ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ព័ត៌មាន​ឲ្យ​ដឹង​ថា​លោក​ត្រាំ បញ្ជាឲ្យចាប់​ខ្លួនជន​ចំណាក​ស្រុក​ដែល​បាន​ទទួល​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​អាមេរិក


រូបភាពឯកសារ៖ ភ្នាក់ងារ​ជនអន្តោប្រវេសន៍​និង​គយ​ចាប់ខ្លួនមនុស្ស​នៅ​ទីក្រុង Richmond។

លោក​ប្រធានាធិបតីស.រ.អា. Donald Trump បាន​បញ្ជាក្រុម​មន្ត្រី​ពង្រឹង​ច្បាប់​អន្តោ​ប្រវេសន៍ ធ្វើ​ការ​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ណា ដែល​បាន​ទទួល​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ស.រ.អា. នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយ ដែល​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យនេះ នេះ​បើ​យោង​តាម​របាយ​ការណ៍​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​ស.រ.អា.។

កិច្ច​ប្រតិបត្តិការ​ដែល​រាយការណ៍​ដោយ​កាសែត​ The Washington Post មុន​គេ​នោះ នឹង​សំដៅ​ទៅ​លើ​គ្រួសារ​ចំនួន​២​ពាន់ នៅ​ក្នុង​បណ្តា​ទី​ក្រុង​ធំៗ ដូច​ជាទីក្រុង Houston ក្រុងChicago​ ក្រុង Miami ក្រុង Los Angeles និង​ទី​ក្រុង New York​ ជាដើម។

លោក Trump ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ Twitter របស់​លោក​ថាស.រ.អា.នឹង​ចាប់​ផ្តើម​ បណ្តេញ​ជន​បរទេស​ខុស​ច្បាប់​រាប់​លាន​នាក់ ចេញ​ពី​ស.រ.អា. នៅសប្តាហ៍​ក្រោយ ប៉ុន្តែសេចក្តី​ប្រកាស​នេះ​ហាក់​ដូច​ជា ធ្វើ​ឲ្យ​ក្រុម​មន្ត្រី​អន្តោ​ប្រវេសន៍​អាមេរិក មាន​ការ​ភ្ញាក់​ផ្អើល។

មន្ត្រី​រដ្ឋាភិបាល​ស.រ.អា. បាន​និយាយ​ថា ផែនការ​បណ្តេញ​មនុស្ស​ចេញ​ពី​ប្រទេស​នេះ បាន​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​អស់​ពេល​ជា​ច្រើន​ខែ​រួច​មក​ហើយ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​អន្តោ​ប្រវេសន៍ បាន​និយាយកាល​ពី​ដើម​សប្តាហ៍​នេះ​ថា ការ​តាម​ចាប់ក្រុ​ម​គ្រួសារ​ជន​ចំណាក​ស្រុក​នេះ នឹង​មិនទាន់​ធ្វើឡើង​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ៕

XS
SM
MD
LG