ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះព្រៃ​នៅ​រដ្ឋ កាលីហ្វ័រញ៉ា រាលដាល​កាន់​តែ​ខ្លាំង​និង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៣​នាក់


ម្ចាស់​ផ្ទះ​ម្នាក់​ឈ្មោះ Will Buckley ប្រើ​ប៉ែល​ចូក​ដី​ដើម្បី​ពន្លត់​អណ្តែត​ភ្លើង​ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ភ្លើង​ឆេះព្រៃ​បាន​រាលដាល​នៅ​ក្នុង​រដ្ឋ កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ ភ្លើងឆេះព្រៃ​នេះ​បាន​រាលដាលកាន់​តែ​ខ្លាំង​ជាមួយ​នឹង​កម្លាំង​ខ្យល់​ខ្លាំង​និង​អាកាសធាតុ​ស្ងួត។

តួលេខ​អ្នក​ស្លាប់​មាន​ចំនួន​២៣​នាក់ ហើយ​អាច​នឹង​បន្ត​កើនឡើង​ទៀត ខណៈ​ដែល​ក្រុម​ការងារ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​តំបន់​ដ៏​ធំ​សម្បើម​នេះ​ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ក្លាយ​ជា​ផេះ។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​នោះ​ទេ។

អាជ្ញាធរ​និយាយ​ថា​ភ្លើង​ឆេះព្រៃ​មួយ​ក្នុង​ចំណោម​នោះ​អាច​គ្រប់គ្រង​បាន​ប្រមាណ​២០​ភាគរយ ក្រៅ​ពី​នោះ អាច​គ្រប់គ្រង​បាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ។

ភ្លើងឆេះព្រៃ Woolsey Fire និង​ភ្លើង​ឆេះព្រៃ Hill Fire នៅ​ប៉ែក​ខាង​ត្បូង​រដ្ឋ កាលីហ្វ័រញ៉ា និង​ភ្លើង​ឆេះព្រៃ Camp Fire នៅ​ប៉ែក​ខាង​ជើង​រដ្ឋ​នេះ បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​អាកាសធាតុ​ស្ងួត​និង​ខ្យល់​បក់​ខ្លាំង។

ក្រុម​មន្ត្រី​និយាយ​ថា ភ្លើង​ឆេះព្រៃ Camp Fire បាន​ក្លាយ​ជា​ភ្លើង​ឆេះព្រៃ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋនេះ ហើយ​ក្លាយ​ជា​ភ្លើង​ឆេះព្រៃ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ច្រើន​បំផុត​លំដាប់​ទី​បី។ ​

កាល​ពី​ឆ្នាំ​២០១៧​ ភ្លើង​ឆេះព្រៃ Tubbs Fire បាន​ដុត​បំផ្លាញ​ដី​ទំហំ​១ម៉ឺន​៦​ពាន់​ហិកតា​នៅ​សង្កាត់ Lake សង្កាត់ Napa និង​សង្កាត់ Sonoma និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភ្លើង​ឆេះព្រៃ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​នេះ។ ភ្លើង​ឆេះព្រៃ Tubbs Fire នេះ បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២២​នាក់​និង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាង​៥៥០០​ខ្នង​ផង​ដែរ៕

XS
SM
MD
LG