ក្រុមបាតុករនៅក្នុងទីក្រុងហុងកុងបានរៀបចំធ្វើបាតុកម្មចុងសប្តាហ៍បន្តទៀតនៅថ្ងៃសុក្រនេះ។
ជាធម្មតា បាតុកម្មចាប់ផ្តើមធ្វើពីថ្ងៃសៅរ៍ ប៉ុន្តែសម្រាប់ចុងសប្តាហ៍នេះ ក្រុមបាតុករបានចាប់ផ្តើមធ្វើមុនមួយថ្ងៃនៅឯព្រលានយន្តហោះ។ ក្រុមបាតុករមានបំណងធ្វើឲ្យពួកអ្នកធ្វើដំណើរបានដឹងពីការទាមទាររបស់ពួកគេស្នើឲ្យធ្វើកំណែទម្រង់ប្រជាធិបតេយ្យ។ បណ្តាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរនោះ បានចេញការព្រមានការធ្វើដំណើរនៅក្នុងទីក្រុងហុងកុង។
បាតុកម្មនៅទីក្រុងហុងកុងបានឈានចូលដល់ខែទីបីហើយ។
ប្រទេសចិនបានអះអាងថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទីក្រុងហុងកុងបានទទួលការឧបត្ថម្ភពីមជ្ឈិមប្រទេស ប៉ុន្តែមិនបានបង្ហាញភស្តុតាងអ្វីដែលបញ្ជាក់ថាពួកអ្នកនយោបាយនៅមជ្ឈិមប្រទេសជាអ្នកគាំទ្របាតុកម្មនេះទេ។
ភាពតានតឹងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តនេះ នៅតែមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ខណៈបាតុកម្មពេលខ្លះមានអំពើហិង្សាកើតឡើង។
ភាពចលាចលនេះកើតឡើងមុនដំបូងនៅខែមិថុនា ដោយសារសំណើច្បាប់បត្យាប័នដែលអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យទៅប្រទេសចិនដើម្បីកាត់ទោស។
ក្រោយមកបាតុករបានវិវត្តទៅជាចលនាមួយដែលទាមទារឲ្យធ្វើកំណែទម្រង់ប្រជាធិបតេយ្យ៕