សង្គ្រាមវោហារសាស្ត្រខាងពាណិជ្ជកម្មរវាងស.រ.អា.និងប្រទេសចិនបានកើនខ្លាំងឡើងៗនៅថ្ងៃសុក្រនេះ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងថានឹងយកពន្ធគយបន្ថែមលើទំនិញចិនមានទឹកប្រាក់១០០ពាន់លានដុល្លារ ហើយរដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងប្រយុទ្ធប្រឆាំងនឹងវិធានការនេះរបស់ប្រទេសអាមេរិក ទោះ«ក្នុងតម្លៃណាក៏ដោយ»។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា លោកបានបញ្ជាដល់អ្នកតំណាងពាណិជ្ជកម្មស.រ.អា.ឱ្យពិចារណាអំពីការយកពន្ធគយបន្ថែមនៅក្រោយប្រទេសចិនបានចេញផ្សាយបញ្ជីនៃទំនិញស.រ.អា.ដោយមានរួមបញ្ចូលទាំងសណ្តែកសៀង និងយន្តហោះតូចៗផង មានទឹកប្រាក់៥០ពាន់លានដុល្លារសម្រាប់ការដំឡើងពន្ធដារ។ ស.រ.អា.បានស្នើឱ្យមានការដកពន្ធដារលើទំនិញចិនមានទឹកប្រាក់៥០ពាន់លានដុល្លារកាលពីដើមសប្តាហ៍នេះ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះថា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែទទូចនៅក្នុងអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងពណ៌នាថាជាការការពារផលិតផលក្នុងប្រទេស
នោះ ប្រទេសចិននឹង«វាយប្រហារតបតជាដាច់ខាតរហូតដល់ទីបញ្ចប់ហើយទោះជាក្នុងតម្លៃណាក៏ដោយ»។
លោក ត្រាំ បាននិយាយថា «ដោយមិនបានកែតម្រូវការប្រព្រឹត្តឆ្គាំឆ្គងរបស់ខ្លួន ប្រទេសចិនបានជ្រើសរើសការធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ក្រុមកសិករនិងពួកអ្នកផលិតប្រដាប់ប្រដាប្រើប្រាស់របស់យើង»៕