ការកាត់បន្ថយពន្ធ និងការបង្កើនការចំណាយសម្រាប់ផ្នែកយោធាគឺជាវិធានការមួយចំនួន ដែលប្រទេសចិននឹងស្នើឡើងនៅក្នុងឆ្នាំនេះ ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចមិនសូវមានភាពក្លៀវក្លារបស់ខ្លួន។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រកាសពីវិធានការទាំងនេះនៅថ្ងៃអង្គារនេះ នៅថ្ងៃបើកកិច្ចប្រជុំរដ្ឋសភាប្រចាំឆ្នាំរបស់ប្រទេសចិននៅក្នុងទីក្រុងប៉េកាំង។
លោក Li Keqiang បានប្រាប់ក្រុមអ្នកតំណាងរាស្ត្រថា អ្នកធ្វើគោលនយោបាយចង់ឲ្យការរីកចម្រើនសេដ្ឋកិច្ចមានកម្រិតពី ៦ ទៅ ៦,៥ ភាគរយ នៅក្នុងឆ្នាំនេះ ដែលនេះជាការបន្ថយបន្តិចបន្តួចពីគោលដៅកាលពីឆ្នាំមុន ដែលចង់ឲ្យសេដ្ឋកិច្ចមានការរីកចម្រើនកម្រិត ៦,៥ ភាគរយ។
ការរីកចម្រើនសេដ្ឋកិច្ចផ្លូវការរបស់ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកនេះ កាលពីឆ្នាំ ២០១៨ មានចំនួន ៦,៦ ភាគរយ ដែលជាកម្រិតទាបបំផុតនៅក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងមកនេះ ដោយសារតែមានតម្រូវការទំនិញធ្លាក់ចុះនៅក្នុងប្រទេស និងនៅបរទេស និងដោយសារតែមានសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ជាមួយនឹងសហរដ្ឋអាមេរិក។
លោក Li Keqiang បាននិយាយថា រដ្ឋាភិបាលចិននឹងកាត់បន្ថយពន្ធលើផលចំណេញរបស់ក្រុមហ៊ុនអាជីវកម្មនានា និងថវិការួមចំណែកផ្នែកធានារ៉ាប់រងសង្គមចំនួន ២៩៨ ពាន់លានដុល្លារអាមេរិក ក៏ដូចជាបន្ទាបពន្ធលើតម្លៃបន្ថែមសម្រាប់ផ្នែកផលិតកម្មពី ១៦ មកនៅ ១៣ ភាគរយ។ ស្របពេលនោះដែរ រដ្ឋាភិបាលក្រុងប៉េកាំងបានសម្រេចកញ្ចប់ថវិកាចំនួន ១៧៧ ពាន់លានដុល្លារ សម្រាប់វិស័យយោធានៅក្នុងឆ្នាំនេះ ដែលជាការកើនឡើងចំនួន ៧,៥ ភាគរយ។
រដ្ឋសភាចិនត្រូវគេរំពឹងថា នឹងអនុម័តលើច្បាប់ថ្មីមួយនៅក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ ដែលនឹងមិនអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួនដាក់សម្ពាធលើក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យារបស់ពួកគេដល់រដ្ឋាភិបាលចិន ដើម្បីជាថ្នូរនឹងការទទួលបានលទ្ធភាពចូលទៅក្នុងទីផ្សាររបស់ចិននោះទេ៕