វត្ថុបុរាណដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរចំនួន២៨នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងឆ្នាំ២០២២នេះតាមរយៈអនុស្សរណៈរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអាមេរិកដែលបានរឹបអូសពីអ្នកកាន់កាប់និងជួញដូរវត្ថុបុរាណនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រសួងវប្បធម៌កម្ពុជា។
វត្ថុបុរាណប្រមាណជិត៣០នេះស្ថិតក្នុងចំណោមវត្ថុបុរាណជាង១០០ដែលមានអាយុកាលរាប់សតវត្សរ៍ហើយកាលពីកន្លងទៅត្រូវបានឯកភាពដោយកូនស្រីរបស់អ្នកជំនាញវត្ថុបុរាណម្នាក់គឺលោក Douglas Latchford។ ការសម្រេចប្រគល់មកកម្ពុជានេះកើតមានឡើងបន្ទាប់ពីការចរចាជាង៣ឆ្នាំជាមួយកូនស្រីរបស់លោក Douglas Latchford ដែលបានគ្រប់គ្រងវត្ថុបុរាណទាំងនោះ ក្រោយឪពុកបានស្លាប់កាលពីខែសីហាឆ្នាំ២០២០។
ការទាមទារនេះបានឆ្លងកាត់ដំណើរការក្តីនៅតុលាការតាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃរដ្ឋ New York និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាជ្ញាសហរដ្ឋអាមេរិកដែលបានរឹបអូសពីបុគ្គលដែលបានកាន់កាប់បដិមាបុរាណទាំងអស់នោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១២ខែមករា។
វត្ថុបុរាណទាំង២៨នោះរួមមានរូបចម្លាក់ព្រះគណេស ព្រះពុទ្ធបដិមាសតវត្សរ៍ទី៧-៨គ.ស.ធ្វើអំពីថ្មភក់បដិមាព្រះវិស្ណុសតវត្សរ៍ទី១០គ.ស. ធ្វើពីថ្មភក់និងបដិមាព្រះនាងលក្ស្មីសតវត្សរ៍ទី១០គ.ស.ធ្វើពីសំរឹទ្ធ។
ក្រសួងវប្បធម៌ឲ្យដឹងថារូបចម្លាក់ទាំងអស់នេះត្រូវបានលួចយកចេញទៅពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍ឬអំឡុង២០ឆ្នាំមកហើយ។
លោកហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ដែលទទួលបន្ទុកការងារស្វែងរកវត្ថុបុរាណខ្មែរនៅក្រៅប្រទេសប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថារូបបដិមាបុរាណទាំង២៨នេះនឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំនេះហើយវត្ថុបុរាណទាំងនេះគឺទទួលបានពីបុគ្គលមួយចំនួនដែលបានទិញពីលោក Douglas Latchford ដែលត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកថា«រត់ពន្ធវត្ថុបុរាណ»ដែលត្រូវបានគេលួចចេញពីប្រទេសកម្ពុជា។លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៃការបញ្ជូនវត្ថុបុរាណទាំងនោះឡើយ។
លោកថ្លែងថា៖«យើងរង់ចាំទៅថ្ងៃមុខបន្តិចនៅពេលគេបញ្ចប់នីតិវីធីតុលាការហើយអាហ្នឹងគេនឹងប្រគល់ឲ្យយើង»។
មន្រ្តីរូបនោះបន្តថាក្រសួងវប្បធម៌នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការនាំយកវត្ថុបុរាណទាំងនោះនិងវត្ថុបុរាណផ្សេងទៀតមកកម្ពុជាវិញ។លោកបន្ថែមថាមិនមែនត្រឹមតែរូបបដិមាជាង១០០ដែលកូនស្រីរបស់លោក Douglas Latchford ព្រមប្រគល់មកឲ្យកម្ពុជាវិញនោះទេ។
លោកបន្ថែមថា៖«ក្នុងកិច្ចព្រមព្រៀងវាមិនមែនត្រឹមតែ១០០រូបហ្នឹងទេ...នឹងពិនិត្យមើលទៀតថាតើវាមានអ្វីទៀតអត់? ប្រសិនបើយើងស្រាវជ្រាវឃើញបន្តទៀតយើងនឹងធ្វើការជាមួយគ្នាទៀតដើម្បីធ្វើយ៉ាងណានាំវត្ថុទាំងអស់ហ្នឹងមកដើមកំណើតកម្ពុជាវិញ»។
