កាលពីថ្ងៃពុធសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុននានានៅក្នុងប្រទេសចិន រុស្ស៊ី និងសិង្ហបុរី ដែលខ្លួននិយាយថា បានរំលោភការដាក់ទណ្ឌកម្មពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ដែលជាការប៉ុនប៉ងនៅពេលថ្មីៗបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនពាណិជ្ជកម្មចិន Dalian Sun Moon Star International Logistics Trading រួមជាមួយក្រុមហ៊ុន SINSMS ដែលមានទីតាំងនៅក្នុងប្រទេសសិង្ហបុរីពីការធ្វើឯកសារក្លែងក្លាយដើម្បីបន្ធូរបន្ថយការដឹកជញ្ជូនខុសច្បាប់ដូចជា ស្រា និងបារីចូលក្នុងប្រទេសកូរ៉េខាងជើងដែលបានធ្វើឲ្យក្រុមហ៊ុននោះមានប្រាក់សរុបជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
សហរដ្ឋអាមេរិកក៏និយាយដែរថា ក្រុមហ៊ុន Profinet Ltd នៅក្នុងប្រទេសរុស្ស៊ីបានរំលោភការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយការផ្តល់កំពង់ផែដល់នាវាដាក់ទង់ជាតិកូរ៉េខាងជើងដែលពាក់ព័ន្ធក្នុងនាវាដឹកជញ្ជូនប្រេងនៅឯកំពង់ផែ៣នៅភាគខាងកើតប្រទេសរុស្ស៊ី។
ការដាក់ទណ្ឌកម្មបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅក្នុងសហរដ្ឋអាមេរិកហើយបានរារាំងមិនឲ្យជនជាតិអាមរិកកាំងធ្វើពាណិជ្ជកម្មជាមួយពួកគេ។
ក្នុងការប្រកាសការដាក់ទណ្ឌកម្មនេះ លោករដ្ឋមន្ត្រីក្រសួងរតនាគារ Steven Mnuchin បាននិយថា ក្រសួងរតនាគារ នឹងបន្តអនុវត្តទណ្ឌកម្មដែលមាននៅកូរ៉េខាងជើង៕