អ្នកតវ៉ារាប់ពាន់នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំគ្នាទៅតវ៉ានៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ហុងកុង កាលពីថ្ងៃចន្ទ ដែលបានបង្ខំឲ្យជើងហោះហើរទាំងអស់ត្រូវលុបចោល។
គ្មានសេចក្ដីរាយការណ៍អំពីអំពើហិង្សាដែលបានកើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកបំផុតមួយក្នុងពិភពលោកនេះទេ។ បាតុករបាននាំគ្នាប្រមូលផ្ដុំគ្នានៅខាងក្នុងស្ថានីយ៍អ្នកដំណើរអាកាសចរណ៍កាលពីយប់ថ្ងៃចន្ទ។
កាលពីព្រឹកថ្ងៃចន្ទ នៅតាមដងផ្លូវក្នុងទីក្រុង ហុង កុង បាតុករដែលមានការខឹងសម្បារបាននាំគ្នាបិទផ្លូវនិងប្រឆាំងនឹងបញ្ជារបស់ប៉ូលិសក្នុងការបំបែកហ្វូងបាតុករ បន្ទាប់ពីប៉ូលិសវាយឆ្មក់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើហ្វូងបាតុករ។
មានសេចក្ដីរាយការណ៍ថា មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងសង្កាត់មួយចំនួន ដែលក្លាយជាសមរភូមិពោរពេញដោយផ្សែង និងសំឡេងស្រែកគងរំពងក្នុងយប់នោះ។ អ្នកស្ម័គ្រចិត្តវេជ្ជសាស្ត្រម្នាក់ត្រូវគ្រាប់ចំភ្នែកមួយចំហៀង។ មានសេចក្ដីរាយការណ៍ថា អ្នកកាសែតត្រូវបានគេវាយចំក្បាលនិងអវយវៈផ្សេងៗ។ ចំណែកឯជនដៃដល់ដទៃទៀតបានប៉ះទង្គិចជាថ្មីម្ដងទៀតជាមួយនឹងហ្វូងបាតុករនៅតាមដងផ្លូវ ដូចដែលបានកើតឡើងកាលពីប៉ុន្មានសប្ដាហ៍មុននៅក្នុងតំបន់ Yuen Long ប៉ែកខាងជើង នៅពេលដែលបុរសៗពាក់អាវពណ៌សបានវាយអតិថិជនដោយប្រើប្រាស់ដងឈើ។
រដ្ឋាភិបាលបានរាប់ឃើញមានមនុស្ស៥៤នាក់រងរបួស ដោយរួមទាំងជនរងគ្រោះពីរនាក់ដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរកាលពីថ្ងៃចន្ទ ហើយ២៨នាក់ផ្សេងទៀតមិនមានអាការៈគំរាមកំហែងដល់អាយុជីវិតនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់មន្ទីរពេទ្យ Hospital Authority។
អាជ្ញាធរនៅក្នុងទីក្រុង ប៉េកាំង កាលពីថ្ងៃចន្ទបានហៅការតវ៉ានេះជាអំពើ «ភេរវកម្ម»៕