របាយការណ៍មួយរបស់រដ្ឋាភិបាលស.រ.អា.និយាយថា ការប៉ះទង្គិចនៃការប្រែប្រួលអាកាសធាតុដែលមានរួមបញ្ចូលខ្យល់ព្យុះខ្លាំងៗ ការរាំងស្ងួតនិងភ្លើងឆេះព្រៃមានភាពអាក្រក់ជាងមុននៅក្នុងស.រ.អា.។
សេចក្តីរាយការណ៍នេះដែលបានត្រូវសរសេរដោយមានជំនួយពីទីភ្នាក់ងាររដ្ឋាភិបាលនិងក្រសួងស.រ.អា.ចំនួន១២ជាញឹកញយផ្ទុយពីសេចក្តីថ្លែងការណ៍និងគោលនយោបាយរបស់ប្រធានាធិបតីស.រ.អា. Donald Trump។
របាយការណ៍របស់រដ្ឋាភិបាលស.រ.អា.ដែលបានទទួលអាណត្តិពីសភាស.រ.អា.បានត្រូវចេញផ្សាយដោយស្ងាត់ៗកាលពីថ្ងៃសុក្រទី២៣ ខែវិច្ឆិកានៅក្នុងពេលបុណ្យមួយនៅដំណាច់សប្តាហ៍។ នៅពេលបន្ទាប់មក សេតវិមានបានបដិសេធថា សេចក្តីរាយការណ៍នេះមិនត្រឹមត្រូវ។ នេះបើតាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Lindsay Walters អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រទី២២ ខែវិច្ឆិកាថា របាយការណ៍នេះ«ផ្អែកភាគច្រើនទៅលើ scenario ជ្រុលបំផុតដែលផ្ទុយពីនិន្នាការដែលមានយូរមកហើយដោយសន្មតថា មានបច្ចេកវិជ្ជានិងការបញ្ចូលរបៀបថ្មីមានកម្រិតនិងការមានមនុស្សច្រើនជាងមុនយ៉ាងលឿន»។
ការសិក្សាវាយតម្លៃអំពីធាតុអាកាសប្រទេសជាតិដែលភាសាអង់គ្លេសហៅថា «National Climate Assessment» ដែលមានទាំងអស់ជាង១ពាន់ទំព័រ បានព្រមានអំពីមហន្តរាយខាងអាកាសធាតុដែលខ្លាំងនិងយូរជាងមុនដែលជាផ្នែកបណ្តាលមកពីសារធាតុអាកាសសាកលក្តៅជាងមុន។
ការសិក្សាវាយតម្លៃនេះបាននិយាយថា មហន្តរាយខាងធាតុអាកាសបែបនេះមានភាពសាំញ៉ាំជាងមុននៅទូទាំងប្រទេសហើយបានព្រមានថា បើគ្មានសកម្មភាពទប់ទល់ទេ មហន្តរាយទាំងនេះនឹងមានភាពអាក្រក់ជាងមុនថែមទៀត។
នៅពេលដែលរបាយការណ៍នេះចៀសវាងមិនផ្តល់អនុសាសន៍អំពីគោលនយោបាយក៏ដោយ ក៏វាបាននិយាយថា មនុស្សត្រូវតែចាត់វិធានការដើម្បីបញ្ឈប់មហន្តរាយខាងធាតុអាកាសក្នុងពេលអនាគត«សម្រាប់បញ្ចៀសការខូចខាតច្រើនក្រាស់ក្រែលដល់សេដ្ឋកិច្ចស.រ.អា. បរិស្ថាននិងសុខភាពមនុស្សព្រមទាំងសុខុមាលភាពក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខ»។
សេចក្តីរាយការណ៍នេះបានឲ្យដឹងថា «គ្រោះថ្នាក់ក្នុងពេលអនាគតដោយសារការប្រែប្រួលអាកាសធាតុអាស្រ័យជាដំបូងទៅលើសេចក្តីសម្រេចចិត្តដែលត្រូវធ្វើនៅថ្ងៃនេះ»។
របាយការណ៍នេះបានទស្សន៍ទាយថា ការប្រែប្រួលធាតុអាកាសនឹងធ្វើឱ្យសេដ្ឋកិច្ចស.រ.អា.ខាតបង់ប្រាក់រាប់រយពាន់លានដុល្លារ មិនហួសពីដំណាច់សតវត្សរ៍នេះទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់របស់វាហើយបាននិយាយដែរថា អាកាសធាតុពិភពលោកក្តៅជាងមុននឹងមានផលប៉ះពាល់ខ្លាំងដល់ក្រុមជនទីទាល់ក្រ។
