បេសកជនសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ឲ្យលើកទឹកចិត្តប្រទេសរុស្ស៊ី «ធ្វើឲ្យបានត្រឹមត្រូវ»នៅក្នុងវិបត្តិប្រទេសអ៊ុយក្រែន ដោយបានធ្វើឲ្យមានការឆ្លើយតបដ៏ខ្លាំងពីសមភាគីរបស់លោកស្រីដែលបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពីការបង្កើនភាពតានតឹង។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas – Greenfield បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ CNN ថា៖ «យើង សង្ឃឹមថា ចិន នឹងដើរតួនាទីនៅក្នុងការលើកទឹកចិត្តរុស្ស៊ីឲ្យធ្វើរឿងត្រឹមត្រូវ»។
ការភ័យខ្លាច បានឡើងកម្រិតខ្ពស់នៅក្នុងរដ្ឋធានីនៃប្រទេសលោកខាងលិច ដែលថា រុស្ស៊ី កំពុងប្រុងប្រៀបឈ្លានពានប្រទេសអ៊ុយក្រែន បន្ទាប់ពីដាក់ពង្រាយកងទ័ព ១ សែននាក់ នៅជុំវិញអតីតរដ្ឋរបស់សហភាពសូវៀតដែលជាប្រទេសជិតខាងរបស់ខ្លួន។
រុស្ស៊ី កំពុងច្រានចោលការអះអាងទាំងនោះ ក៏ប៉ុន្តែ កំពុងទាមទារឲ្យមានការធានាខាងសន្តិសុខពីអង្គការអូតង់ និងសហរដ្ឋអាមេរិក។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍បន្តទៀតថា៖ «ចិន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះការការពារបូរណភាពព្រំដែន និងអធិបតេយ្យភាពរបស់រដ្ឋ»។
លោកស្រីឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា៖ «នេះជាអ្វីដែលរុស្ស៊ី កំពុងធ្វើ។ រុស្ស៊ី កំពុងគំរាមកំហែងបូរណភាពនៃព្រំដែន ដូច្នេះ ចិន ត្រូវបញ្ជូនសារដែលនឹងមានសារៈសំខាន់នេះ»។
ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍៣នៃសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចក្រភពអង់គ្លេស និងបារាំង ក៏ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានឆ្លើយតបភា្លមៗដល់អត្ថាធិប្បាយរបស់លោកស្រី Thomas-Greenfield តាម Twiiter។
លោក បាននិយាយនៅក្នុងសារតាម Twitter ថា៖ «សាររបស់យើង មានភាពច្បាស់លាស់ណាស់ គឺថា ដោះស្រាយការខ្វែងគំនិតគ្នាតាមការទូត»។
លោក Zhang បានសរសេរដោយមិនបានបញ្ជាក់ឈ្មោះនរណាចំៗថា «ឈប់បង្កើនការតានតឹង។ ការព្រួយកង្វល់ខាងសន្តិសុខស្របច្បាប់របស់រុស្ស៊ី ត្រូវតែដោះស្រាយ»។
បន្ទាប់ពីជំនួបដ៏តានតឹងកាលពីចុងខែមករា ដែលត្រូវបានកោះធ្វើឡើងដោយសហរដ្ឋអាមេរិកមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានកំណត់ពេលជួបគ្នាម្តងទៀតស្តីពីបញ្ហាប្រទេសអ៊ុយក្រែននៅសប្តាហ៍ក្រោយ។
ជំនួបនៅសប្តាហ៍ក្រោយ ត្រូវបានកោះធ្វើឡើងដោយរុស្ស៊ី ដែលចង់ពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ស្តីពីប្រទេសអ៊ុយក្រែនដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៥៕
សហរដ្ឋអាមេរិកនិងចិន ឈ្លោះប្រកែកគ្នាអំពីបញ្ហាប្រទេសអ៊ុយក្រែននៅអង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ —