ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ពន្យាពេល​គម្រោង​សម្រុក​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​នៅ​ក្នុង​សួ​នសេតវិមានក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២២ មិថុនា​ ឆ្នាំ២០១៩។

នៅ​ក្នុង​វិធានការ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​នឹង​ពន្យាពេល​ពីរ​សប្ដាហ៍​ទៀត​នូវ​គម្រោង​សម្រុក​ចាប់​ខ្លួន [ជន​អន្តោប្រវេសន៍​ខុស​ច្បាប់] ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា៖ «តប​តាម​សំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ ខ្ញុំ​បាន​ពន្យាពេល​ដំណើរការ​ចាប់​ខ្លួន​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​សហរដ្ឋ​អាមេរិក​រយៈពេល ២ សប្ដាហ៍ទៀតដើម្បី​មើល​ថា​តើ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​រឿង​សុំ​សិទ្ធិ​ជ្រក​កោន និង​បញ្ហា​ចន្លោះ​ប្រហោង​នានា​នៅ​ឯ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក‍​បាន​ដែរ​ឬ​ក៏​យ៉ា ង​ណា​នោះ»។

កន្លង​មក សេចក្ដី​រាយការណ៍​នានា​ដែល​ថា ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​មាន​គម្រោង​ធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តាម​ទីក្រុង​សំខាន់ៗ​ជា​ច្រើន ដោយ​អ្នក​ទាំង​នោះ​បាន​ថ្កោលទោស​ផែនការ​នេះ និង​បាន​ផ្ដួចផ្ដើម​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ផែនការ​នេះ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​និយាយ​ជាមួយ​នឹង​លោក Trump កាល​ពី​យប់​ថ្ងៃ​សុក្រ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ពន្យាពេល​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត the Associated Press ដោយ​ស្រង់​សម្ដី​របស់​មនុស្ស​ម្នាក់​ដែល​ដឹង​អំពី​ស្ថានការណ៍​នេះ។

អ្នកស្រី Pelosi បាន​ស្នើ​លោក Trump ឲ្យ​លុប​ចោល​ផែនការ​សម្រុក​ចូល​ចាប់​ខ្លួន​នេះ។ អ្នកស្រី​ក៏​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ផង​ដែរ មុន​ពេល​លោក Trump ប្រកាស​អំពី​ការ​ពន្យាពេល​នេះ ហើយ​អ្នកស្រី​បាន​សុំ​ឲ្យ​លោក Trump បង្ហាញ​ការ​អាណិត​អាសូរ​ដូច​គ្នា​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​លោក​សម្រេច​លុប​ចោល​នូវ​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG