អ្នកចរចារអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើការពិភាក្សាពាណិជ្ជកម្មជាន់ខ្ពស់លើកចុងក្រោយបំផុត ដែលត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ។ បើទោះបីជានៅមានឧបសគ្គមួយចំនួនយ៉ាងណាក៏ដោយក្តី ទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏បានកំពុងសម្តែងសុទិដ្ឋិនិយមដែលប្រុងប្រយ័ត្នមួយ។
សហរដ្ឋអាមេរិក និងចិនបានដំឡើងពន្ធនាំចូលដាក់គ្នាទៅវិញទៅមកទៅលើទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ ក្រុមហ៊ុនជំនួញ និងអ្នកប្រើប្រាស់ជាច្រើន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មើលទៅហាក់ដូចជាមិនមានគម្រោងការក្នុងការបញ្ឈប់ការដំឡើងពន្ធនាំចូលលើប្រទេសចិនក្នុងពេលឆាប់ៗនោះទេ។
លោកប្រធានាធិបតី Donald Trump មានប្រសាសន៍ថា៖
«យើងនឹងបន្តការដំឡើងពន្ធនាំចូលនេះក្នុងរយៈពេលយ៉ាងយូរគួរសមមួយទៅមុខទៀត ពីព្រោះថា ប្រសិនបើយើងធ្វើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសចិន យើងត្រូវតែធ្វើឲ្យប្រាកដថា ប្រទេសចិនគោរពនឹងធ្វើតាមកិច្ចព្រមព្រៀងនោះ»។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលក្រុងប៉េកាំងកំពុងត្រៀមសម្រាប់ការអញ្ជើញមកដល់របស់អ្នកចរចារអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការពិភាក្សាពាណិជ្ជកម្មលើកទី៨នេះ។
លោក Geng Shuang ដែលជាអ្នកនាំពាក្យឲ្យក្រសួងការបរទេសរបស់ចិនបានមានប្រសាសន៍ថា៖
«ភាគីទាំងសងខាងមានការវិវឌ្ឍទៅមុខដ៏ប្រសើរមួយ»។
អ្នកវិភាគមួយចំនួនមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។
លោក David Dollar មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Brookings Institution មានប្រសាសន៍ថា៖
«ខ្ញុំគិតថា ការចរចារលើកនេះនឹងពិភាក្សាលម្អិតទៅលើថា តើទីផ្សារណាដែលប្រទេសទាំងពីរមានឆន្ទៈក្នុងការបើកឲ្យមានដំណើរការ។ ហើយបន្ទាប់ពីនេះទៀត នឹងនិយាយអំពី ថាតើសហរដ្ឋអាមេរិកមានវិធីអ្វី ប្រសិនបើប្រទេសចិនមិនគោរពនិងធ្វើតាមកិច្ចព្រមព្រៀងនោះ»។
សហរដ្ឋអាមេរិក កំពុងព្យាយាមបង្ខំឲ្យប្រទេសចិនធ្វើការផ្លាស់ប្តូរអ្វីដែលមនុស្សភាគច្រើននៅក្នុងសហរដ្ឋអាមេរិកមើលឃើញថា ជាការធ្វើពាណិជ្ជកម្មដែលមិនត្រឹមត្រូវតាមគោលការណ៍ទីផ្សារសេរី និងការអនុវត្តប្រាក់ជំនួយដល់ឧស្សាហកម្មរបស់ចិន»។
លោក Claude Barfield មកពីវិទ្យាស្ថាន American Enterprise Institute និយាយថា៖
«ចិនត្រូវតែធ្វើអី្វមួយពីសេដ្ឋកិច្ចបិទជិតរបស់ខ្លួន។ ពួកគេត្រូវតែធ្វើអី្វម្យ៉ាងពីគោលការណ៍នៃការផ្ទេរបច្ចេកវិទ្យាទាំងបង្ខំពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទៅឲ្យរដ្ឋាភិបាលចិន ដើម្បីទទួលបានសិទ្ធិទីផ្សារនៅក្នុងប្រទេសចិន ការលួចកម្មសិទ្ធិបញ្ញា និងបទបញ្ជានានាដែលបដិសេធមិនឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកនិងបរទេសផ្សេងៗទៀតចូលក្នុងទីផ្សាររបស់ខ្លួន»។
យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការបង្ខំឲ្យចិនធ្វើការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួននេះ មានលទ្ធផលលាយឡំគ្នា។ ប្រទេសចិនបានយល់ព្រមបើកទីផ្សាររបស់ខ្លួនជាច្រើនបន្ថែមទៀត ប៉ុន្តែខ្លួនក៏បានច្រានចោលការចោទប្រកាន់ពីការធ្វើចារកម្មឧស្សាហកម្ម ដូចជាករណីដែលអាមេរិកបានចោទប្រកាន់ទៅលើក្រុមហ៊ុន Huawei ពីការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យារបស់ខ្លួនដែលគំរាមកំហែងដល់សន្តិសុខអាមេរិក។
សហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបឲ្យហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមិនឲ្យផ្តល់សេវាអ៊ីនធឺណេត 5G។
ប៉ុន្តែនៅថ្ងៃអង្គារ ទី២៦ ខែមីនា កន្លងទៅនេះ សហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទដំឡើងឧបករណ៍របស់ក្រុមហ៊ុន Huawei។
លោក Julian King ដែលជាស្នងការសន្តិសុខសហភាពអឺរ៉ុប មានប្រសាសន៍ថា៖
«អ្វីដែលពួកយើងកំពុងពិភាក្សានោះគឺ ដំណើរការមួយដោយផ្អែកទៅលើការវិភាគដ៏ល្អិតល្អន់មួយទៅលើគ្រោះហានិភ័យនិងភាពងាយរងគ្រោះនានា»។
បន្ទាប់ពីការចរចាររវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងទីក្រុងប៉េកាំងនៅសប្តាហ៍នេះ លោកឧបនាយករដ្ឋមន្រ្តីចិន Liu He នឹងធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោននៅដើមខែមេសាខាងមុខនេះ ដើម្បីចូលរួមការពិភាក្សាពាណិជ្ជកម្មជាលើកទី៩៕
ប្រែសម្រួលដោយ លី វួចនា