ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​បង្ខំ​ឲ្យ​ព្រលាន​យន្តហោះ​ហុងកុង​លុប​ចោល​ជើងហោះហើរ​ទាំងអស់នៅ​ថ្ងៃទីពីរ


មន្ត្រី​សន្តិសុខ​ឈរ​យាម នៅ​ច្រក​ចេញ​ដំណើរ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ហុងកុង កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​អង្គារ​នេះ​ជើង​ហោះហើរ​ទាំងអស់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​លុបចោល​ជា​លើក​ទីពីរ​ បន្ទាប់​ពី​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​បាន​ចូល​ធ្វើ​បាតុកម្ម​កាន់កាប់​ស្ថានីយ​សំខាន់​នៅ​ក្នុង​ព្រលានយន្តហោះ​នេះ​ជាថ្មី​ម្តង​ទៀត។

ការ​ប្រកាស​សម្រេច​លុបចោល​ជើង​ហោះហើរ​ដោយ​អាជ្ញាធរ​ព្រលាន​យន្តហោះ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ខ្លួន​បាន​ប្រកាស​ពន្យារ​ពេល​រៀបចំ​ចេញ​ដំណើរ​ដល់​អ្នក​ដំណើរ​ទាំងអស់​ បន្ទាប់​ពី​ក្រុម​បាតុករ​បាន​រារាំង​មិន​ឲ្យ​អ្នក​ដំណើរ​ចូល​ទៅក្នុង​ច្រក​ចេញ​ដំណើរ និង​បាន​ណែនាំ​មិន​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​មកព្រលាន​យន្តហោះ។

ព្រលានយន្ត​បាន​ព្យាយាម​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​មួយថ្ងៃ​បន្ទាប់​ពី​លុបចោល​ជើង​ហោះហើរ​ទាំងក្នុង​និង​ក្រៅស្រុក​អស់​រាប់រយ ដោយ​សារបាតុកម្ម​ដូចគ្នា​នេះ​កាល​ពី​ថ្ងៃចន្ទ។ អ្នកដំណើរខឹងសម្បារ​មួយចំនួន​ដែល​មាន​អារម្មណ៍​អន្ទះអន្ទែង​ចង់​ចាកចេញ​ពី​ទីក្រុងហុង​បាន​ឈ្លោះ​ប្រកែក​ជាមួយ​នឹង​ក្រុមបាតុករ ខណៈ​ភាពតានតឹង​នៅ​ព្រលានយន្តហោះ​នៅ​ថ្ងៃអង្គារ​នេះ បាន​កើនឡើង​កាន់​តែ​ខ្លាំង ដោយសារ​តែអ្នក​ដំណើរ​មួយ​ចំនួន​បាន​រុញ​ក្រុមបាតុករ​សម្រុក​ទៅ​មុខ​ដើម្បី​ចូល​ទៅ​កន្លែង​ចេញ​ដំណើរ។

នាយក​ទីភ្នាក់ងារ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ទីក្រុងហុង​ឲ្យ​ធ្វើ​ការ​អត់ធ្មត់​ និង​ស៊ើបអង្កេត​ទៅ​លើ​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​ឧស័ន្ម​បង្ហូរ​ទឹកភ្នែក​ទៅលើ​ក្រុម​បាតុករ។​

រដ្ឋាភិបាល​បាន​ចេញ​តួលេខ​ចំនួន​មនុស្ស​គ្រោះ​ថ្នាក់​៥៤នាក់​ ដែល​រួមទាំង​មនុស្ស​ពីរនាក់​កំពុង​ព្យាបាល​នៅ​មន្ទីពេទ្យ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃចន្ទ​ និង​មនុស្ស២៨​នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី។ នេះ​បើ​យោង​តាម​អាជ្ញាធរ​របស់​មន្ទីរពេទ្យ៕

XS
SM
MD
LG