លោកក៏បានបញ្ជាក់ថារូបបដិមានៅមានច្រើនទៀតនៅក្នុងទីផ្សារអន្តរជាតិប៉ុន្តែលោកសុំមិនទាន់បញ្ជាក់អំពីឈ្មោះប្រទេសទាំងអស់នោះទេ។
កាលពីចុងឆ្នាំ២០១៩លោក Douglas ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកថា «រត់ពន្ធវត្ថុបុរាណ» ដែលត្រូវបានគេលួចចេញពីប្រទេសកម្ពុជានិងការសម្រួលឱ្យវត្ថុបុរាណនោះងាយស្រួលលក់នៅលើទីផ្សារវត្ថុសិល្បៈអន្តរជាតិដោយសារលោកបានជួយលាក់បាំងប្រវត្តិបាត់បង់វត្ថុទាំងនោះតាមរយៈការចេញឯកសារក្លែងក្លាយ។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថាវត្ថុបុរាណខ្មែរដែលមានតម្លៃមិនអាចកាត់ថ្លៃបានរួមមានរូបចម្លាក់រចនាបទសម័យអង្គរធ្វើពីសំរឹទ្ធគឺរូបពុទ្ធបដិមាទ្រង់ភ្នែននិងរូបចម្លាក់រចនាបទប្រាសាទកោះកេរធ្វើពីថ្មភក់នៅសតវត្សរ៍ទី១០ជារូបចម្លាក់ព្រះគណេស ។ វត្ថុបុរាណទាំងនេះនឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញដោយសារកិច្ចខិតខំដ៏ល្អរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋ New York និងការិយាល័យស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
ស្ថានទូតបញ្ជាក់ថា៖ «យើងមានការប្តេជ្ញាចិត្តក្នុងការបញ្ចប់នូវការជួញដូរវត្ថុបុរាណខុសច្បាប់ស្វែងរកវត្ថុមានតម្លៃទាំងនេះហើយបញ្ជូនទៅកាន់មាតុភូមិកំណើតវិញ»។
លោក សំបូរ ម៉ាណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តកម្ពុជាថ្លែងថាវត្ថុបុរាណរបស់ខ្មែរទាំងអស់គួរស្ថិតនៅចំទីតាំងដើមនៃប្រទេសសាមីដើម្បីជាការផ្តល់តម្លៃជាប្រវត្តិសាស្រ្តតម្លៃវប្បធម៌និងការថែរក្សា។
លោកបន្ថែមថា៖ «ការបានវត្ថុបុរាណទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាយើងនៅក្នុងពិភពលោកតែមួយ។ យើងទទួលស្គាល់បេតិកភណ្ឌដូនតារបស់យើងទាំងអស់គ្នា។ ដូនតារបស់យើងដែលចង់និយាយនេះគឺជាដូនតាមនុស្សជាតិទោះបីដូនតារបស់ខ្មែរក៏ដោយក៏តម្លៃទាំងអស់នោះបានដាក់បញ្ចូលទៅក្នុងតម្លៃបេតិកភណ្ឌមនុស្សជាតិដូចពិភពលោកទៅហើយ»។
លោកសាស្រ្តាចារ្យបន្តថានៅមានការបាត់បង់វត្ថុបុរាណខ្មែរជាច្រើនទៀតនៅក្នុងសម័យសង្គ្រាមដែលត្រូវបាននាំយកទៅប្រទេសនានានិងប្រទេសជិតខាងជាដើម។ លោកបញ្ជាក់ថាការបាត់បង់វត្ថុបុរាណនេះដូចជា«ការបាត់បង់តម្លៃជាបេតិកភណ្ឌអត្តសញ្ញាណជាតិខ្មែរនិងបាត់បង់ភស្តុតាងបង្ហាញពិភពលោកថាកម្ពុជាជាប្រទេសចំណាស់មួយ»។
លោកថ្លែងថា៖ «ទស្សនៈខ្ញុំគឺថានៅមានច្រើននៅលើពិភពលោក ប៉ុន្តែប្រទេសមួយចំនួនគេបានយកចិត្តទុកដាក់គិតនិងឲ្យតម្លៃទៅលើផលប្រយោជន៍នៃវត្ថុបុរាណទាំងអស់នោះ។ គេខំប្រឹងដូចប្រទេសអាមេរិកាំងអ៊ីចឹង។ គេខំប្រឹងយកមកឲ្យយើងវិញអ៊ីចឹង។ ហើយថ្មីៗទៀតយើងនឹងបាន[វត្ថុបុរាណ]តទៅទៀត»។
លោកបន្តថាការទាមទារវត្ថុបុរាណកម្ពុជាមកវិញក៏មានការលំបាកខ្លះផងដែរ ប៉ុន្តែគឺអាចយោងទៅតាមបញ្ជីឈ្មោះវត្ថុបុរាណដែលបានចុះជាបេតិកភណ្ឌជាតិក្នុងសម័យអាណានិគមបារាំងនិងតាមរយៈការចងក្រងរបស់អ្នកសិក្សាស្រាវជ្រាវមួយចំនួន។ លោកជំរុញឲ្យកូនខ្មែរទាំងអស់ចូលរួមសិក្សាស្វែងយល់ពីវត្ថុបុរាណដើម្បីលើកតម្កើងនិងឲ្យតម្លៃលើវប្បធម៌ជាតិ៕