ប្រទេសចិនបានដំឡើងពន្ធរហូតដល់២៥ភាគរយលើទំនិញនាំចូលនៅក្នុងបញ្ចីទំនិញរបស់អាមេរិក រួមទាំងសាច់ជ្រូក ផ្លែឈើ និងទំនិញផ្សេងៗទៀត ដែលមានតម្លៃ៣ពាន់លានដុល្លារ។
ការដំឡើងពន្ធនេះ ត្រូវបានអនុម័តចូលជាធរមានភ្លាមៗកាលពីថ្ងៃទី២ខែមេសា និងត្រូវបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ ដោយក្រសួងហរិញ្ញវត្ថុរបស់ចិន។ យោងតាមក្រសួងនេះបានឲ្យដឹងថា ប្រទេសចិនសម្រេចដំឡើងពន្ធ ជាការឆ្លើយតបទៅនឹងការសម្រេចយកពន្ធរបស់សហរដ្ឋអាមេរិកទៅលើដែកថែប និងអាលុយមីញ៉ូម ដែលបានចូលជាធរមានកាលពីថ្ងៃទី២៣ខែមីនាកន្លងទៅ។ ប្រទេសចិនក៏បានផ្សព្វផ្សាយតារាងទំនិញរបស់សហរដ្ឋអាមេរិកដែលត្រូវដំឡើងពន្ធនៅថ្ងៃជាមួយគ្នានោះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនកាលពីព្រឹកថ្ងៃចន្ទបានឲ្យដឹងថា ប្រទេសចិនបានផ្អាកកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកចំនួន១២០មុខ ដែលរួមមានផ្លែឈើ និងជាតិអាតាណុល។ តម្លៃពន្ធនាំចូលលើទំនិញទាំងនេះនឹងកើនឡើង១៥ភាគរយបន្ថែមទៀត។
ការដំឡើងពន្ធលើទំនិញទាំងនេះកើតឡើងនៅស្របពេលដែលភាពតានតឹងរវាងរដ្ឋាភិបាលក្រុងប៉េងកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងតែកើនឡើង។
ពួកអ្នកអង្កេតផ្នែកសេដ្ឋកិច្ចបាននិយាយថា ផលប៉ះពាល់ភ្លាមៗមានតិចតួចប៉ុណ្ណោះ ប៉ុន្តែពួកអ្នកវិនិយោគមានការភ័យខ្លាចថាការសងសឹកផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចធ្វើឲ្យរង្គោះរង្គើដល់ពាណិជ្ជកម្មសកលលោក និងបន្ទាប់មកទៀតនឹងអាចធ្វើឲ្យខូចខាតដល់ការលូតលាស់របស់ពិភពលោក។
នៅស្របពេលជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងរៀបចំយកពន្ធលើទំនិញរបស់ចិនដែលមានតម្លៃជាង៥០ពាន់លានដុល្លារ។ ចំណាត់ការនេះមានបំណងដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាប្រទេសចិនបានលួចយកកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកជាប្រព័ន្ធ។ រដ្ឋាភិបាលក្រុងប៉េកាំងម្តងហើយម្តងទៀតបានច្រានចោលការចោទប្រកាន់ទាំងនេះ៕