ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​ Yellen ស្ថិតនៅ​ចិន​ដើម្បី​ចរចា​ពង្រឹង​ស្ថិរភាព​ចំណង​ទាក់ទង


រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅក្នុងកិច្ចប្រជុំមួយនៅវិមាន Great Hall ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅក្នុងកិច្ចប្រជុំមួយនៅវិមាន Great Hall ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣។

នៅថ្ងៃសុក្រ​នេះ​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុសហរដ្ឋ​អាមេរិក​លោកស្រី Janet Yellen បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រីចិន​លោក Li Qiang និងមន្ត្រី​ចិនឯទៀតៗនៅ​ក្នុងទី​ក្រុង​ប៉េកាំង​ ដែល​នៅទី​នោះ​លោកស្រី​ត្រៀម​ដោះស្រាយ​បញ្ហា​ទាក់ទង​គ្នាដ៏​រអាក់រអួល​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី​ Yellen បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃព្រហស្បតិ៍។

លោកស្រី Yellen បាន​និយាយតាម Twitter ​ថា៖ «ខ្ញុំ​រីករាយដោយស្ថិតនៅទី​ក្រុង​ប៉េកាំងដើម្បី​ជួប​ជាមួយក្រុម​មន្ត្រី​ចិននិង​មេដឹកនាំ​ធុរកិច្ច។ យើងស្វះស្វែង​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ចដោយ​ត្រឹមត្រូវដែលផ្តល់ប្រយោជន៍​ដល់​ក្រុម​កម្មករ​និង​ក្រុមហ៊ុន​អាមេរិកាំង ​និង​សហការ​គ្នា​អំពី​ឧបសគ្គ​សាកល»។

លោកស្រី​បាន​បន្ថែម​ថា៖ «យើង​នឹងធ្វើ​សកម្មភាព​ដើម្បី​ការពារសន្តិសុខជាតិ​របស់​យើង​នៅពេល​ណា​ចាំបាច់​ ហើយដំណើរ​ទស្សនកិច្ចនេះជា​ឱកាសមួយ​ដើម្បី​ទាក់ទងគ្នានិង​បញ្ចៀស​កុំ​ឱ្យ​មានកំហុស​ឬ​ការ​យល់​ច្រឡំ»។

លោក​ស្រី Yellen បានមាន​ប្រសាសន៍​ថា​ លោកប្រធានាធិបតី​ Joe Biden «ប្រគល់​ភារកិច្ចដល់​រដ្ឋបាល​លោក​ឱ្យពង្រឹង​ការ​និយាយ​ទាក់ទង​គ្នា​រវាង​ប្រទេស​យើងទាំង​ពីរលើ​បញ្ហា​មួយ​ចំនួន ​ហើយខ្ញុំនឹង​បំពេញ​ភារកិច្ច​នេះនៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​ខ្ញុំនេះ»។

ក្រុមមន្ត្រីក្រសួង​ហិរញ្ញវត្ថុបាន​និយាយនៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ លោកស្រី ​Yellen នឹង​ពិភាក្សាអំពី​ការ​ធ្វើឱ្យ​សេដ្ឋកិច្ចសាកល​មាន​ស្ថិរភាព​និង​ជំទាស់​នឹង​ការគាំទ្រ​របស់​ចិន​ដល់​រុស្ស៊ីនៅ​ពេល​រុស្ស៊ី​លុកលុយ​អ៊ុយក្រែន។ គេ​មិនរំពឹង​ថា​ លោកស្រី​ Yellen នឹងជួប​ជា​មួយ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​ទេ៕

(ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agent France-Presse ​និង​ Reuters)

XS
SM
MD
LG