ពួកអាជ្ញាធរសហរដ្ឋអាមេរិកកំពុងសុំឲ្យសាធារណជនជួយនៅក្នុងការស្វែងរកពលរដ្ឋចិនអាយុ២៨ឆ្នាំម្នាក់ដែលបានបាត់ខ្លួនកាលពី៥សប្តាហ៍មុន ដែលជាជនរងគ្រោះនៃការចាប់ជម្រិតក្នុងតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលអាចធ្វើឡើងដោយបុរស៣នាក់ដែលស្គាល់លោក។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងទីភ្នាក់ងារពង្រឹងច្បាប់កំពុងស្វែងរកលោក Tony Liao Ruochen ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ដែលត្រូវបានគេឃើញលើកចុងក្រោយចេញពីជំនួបពាណិជ្ជកម្មមួយនៅក្នុងទីក្រុង San Gabriel ភាគខាងកើតទីក្រុង Los Angeles។ កាលពីដំបូង ពួកអ្នកចាប់ជម្រិតបានទារប្រាក់២លានដុល្លារដែលជាប្រាក់លោះ ក៏ប៉ុន្តែមិនបានឮចាប់តាំងពីពេលនោះមក។
ពួកអាជ្ញាធរបានបញ្ចេញរូបគំនូរវាសរបស់បុរសម្នាក់កាលពីថ្ងៃចន្ទដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ «ដាវីដ» ដែលគេសង្ស័យថាជាជនសង្ស័យចាប់ជម្រិតគេម្នាក់នៃជនសង្ស័យចាប់ជម្រិតគេ៣នាក់ ហើយជននោះបានស្ថិតនៅឯជំនួបជាមួយលោក Liao ដែរ។ ក៏ប៉ុន្តែ ពួកអាជ្ញាធរមិនបានពណ៌នាបុរស២នាក់ផ្សេងទៀតបានពាក់ព័ន្ធនៅក្នុងការចាប់ជម្រិតនោះទេ។ ពួកគេទាំងអស់ត្រូវបានគេជឿជាក់ថា ជាជនជាតិចិន។
លោក Matthew Lombard ជាមេធាវីរបស់គ្រួសារបាននិយាយថា លោក Liao បានលក់រថយន្តទំនើបដែលប្រើរួចដ៏ថ្លៃបំផុត។
លោក Lombard បាននិយាយទៀតថា «ប្រសិនបើ ពួកគេអាចរកឃើញបុគ្គលឈ្មោះ ដាវីដនេះ ពួកគេនឹងរកឃើញលោក Liao ដែរ»។
មេធាវីបាននិយាយថា លោក Liao បានរស់នៅរដ្ឋកាលីហ្វ័រញ៉ា៤ឬ៥ឆ្នាំហើយបន្ទាប់ពីបានចូលរៀននៅសាលារមួយនៅក្នុងរដ្ឋ Nebraska តំបន់កណ្តាលភាគខាងលិចសហរដ្ឋអាមេរិក៕