កាលពីពីរសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សមាជិកគណបក្សប្រជាធិបតេយ្យឲ្យបំពេញចន្លោះប្រហោងនៅក្នុងច្បាប់សុំសិទ្ធិជ្រកកោនរបស់អាមេរិក បើមិនដូច្នោះទេ អាជ្ញាធរសហព័ន្ធនឹងចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍គ្មានឯកសាររាប់លាននាក់តាមរយៈការវាយឆ្មក់ទ្រង់ទ្រាយធំនានា។ ចាប់តាំងពីពេលនោះមក សហគមន៍ជនអន្តោប្រវេសន៍នៅទូទាំងសហរដ្ឋអាមេរិកបានរៀបចំការតវ៉ាប្រឆាំងនឹងការគំរាមកំហែងនេះ ប៉ុន្តែពលរដ្ឋអាមេរិកាំងមួយចំនួនគិតថា ការចាប់បញ្ជូនខ្លួនគួរតែត្រូវបានធ្វើឡើងជាយូរមកហើយ។
នៅខាងក្រៅការិយាល័យពលរដ្ឋនិងជនអន្តោប្រវេសន៍អាមេរិកក្នុងសង្កាត់ Fairfax រដ្ឋ Virginia ដែលស្ថិតនៅជាយរដ្ឋធានី វ៉ាស៊ីនតោន អ្នកតវ៉ាសិទ្ធិជនអន្តោប្រវេសន៍ទាមទារឲ្យបញ្ឈប់ការវាយឆ្មក់របស់ប៉ូលិសអន្តោប្រវេសន៍ ICE នៅតាមសហគមន៍របស់ពួកគេ។
អ្នកតវ៉ានាំគ្នាស្រែកថា «គ្មានឯកសារ! គ្មានការភ័យខ្លាច!» ពួកគេគឺស្ថិតក្នុងចំណោមក្រុមសកម្មជន ជនអន្តោប្រវេសន៍ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សនានានៅទូទាំងប្រទេស ដែលចេញមកតវ៉ា បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បង្ហោះសារលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី ១៧ ខែ មិថុនា គំរាមចាប់បញ្ជូនបុគ្គលគ្មានឯកសាររាប់លាននាក់ទៅប្រទេសពួកគេវិញ ប្រសិនបើសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមិនព្រមបំពេញចន្លោះខ្វះខាតទៅលើច្បាប់សុំសិទ្ធិជ្រកកោនរបស់អាមេរិកទេនោះ។ លោក ត្រាំ បានទុកពេលឲ្យពួកគេចំនួនពីរសប្ដាហ៍។
អ្នកស្រី Sarah Pierce នៃវិទ្យាស្ថានគោលនយោបាយអន្តោប្រវេសន៍បានថ្លែងថា៖
«ជនអន្តោប្រវេសន៍ភាគច្រើនដែលត្រូវបានឃុំឃាំងនៅព្រំដែនប៉ែកខាងត្បូង មិនទទួលបានការអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិកនោះទេ។ ពួកគេអាចនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅប្រទេសកំណើតវិញភា្លមៗ ប៉ុន្តែប្រសិនបើពួកគេដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន ដំណើរការដាក់ពាក្យរបស់ពួកគេត្រូវការពេលវេលាយូរ។ ពួកគេភាគច្រើនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិក ខណៈដែលពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ដូច្នេះលោកប្រធានាធិបតីគិតថា នោះគឺជាចន្លោះប្រហោងនៅក្នុងប្រព័ន្ធសន្ដិសុខរបស់យើង ដោយសារតែច្បាប់ដែលយើងមានអនុញ្ញាតឲ្យពួកគេចូលមកក្នុងសហរដ្ឋអាមេរិកបាន»។
នេះមិនមែនជាលើកទីមួយទេ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមចាប់បញ្ជូនខ្លួនក្នុងទ្រង់ទ្រាយធំនោះ។ ភា្លមៗបន្ទាប់ពីលោកស្បថចូលកាន់តំណែងកាលពីខែ មករា ឆ្នាំ ២០១៧ លោក ត្រាំ បាននិយាយថា លោកនឹងចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារចំនួនបីលាននាក់ដែលបានប្រព្រឹត្តបទឧក្រិដ្ឋទៅប្រទេសរបស់ពួកគេវិញ។ ប៉ុន្តែលោកមិនដែលបានធ្វើដូចដែលលោកបានលើកឡើងឡើយ។
អ្នកស្រី Andrea Molina ដែលជាអ្នកតវ៉ាម្នាក់បាននិយាយថា៖ «វាគឺជារឿងដ៏គួរឲ្យសោកស្ដាយណាស់។ វាគឺជារឿងដែលយើងជាជនអន្តោប្រវេសន៍ ដឹងយ៉ាងច្បាស់។ រាល់ពេលដែលយើងឃើញព័ត៌មាន យើងដឹងថា គោលនយោបាយនិងនយោបាយទាំងនេះគឺសំដៅចាត់វិធានការមកលើពួកយើង។ នេះគឺជាសង្គមប្រកាន់ស្បែកសនិយម និងជារដ្ឋាភិបាលរើសអើងពណ៌សម្បុរ ដូច្នេះពួកគេយកយើងជាគោលដៅ មិនមែនត្រឹមតែជនជាតិ អ៊ែលសាវ៉ាឌ័រ នោះទេ ប៉ុន្តែគឺមនុស្សគ្រប់ជាតិសាសន៍ រួមទាំងពួកស្បែកខ្មៅផងដែរ»។
ពលរដ្ឋអាមេរិកាំងមួយចំនួនដូចជាលោក William Greene ដែលជាប្រធានសមាគមពលរដ្ឋអាមេរិកាំងសម្រាប់ជនអន្តោប្រវេសន៍ស្របច្បាប់ នៅតែគិតថា ការចាប់បញ្ជូនខ្លួនគួរតែត្រូវបានធ្វើឡើងតាំងពីយូរណាស់មកហើយ។ លោកថ្លែងថា ច្បាប់អន្តោប្រវេសន៍ដែលមាននេះតម្រូវឲ្យប្រធានាធិបតីចាប់បញ្ជូនខ្លួនជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ប៉ុន្តែលោកប្រធានាធិបតីមិនបានធ្វើអញ្ចឹងនោះទេ។
«យើងមិនត្រូវបានការពារពីការឈ្លានពាននោះទេ។ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ដើម្បីរំពឹងថា ច្បាប់ដែលអាមេរិកមានស្រាប់នេះ ដែលតម្រូវឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ត្រូវត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ គួរត្រូវបានអនុវត្ត។ ប៉ុន្តែវាមិនបានកើតឡើងនោះទេ។ ខ្ញុំមានសិទ្ធិក្នុងការរំពឹងថា ច្បាប់ដែលរារាំងនិយោជកមិនឲ្យជួលជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើជាបុគ្គលិកគួរតែអនុវត្ត។ តែវាមិនកើតឡើងនោះទេ»។
ទីភ្នាក់ងារអន្តោប្រវេសន៍និងគយរបស់អាមេរិកបានបដិសេធមិនព្រមផ្ដល់ព័ត៌មានលម្អិតអំពីការវាយឆ្មក់ឬប្រតិបត្តិការណាមួយដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះទេ ហើយពួកគេក៏មិនព្រមបញ្ចេញមុខលើកញ្ចក់កាមេរ៉ានោះដែរ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ អ្នកស្រី Carol Danko អ្នកនាំពាក្យប៉ូលិសអន្ដោប្រវេសន៍ ICE និយាយថា គ្មានពលរដ្ឋអាមេរិកាំងណាម្នាក់ដែលអាចគេចផុតពីសំណាញ់ច្បាប់ឬបំពានដីកាតុលាការបានទេ ហើយជនបរទេសខុសច្បាប់ក៏ដូចគ្នាដែរ។
ខណៈដែលសភាបានអនុម័តលើកញ្ចប់ជំនួយមនុស្សធម៌មួយដែលមានទឹកប្រាក់៤ពាន់៦រយលានដុល្លារ មុនពេលសម្រាកវិស្សមកាលនោះ សភាអាមេរិកមិនបានផ្ដោតយកចិត្តទុកដាក់លើច្បាប់សុំសិទ្ធិជ្រកកោននោះទេ។
នៅពេលដែលកាលបរិច្ឆេទពីរសប្តាហ៍របស់លោក ត្រាំ ជិតផុតកំណត់ ជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅតែគ្មានភាពប្រាកដប្រជា។
លោក Miguel Carpizo ដែលជាអ្នកតវ៉ាម្នាក់ទៀតបានលើកឡើងថា៖
«ខ្ញុំគិតថា មនុស្សភាគច្រើនស៊ាំត្រចៀកទៅនឹងសម្ដីគំរាមកំហែង ដោយសារតែពួកគេរស់នៅក្នុងជីវិតបែបហ្នឹង ប៉ុន្តែពិតណាស់ នៅពេលដែលមានការប្រកាសណាមួយ ពួកគេប្រុងប្រយ័ត្នជាងគេ ព្រោះថាយើងចាប់ផ្ដើមទទួលបានដំណឹងជាមុន ដូចជាមានរថយន្ដវ៉ែន១០គ្រឿងនៅស្ថានីយ៍ចាក់ប្រេង ប៉ុន្តែពេលយើងទៅដល់កន្លែងនោះ គ្មានរថយន្តវ៉ែននោះទេ។ ហេតុការណ៍ដូច្នេះធ្វើឲ្យពួកគេមានការភ័យខ្លាច។ ដូច្នេះពួកគេព្យាយាមសម្ងំលាក់ខ្លួននៅតែក្នុងផ្ទះមិនចេញទៅណា»។
ស្របពេលដែលពលរដ្ឋអាមរិកាំងនាំគ្នាប្រារព្ធពិធីបុណ្យឯករាជ្យរបស់ខ្លួនកាលពីចុងសប្ដាហ៍មុននេះ សហគមន៍ជនអន្ដោប្រវេសន៍បន្តអនុវត្តសិទ្ធិបញ្ចេញមតិដោយសេរីរបស់ពួកគេ។
អ្នកស្រី Nayeli Lopez ដែលជាអ្នកតវ៉ាមួយរូបបាននិយាយថា៖
«យើងត្រូវឲ្យប៉ូលិសអន្តោប្រវេសន៍ ICE ដឹងថា នៅក្នុងសហគមន៍មួយ យើងអាចរួបរួមគ្នាមកទីនេះ ដើម្បីឲ្យពួកគេដឹងថា យើងមិនខ្លាចការចូលឆ្មក់ដូចដែលពួកគេបានធ្វើដាក់សហគមន៍របស់យើងនោះទេ។ ហើយយើងក៏ចង់ឲ្យពួកគេដឹងថា យើងនឹងគាំទ្រអ្នករាល់គ្នា ក្រុមគ្រួសាររបស់យើង សហគមន៍របស់យើង និងខ្លួនយើង ព្រោះថា បើទោះជាយើងគ្មានឯកសារ ក៏យើងមិនខ្លាចនោះដែរ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា