រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សហរដ្ឋអាមេរិកនិងចិននឹងព្រមព្រៀងគ្នាបង្កើនជើងហោះហើរដឹកអ្នកដំណើរឲ្យបានទ្វេដងរវាងប្រទេសទាំងពីរ។ នេះជាសញ្ញានៃកិច្ចសហប្រតិបត្តិការមួយដែលកម្រនឹងកើតមានរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងបង្កើនជើងហោះហើរដឹកអ្នកដំណើរចិនដែលអនុញ្ញាតឲ្យចូលនិងចេញពីសហរដ្ឋអាមេរិកកើនពីចំនួនបច្ចុប្បន្ន១២ជើងក្នុងមួយសប្ដាហ៍ទៅ១៨ជើង ចាប់ពីថ្ងៃទី១ ខែកញ្ញា ហើយនឹងបន្តកើនដល់ទៅ២៤ជើងក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែតុលាខាងមុខនេះ។
ក្រសួងដឹកជញ្ជូនអាមេរិកបានបញ្ជាក់ទៀតថា រដ្ឋាភិបាលចិនក៏នឹងយល់ព្រមលើការបង្កើនចំនួនជើងហោះហើរសម្រាប់ក្រុមហ៊ុនហោះហើរអាមេរិកាំងផងដែរ គឺដូចទៅនឹងអ្វីដែលទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ កាលពីពេលមុន។
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលតែងតែឈ្លោះប្រកែកគ្នាលើបញ្ហាជាច្រើនកើតមានឡើង បន្ទាប់ពីចិនបានលុបចោលការរឹតបន្តឹងក្នុងសម័យជំងឺកូវីដលើក្រុមទេសចរមកពីប្រទេសផ្សេងៗ ដែលរួមមានទាំងប្រទេសជាទីផ្សារទេសចរណ៍សំខាន់ៗដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានថ្លែងថា ផ្នែកទី១នៃការហោះហើរត្រូវបានអនុម័តយល់ព្រមធ្វើឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា«ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការធ្វើដំណើរនៅពេលចាប់ផ្ដើមឆ្នាំសិក្សាថ្មី»។
ប្រភពនានាបានឲ្យដឹងថា ក្រុមហ៊ុនហោះហើរអាមេរិកាំងមិនរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗពីការបង្កើនជើងហោះហើរដល់១៨លើកនេះក្នុងមួយសប្ដាហ៍នេះទេ។
ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានបង្វែរសំណួរទាក់ទិននឹងព័ត៌មានលម្អិតទៅកាន់អាជ្ញាធរចិន ប៉ុន្តែបានបញ្ជាក់យ៉ាងខ្លីថា «ការហោះហើរផ្ទាល់មានសារៈសំខាន់ក្នុងការបង្កើនការធ្វើដំណើរទៅវិញទៅមករវាងពលរដ្ឋចិននិងពលរដ្ឋអាមេរិកាំង។ យើងសង្ឃឹមថា ការស្ដារឡើងវិញឲ្យមានការហោះហើរបន្ថែមទៀតនេះ នឹងនាំមកនូវផលល្អសម្រាប់លំហូរពលរដ្ឋ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។
ការហោះហើរទៅវិញទៅមកចំនួន២៤ជើងក្នុងមួយសប្ដាហ៍នៅតែជាចំនួនទាបនៅឡើយ បើប្រៀបធៀបទៅនឹងការហោះហើរទៅមកចំនួន១៥០ជើងដែលភាគីទាំងពីរបានអនុញ្ញាតមុនពេលមានការរឹតបន្តឹងនៅដើមឆ្នាំ២០២០ ដោយសារតែការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩៕
ប្រែសម្រួលដោយលោក នៀម ឆេង
សហរដ្ឋអាមេរិកនិងចិនឯកភាពបង្កើនជើងហោះហើរទ្វេដងក្នុងមួយសប្ដាហ៍រវាងប្រទេសទាំងពីរ
- Reuters
វ៉ាស៊ីនតោន —