ការសិក្សាវាយតម្លៃអំពីធាតុអាកាសប្រទេសជាតិនៅឆ្នាំនេះជាលើកទីបួនហើយដែលរដ្ឋាភិបាលស.រ.អា.បានចេញផ្សាយការពិនិត្យមើលយ៉ាងទូលំទូលាយមួយអំពីការប្រែប្រួលអាកាសធាតុហើយជាការស្ទង់ប៉ាន់មើលលើកទីមួយដែលបានធ្វើនៅក្នុងរដ្ឋបាល Trump។ របាយការណ៍ចុងក្រោយបំផុតបានធ្វើឡើងកាលពីឆ្នាំ២០១៤។
ក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលចំនួន១៣ដែលមានរួមបញ្ចូលក្រសួងកសិកម្មនិងទីភា្នក់ងារ NASAផងដែរគឺជាផ្នែកនៃគណៈកម្មាធិការមួយដែលមានពួកអ្នកស្រាវជ្រាវជាង៣០០នាក់ដែលបានរៀបរៀងការសិក្សាវាយតម្លៃនេះ។
មនុស្សមួយចំនួន ដែលទាក់ទិននឹងរបាយការណ៍នេះ បាននិយាយប្រាប់កាសែត The Washington Post ថា ការចេញផ្សាយសេចក្តីរាយការណ៍នេះបានត្រូវគ្រោងធ្វើជាដំបូងនៅដើមខែធ្នូ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេបាននិយាយថា នៅក្រោយការជជែកដេញដោលគ្នានៅក្រោយឆាកអំពីពេលណានឹងផ្សាយសេចក្តីរាយការណ៍នេះជាសាធារណៈ ពួកមន្ត្រីរដ្ឋបាលបានសម្រេចយកថ្ងៃសុក្រនៅក្រោយថ្ងៃបុណ្យ Thanksgiving ដែលជាប្រពៃណីជាថ្ងៃមួយមិនសូវមានដំណឹងទេក្នុងពេលមួយឆ្នាំៗ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រទី២៣ខែវិច្ឆិកា ពួកអ្នកនិពន្ធសេចក្តីរាយការណ៍នេះបាននិយាយថា «គ្មានការជ្រៀតជ្រែកពីខាងក្រៅទេ» នៅក្នុងការសិក្សាវាយតម្លៃនេះ។ លោក David Reidmiller នាយកនៃរបាយការណ៍នេះបាននិយាយថា សំណួរអំពីពេលវេលានៃការចេញផ្សាយសេចក្តីរាយការណ៍នេះ «មានភាពទាក់ទង»ក៏ប៉ុន្តែបាននិយាយថា មាតិកានៃរបាយការណ៍នេះមានសារៈសំខាន់ជាងនេះ។
រដ្ឋបាល Trump បានលុបចោលបទបញ្ញត្តិមួយចំនួនដែលបានបង្កើតឡើងនៅក្នុងរដ្ឋបាលលោកអតីតប្រធានាធិបតី Barack Obama ហើយបានឧបត្ថម្ភផ្ចុងផ្តើមការផលិតប្រេងឥន្ធនៈ fossil ថែមទៀតផង។
កាលពីឆ្នាំទៅមិញ លោក Trump បានប្រកាសអំពីបំណងរបស់លោកក្នុងការដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសកាលពីឆ្នាំ២០១៥ដែលបានត្រូវចុះហត្ថលេខាដោយប្រទេសជាតិជិត២០០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកបាននិយាយបង្ហាញហេតុផលថា កិច្ចព្រមព្រៀងនេះនាំឱ្យមានផលប៉ះពាល់មិនល្អដល់សេដ្ឋកិច្ចស.រ.អា. ហើយលោកបាននិយាយបន្ថែមថា មានភស្តុតាងតិចតួចអំពីផលប្រយោជន៍ខាងបរិស្ថាននៃកិច្ចព្រមព្រៀងនេះ។
លោក Trump និងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីលោកមានការសង្ស័យអំពីវិទ្យាសាស្ត្រនៃការប្រែប្រួលអាកាសធាតុ ដោយបាននិយាយថា បុព្វហេតុនៃធាតុអាកាសសាកលក្តៅជាងមុន មិនទាន់បានត្រូវដោះស្រាយរួចនៅឡើយទេ។
របាយការណ៍កាលពីថ្ងៃសុក្រនោះក៏បាននិយាយយោងដល់ការសិក្សាឯទៀតៗអំពីធាតុអាកាសដែលនិយាយថា ដើមហេតុជាង៩០ភាគរយនៃការធ្វើឱ្យធាតុអាកាសសាកលក្តៅជាងមុននៅពេលបច្ចុប្បន្ននេះបណ្តាលមកពីមនុស្ស៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