រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អ.លោកស្រី Janet Yellen បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីជួបជាមួយពួកមន្ត្រីចិន ជាផ្នែកនៃកិច្ចប្រឹងប្រែងមួយដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងរកាំរកូសរវាងប្រទេសទាំងពីរ។
ពួកមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅមុនដំណើរទស្សនកិច្ចនេះថាលោកស្រី Yellen នឹងពិភាក្សាអំពីការធ្វើឱ្យសេដ្ឋកិច្ចសាកលមានស្ថិរភាព ជំទាស់នឹងការគាំទ្ររបស់ចិនដល់រុស្ស៊ីនៅពេលរុស្ស៊ីលុកលុយប្រទេសអ៊ុយក្រែន។
គេមិនរំពឹងថាលោកស្រី Yellen នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ទេ។
ទស្សនកិច្ចរបស់លោកស្រីដែលមានកំណត់នឹងធ្វើរហូតដល់ថ្ងៃអាទិត្យ មានឡើងក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសស.រ.អ. លោក Antony Blinken នៅទីក្រុងប៉េកាំងកាលពីខែមុន។
កាលពីដើមសប្តាហ៍នេះ លោកស្រី Yellen បានជួបជាមួយលោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំស.រ.អ.ដែលនៅទីនោះក្រសួងហិរញ្ញវត្ថុបាននិយាយថាលោកស្រី Yellon «បានលើកឡើងអំពីកង្វល់មួយចំនួន ក្នុងខណៈដែលលោកស្រីក៏និយាយផងដែរអំពីសារៈសំខាន់នៃប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំជាងគេ ធ្វើការជាមួយគ្នាដើម្បីដោះស្រាយឧបសគ្គសាកល មានរួមផ្នែកម៉ាក្រូសេដ្ឋកិច្ចនិងបញ្ហាហិរញ្ញវត្ថុ»។
បណ្តាញសារព័ត៌មានរដ្ឋនៃប្រទេសចិនបាននិយាយថាលោក Xie បានសម្តែងសេចក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងលុបបំបាត់ការជ្រៀតជ្រែកនិងពង្រឹងការសន្ទនាគ្នា៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និងទីភ្នាក់ងារសារព័ត៌មាន Reuters។