ស.រ.អាបាននិយាយថាខ្លួន «ខ្វល់ខ្វាយយ៉ាងខ្លាំង» ដោយរបាយការណ៍ដែលថា មានចលនាកងយោធាប្រតិព័ទ្ធចិននៅតាមបណ្តយព្រំដែនជាមួយក្រុងហុងកុងដែលជាដែនដីចិនមានបាតុកម្មលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យរយៈពេល១០សប្តាហ៍បន្តបន្ទាប់គ្នា។
អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អាបាននិយាយថា «យើងលើកទឹកចិត្តប្រទេសចិន និងភាគីទាំងអស់នៅហុងកុងឱ្យស្វែងរកដំណោះស្រាយមួយ ដែលគោរពសេរីភាពប្រជារាស្ត្រក្រុងហុងកុង និងស្វ័យភាពកម្រិតខ្ពស់នៃក្រុងនេះដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមរវាងប្រទេសចិននិងប្រទេសអង់គ្លេស។ វាជាការមានសារៈសំខាន់ដែលរដ្ឋាភិបាលហុងកុងត្រូវតែគោរពសេរីភាពនៃការនិយាយស្តីបញ្ចេញមតិនិងការរួមប្រជុំដោយសន្តិវិធីដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមរវាងចិននិងអង់គ្លេសហើយប្រទេសចិនក៏ត្រូវតែគោរពស្វ័យភាពកម្រិតខ្ពស់របស់ដែនដីហុងកុងផងដែរ»។
នៅពេលដែលបាតុកម្មបានកើនខ្លាំងឡើងៗកាលពីប៉ុន្មានថ្ងៃមុននេះ បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនបានផ្សព្វផ្សាយវីដេអូបង្ហាញឱ្យឃើញកងកម្លាំងសន្តិសុខប្រមូលផ្តុំគ្នានៅផ្នែកម្ខាងទៀតនៃព្រំដែនក្នុងប្រទេសចិនដីគោក។ គេក៏បានចោទប្រកាន់ប៉ូលិសចិនដែរថា បានជ្រៀតចូលក្នុងបាតុកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើតបញ្ហា។
បាតុករម្នាក់ដែលបានចូលរួមក្នុងបាតុកម្មមួយកាលពីពេលថ្មីៗនេះនៅឯចំណតយន្តហោះក្រុងហុងកុងបាននិយាយប្រាប់ VOA ថា «ខ្ញុំមិនឃើញមានហេតុផលសម្រាប់ឱ្យអាជ្ញាធរបញ្ជូនប៉ូលិសប្រទេសចិនដីគោក ឬពួកប៉ូលិសបន្លំខ្លួនចូលក្នុងបាតុកម្មនៅឯអាកាសយានដ្ឋានក្រុងហុងកុងទេ»។
លោកប្រធានាធិបតីស.រ.អា Donald Trump បាននិយាយតាម Twitter កាលពីថ្ងៃអង្គារថា «ពួកស៊ើបការសម្ងាត់របស់យើងបានប្រាប់យើងថា រដ្ឋាភិបាលចិនកំពុងបញ្ជូនពួកទាហានមកកាន់ព្រំដែនជាមួយក្រុងហុងកុង។មនុស្សគ្រប់គ្នាគួរមានការស្ងប់ស្ងាត់ហើយមានសុវត្ថិភាព!»៕