ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន ​ដែល​មាន​ទឹក​ប្រាក់ ២ រយ​ពាន់​លាន​ដុល្លារ​


ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald⁠ Trump) បាន​សម្រេច​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald⁠ Trump) បាន​សម្រេច​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​ដែល​មាន​ទឹក​ប្រាក់ ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​លោក​អាច​នឹង​ប្រកាស​អំពី​ការ​សម្រេច​នេះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដោយ​យោង​តាម​ប្រភព​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ កាសែត Washington Post និង​កាសែត Wall Street Journal បាន​រាយការណ៍​ថា លោក Trump នឹង​សម្រេច​យក​ពន្ធ​គយ​នេះ​ចំនួន ១០ ភាគរយ។

កន្លង​មក លោក Trump បាន​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ​រួច​មក​ហើយ​លើ​ទំនិញ​ដែក​ថែប និង ១០ ភាគរយ​លើ​អាលុយមីញ៉ូម ក៏​ដូចជា ២៥ ភាគរយ​លើ​ទំនិញ​ផ្សេងៗ​ទៀត​ក្នុង​ទឹក​ប្រាក់ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន។

ការ​គ្រោង​នឹង​យក​ពន្ធ​គយ​ថ្មី​បន្ថែម​ទៀត​នេះ នឹង​បង្អាក់​ដល់​ក្ដី​សង្ឃឹម​នៃ​ការ​កាត់​បន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយសារតែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ចិន​បាន​ស្វាគមន៍​សំណើ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រៀបចំ​ការ​ពិភាក្សា​ថ្មី​មួយ​អំពី​បញ្ហា​ពាណិជ្ជកម្ម៕

XS
SM
MD
LG