ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចុះ​ហត្ថលេខា​របស់​សហរដ្ឋ​អាមេរិក​លើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​ជា​មួយ​ប៉ាពូអាស៊ីនូវែលហ្គីណេ​ធ្វើ​ឱ្យ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​


រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​លោក​ Antony Blinken (ឆ្វេង) ចាប់​ដៃ​ជាមួយ នាយក​រដ្ឋមន្ត្រី​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ (Papua New Guinea) នៅ​រដ្ឋធានី​ព័រម៉ូរេសប៊ី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣។
រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​លោក​ Antony Blinken (ឆ្វេង) ចាប់​ដៃ​ជាមួយ នាយក​រដ្ឋមន្ត្រី​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ (Papua New Guinea) នៅ​រដ្ឋធានី​ព័រម៉ូរេសប៊ី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​លោក​ Antony Blinken ​ទៅ​កាន់​ប្រទេស​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​សហ​រដ្ឋ​អាមេរិក-ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​នេះ​ ​គូស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ពី​លោក​ប្រធានាធិបតី ​Joe Biden​ លើ​បណ្តា​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក ​ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់។

នៅ​ទីក្រុង​ព័រម៉ូរេសប៊ី ​លោក ​Blinken ​កាលពី​សប្តាហ៍​មុន​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ ​និង​កិច្ច​ព្រមព្រៀង​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ។​

កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​នឹង​ផ្តល់​ឱ្យ​សហ​រដ្ឋ​អាមេរិក​នូវ​ការ​ចេញ​ចូល​ដ៏​សំខាន់​ទៅ​កាន់​ដែន​ទឹក​របស់​ប្រទេស​នៅ​ដែន​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ ​ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​ថា ​តើ​វត្តមាន​ឆ្មាំ​សមុទ្រ​អាមេរិក​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់ប្រទេស​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ​ដែរ​ ឬ​ទេ។​

ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​នេះ ​និស្សិត​នៅ​សាកល​វិទ្យាល័យ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ និង​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​បាន​រៀបចំ​ការ​តវ៉ា​មួយ​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​ដែល​បាន​ស្នើ​ឡើង។​

និស្សិត​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ ​និង​ទាមទារ​ឱ្យ​កិច្ច​ព្រមព្រៀង​នេះ​មាន​ការ​ត្រួត​ពិនិត្យ​ជា​សាធារណៈ​ និង​មាន​តម្លាភាព​ មុន​ពេល​វា​ត្រូវ​បាន​ចុះ​ហត្ថ​លេខា។​
មន្ត្រី​ជាន់​ខ្ពស់​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ​បាន​ថ្លែង​ថា ​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ពិនិត្យ​ដោយ​សភា​ និង​មេធាវី​រដ្ឋាភិបាល ​មុន​ពេល​វា​ត្រូវ​បាន​ចុះ​ហត្ថលេខា ​និង​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​ចែក​ចាយ​ដល់សាធារណ​ជន​ក្នុង​ពេល​ឆាប់ៗ​នេះ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៃ​វេទិកា​សហ​រដ្ឋ​អាមេរិក-ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​នេះ​ ​ នាយក​រដ្ឋមន្ត្រី​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ ​លោក ​James Marape​ បាន​ថ្លែង​ថា ​ ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​នឹង​មិន​រារាំង​ដល់​ការ​កសាង​ទំនាក់​ទំនង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ដទៃ​ គឺ​មិន​ដូច​ការ​លើកឡើង​ក្នុង​សេចក្តី​ព្រាង​ដែល​បែក​ធ្លាយ​មុន​ពេល​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​នោះ​ទេ។​

លោក​ Marape ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «វា​នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​របស់​ប៉ាពូ​អាស៊ី​នូវែល​ហ្គីណេ ​ដែល​យើង​មាន​ជាមួយ​ប្រទេស​ផ្សេង ​ហើយ​ដែល​យើង​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​នោះ​ទេ​ មិន​ថា វា​ជា​ទំនាក់ទំនង​យោធា ​ឬ​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​នោះ​ទេ។ ​វា​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន ​អូស្ត្រាលី ​ចក្រភព​អង់គ្លេស ​ជប៉ុន ​ឬ​ឥណ្ឌា ​ឬ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។ ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​រំខាន​យើង​ក្នុង​ការ​បន្ត​កិច្ចការ​របស់​យើង​ក្នុង​រូបភាព​ និង​ទម្រង់​ណា​មួយ​នោះ​ទេ»។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​អំពី​សារៈសំខាន់​នៃ​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់​នោះ​ ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​លោក​ Blinken ​បាន​ថ្លែង​ថា៖ ​«យើង​ទទួល​ស្វាគមន៍​ការ​រួម​ចំណែក​របស់​បណ្តា​ប្រទេស​ផ្សេង​ទៀត ​រួម​ទាំង​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ផង​ដែរ​ ចំពោះ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ​ដរាប​ណា​ពួកគេ​កាន់​ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់​បំផុត ​ដែល​រួម​មាន​ទាំង​តម្លាភាព ​និង​នីតិរដ្ឋ»។​

