​យក​វត្ថុ​បុរាណ​ទាំង​នោះ​មក​កម្ពុជា​វិញ។

លោក ធុយ ចាន់​ធួន អ្នក​ស្រាវ​ជ្រាវ​វត្ថុ​បុរាណ​កម្ពុជា​ជិត​៣០​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា​វត្ថុ​បុរាណ​ដែល​រក្សា​ទុក​ដោយ​លោក Douglas គឺ​«សុទ្ធ​តែ​រូប​ល្អៗ​ទាំង​អស់»។

លោក​បន្ត​ថា​លោក ​Douglas ក៏​បាន​និពន្ធ​សៀវ​ភៅ «អរិយធម៌​ខ្មែរ» ដែល​លោក​បាន​ធ្វើ​ជា​ឯកសារ​យោង​ផង​ដែរ។

លោក​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ «មិនមែន​តែ​លោក Douglas មួយ​ទេ គឺ​មនុស្ស​ច្រើន​ណាស់​នៅ​ស្រុក​សៀម​ក្តី នៅ​អង់គ្លេស​ក្តី នៅ​អាមេរិកក្តី នៅ​បារាំង​ក្តី យក​របស់​ខ្មែរហ្នឹង យក​ទៅ​ទុកធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន»។

លោក​បន្ថែម​ថា៖ «ហើយ​លោក ​Douglas ផ្ទាល់ លោក​ប្រមូល​ទិញ មិន​មែន​លោក Douglas មក​លី​សែង​ខ្លួន​ឯង​ណា។ ប្រាកដ​ណាស់ នៅ​ក្នុង​សម័យ​សង្គ្រាម គេ​ជួញទៅ​ត្រឹម​ស្រុក​សៀម។ ស្រុក​សៀម​គឺ​ជា​ទីផ្សារ​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​សម្រាប់​លក់​វត្ថុ​បុរាណ​ខ្មែរ​ហ្នឹង»។

បើ​តាម​អ្នក​ស្រាវ​ជ្រាវ​រូប​នោះ វត្ថុ​បុរាណ​របស់​កម្ពុជា​ត្រូវ​បាន​លួច​យក​ទៅ​ក្នុង​សម័យ​សង្គ្រាម ហើយ​កម្ពុជា​ក៏​បានបាត់​ច្រើន​ដែរ​ទៅ​ប្រទេស​ថៃ នៅ​ចុង​ឆ្នាំ​ ១៨០០ និង​ដើម​ឆ្នាំ ​១៩០០។

លោក​បណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យ​ផ្នែក​សិលា​ចារឹក​និង​ប្រវត្តិសាស្ត្រ​ខ្មែរ-អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា​ ប្រទេស​បារាំង​និង​ថៃ មាន​វត្ថុបុរាណ​ខ្មែរ​ច្រើន​ជាង​គេ ដោយ​សារកម្ពុជា​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​បារាំង​រយៈ​ពេល​៩០​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣។

លោក​ថា ​ពេល​នោះ​បារាំង​បាន​យក​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៅ​ប្រទេស​របស់​គេ។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​ការ​ពិត​យើង​ឃើញ​មាន​ច្រើន។ មាន​អ្នក​ខ្លះ​ មិន​មែន​ត្រឹម​១០០​ទេ គឺ​រាប់​រយ រហូត​ដល់​បើកសារមន្ទីរ​ទៀត​ផង។ បើ​ក​ជា​សារ​មន្ទីរ​ដាក់​តម្កល់​វត្ថុបុរាណ​ខ្មែរ។ ហើយ​មាន​ទាំង​សិលា​ចារឹក មាន​ទាំង​រូប​ធំ រូប​តូច បាក់​បែក រូប​ល្អ​ពេញលេញ។ មាន​នៅ​ជុំវិញ​ពិភព​លោក ជាពិសេស​ប្រទេស​គេ​អ្នក​មាន។ គេ​សំបូរ​សេដ្ឋី គាត់​មាន​លុយ​ចាយ​មិន​អស់ គាត់​ចំណាយ​ទិញ​របស់​ពិតៗ របស់​បុរាណ​ពិតៗ ពី​ស្រុក​ខ្មែរ​យក​ទៅ​ទុក​ជា ​hobby របស់​គាត់ ជា​ការ​កម្សាន្ត​របស់​គាត់»។

លោក​បន្ត​ថា វា​ទាមទារ​ឲ្យ​មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​ក្នុង​បញ្ជី​សារពើ​ពន្ធ​របស់​កម្ពុជា​ហើយ​មាន​រូបថត​បញ្ជាក់​ពី​ទំហំ​និង​លក្ខណៈ​សម្បត្តិ​វត្ថុ​វិចិត្រ​នីមួយៗ ទើប​អាច​ស្នើ​សុំ​វត្ថុ​បុរាណ​ទាំង​នោះ​មក​វិញ​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​រដ្ឋាភិបាល​ចង់​បាន​យក​ត្រឡប់​មក​វិញ អាហ្នឹង​ទាល់​តែ​យើង​មានឯក​សារ​ភស្តុតាង​បញ្ជាក់​ថារបស់​ហ្នឹង ជា​របស់​យើង​ពី​មុន​មក»។

លោក​បន្ថែម​ថា៖ «យើង​បាន​ទទួល​វិញ​ខ្លះ ដោយសារ​អ្នក​ប្រមូល​ហ្នឹង គេ​មាន​សន្តាន​ចិត្ត​ជ្រះ​ថ្លា​ជាមួយ​យើង ប៉ុន្តែ​មនុស្ស​ទាំង​អស់​មិន​សុទ្ធ​តែ​អញ្ចឹង​ណា»។

ទោះ​ជា​យ៉ាងណា សាស្ត្រាចារ្យ​រូប​នោះ​លើក​ឡើង​ថា​ការ​ដាក់​តាំង​វត្ថុបុរាណ​ខ្មែរនៅ​ក្រៅ​ប្រទេស ក៏បានជួយ​ផ្សព្វ​ផ្សាយ​អំពី​ប្រទេស​កម្ពុជា​ផង​ដែរ។

បើ​តាម​លោក វង់ សុធារ៉ា នៅ​មាន​វត្ថុបុរាណ​ផ្សេង​ទៀត ដែលនៅ​កប់​លើ​ទីទួល ឬ​នៅបឹង​ត្រពាំង​នានា​ក្នុង​តំបន់​បុរាណ​កាល​កម្ពុជា៕

XS
SM
MD
LG