លោក​បាន​បន្ថែម​ទៀត​ថា៖​ «ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​នឹង​ចូល​រួម​ក្នុង​តំបន់​ក្នុង​នាម​ជា​ដៃ​គូ ​ហើយ​បើ​មាន​ការ​ប្រកួត​ប្រជែង​ ត្រូវ​ប្រកួត​ប្រជែង​ឱ្យ​ខ្លាំង។ ​នេះ​ហើយ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បាន។ ​ហើយ​យើង​គ្រាន់​តែ​ចង់​ឃើញ​នរណា​ម្នាក់​ចូល​រួម​តាម​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ចក្ខុវិស័យ​រួម​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហ»។​

ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​បង្កើន​វត្តមាន​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក សហរដ្ឋ​អាមេរិក​ក៏​បាន​បើក​ស្ថានទូត​នៅប្រទេស Solomon Islands ​និង​ប្រទេស​តុងហ្គា​នៅ​ឆ្នាំ​នេះ ​និង​កំពុង​ពិភាក្សា​ដើម្បី​បើក​ស្ថានទូត​នៅ​ប្រទេស​គីរីបាទី ​និង​វ៉ានូទូ​ផង​ដែរ។​

ឯកសារ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ ចាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២​មក អ្នក​ស្ម័គ្រ​ចិត្ត​របស់​ទីភ្នាក់ងារ ​Peace Corps ​បាន​ត្រឡប់​ទៅ​តំបន់​ប៉ាស៊ីហ្វិក​ ហើយ​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ហ្វីជី ​សាម័រ ​និង​តុងហ្គា ​ហើយ​នឹង​ត្រឡប់​ទៅ​ប្រទេស​វ៉ានូទូ​វិញ​នៅ​ឆ្នាំ​នេះ។​

ទីភ្នាក់ងារ ​Peace Corps ​ក៏​កំពុង​វាយ​តម្លៃ​លើ​ការ​បង្កើត​ប្រតិបត្តិ​ការ​ឡើង​វិញ​នៅ​ប្រទេស​ដែន​កោះ Solomon Islands ​ កោះ Palau ​និង​រដ្ឋ​សហ​ព័ន្ធ​មីក្រូណេស៊ី​ផង​ដែរ។​

ចំណុច​សំខាន់​មួយ​ទៀត​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​នេះ​គឺ​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។​

ក្នុង​ពេល​ថ្មីៗ​នេះ ​ព្យុះ​ធំៗ ​និង​ការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​បាន​វាយ​ប្រហារ​លើ​ប្រទេស​ដែនកោះ​ប៉ាស៊ីហ្វិក។​ រហូត​មក​ដល់​ពេល​នេះ ​ទី​ភ្នាក់ងារអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ(USAID)​ បាន​ជួយ​បណ្តា​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក ​ដោយ​បាន​ស្វែង​រក​ទឹកប្រាក់​ជាង ​៥០០ ​លាន​ដុល្លារ​ពី​អង្គការ​អន្តរជាតិ​ដូចជា ​មូលនិធិ​អាកាសធាតុ​បៃតង​ (GCF) មូលនិធិ​បន្សាំ​នឹង​អាកាសធាតុ ​និង​ឥណទាន​បរិស្ថាន​សាកល។ ​ផែនការ​នេះ​ក៏​កំពុង​ត្រូវ​បាន​រៀបចំ​ផង​ដែរ ​ដើម្បី​ផ្តល់​នូវ​ថាមពល​ដែល​មាន​គុណភាព​ និង​និរន្តភាព​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ​ឌីជីថល​ សុខភាព ​ហើយ​ដែល​ធន់​នឹង​អាកាស​ធាតុ។​

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែន​កោះ ​Cook Islands ​គឺ​លោក ​Mark Brown ​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​ក្រុម​ប្រទេស​ G-7 ​ក្នុង​ពេល​ថ្មីៗ​នេះ ​ដែល​រួម​មាន​ការ​ទទួល​ស្គាល់ ​និង​ការ​គាំទ្រ​ដល់​យុទ្ធសាស្រ្ត​ឆ្នាំ​២០៥០​របស់​យើង​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​ពណ៌​ខៀវ​ ក៏​ដូចជា​អាទិភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​តំបន់ ​ដូចជា​ការ​រៀបចំ​បំណុល​ឡើង​វិញ ​និង​កំណែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ»។​

យុទ្ធសាស្ត្រ​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​មាន​បរិស្ថាន​ល្អ​នៅ​ឆ្នាំ​២០៥០​ទទួល​ស្គាល់​តំបន់​ដែន​កោះ​ប៉ាស៊ីហ្វិក​ថា​ ជា​តំបន់​មួយ​ដែល​មាន​ភូមិ​សាស្ត្រ ​វប្បធម៌ ​និង​បញ្ហា​ប្រឈម​នានា​ប្រទាក់​គ្នា។​ យុទ្ធសាស្ត្រ​នេះ​ក៏​ជា​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​បណ្តា​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​រយៈ​ពេល​ ៣០ ​ឆ្នាំ​ខាង​មុខ​ផង​ដែរ៕​

XS
SM
MD
LG