ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​ថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​រវាង​អាមេរិក​និង​ចិន​គឺ​សំខាន់


រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក He Lifengនៅ​សណ្ឋាគារ​រដ្ឋ Diaoyutai ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ថ្លែង​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក He Lifengនៅ​សណ្ឋាគារ​រដ្ឋ Diaoyutai ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ពីរ​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក មាន​កាតព្វកិច្ច​ចំពោះ​ខ្លួន​ឯង​និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជិតដិត​ជាង​មុន​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​ផ្នែក​សេដ្ឋកិច្ច​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​ទី ៨ ខែ​កក្កដា​កន្លង​ទៅ​នេះ។

អ្នកស្រី Yellen និង​ឧប​នាយករដ្ឋមន្រ្តី​ចិន​លោក He Lifeng បាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល ៥ ម៉ោង​កាល​ពី​ថ្ងៃ​សៅរ៍។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ពណ៌នា​កិច្ច​ពិភាក្សា​នេះ​ថា​មាន​លក្ខណៈ «ស្មោះត្រង់ ស្ថាបនា និង​ពេញលេញ»។ រី​ឯ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​វិញ​បាន​ហៅ​កិច្ច​ពិភាក្សា​នេះ​ថា​មាន​លក្ខណៈ​ «ស៊ី​ជម្រៅ ស្មោះត្រង់ និង​ផ្ដោត​លើ​ហេតុការណ៍​ជាក់ស្ដែង»។

អ្នកស្រី Yellen បាន​ថ្លែង​ការពារ​ការ​រឹតត្បិត​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Joe Biden លើ​ការ​នាំចេញ​បច្ចេកវិទ្យា​ដែល​រដ្ឋាភិបាល​ចិន​មិន​យល់ស្រប​ជាមួយ និង​បាន​និយាយ​ថា ​ការ​មិន​យល់ស្រប​នេះ​មិន​គួរ​រារាំង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ «បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​លើ​ពិភពលោក​ដូចជា​សម្ពាធ​បំណុល​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​ងើប​ឡើង​ខ្លាំង​និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន​បាន​រាយការណ៍​ថា ភាគី​ចិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទណ្ឌកម្ម​និង​វិធានការ​រឹតត្បិត​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ចិន។

លោក Lifeng បាន​លើកឡើង​ថា រដ្ឋាភិបាល​ទាំង​ពីរ​គួរ​វិល​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​ដែល​ត្រូវ​បាន​សម្រេច​ឡើង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយ​លោក Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង។

លោក Lifeng បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ទាំង​ពីរ​គួរ​ប្រកាន់​យក​ការ​អនុវត្ត​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​សម្រាប់​ប្រវត្តិសាស្រ្ត សម្រាប់​មនុស្ស និង​សម្រាប់​ពិភពលោក»។

កាលពី​ថ្ងៃ​ទី ៧ ខែ​កក្កដា អ្នកស្រី Yellen ក៏​បាន​ពិភាក្សា​ប្រកប​ដោយ «ភាព​ស្មោះត្រង់​និង​ស្ថាបនា» ជាមួយ​នាយករដ្ឋមន្រ្តី​ចិន​លោក Li Qiang នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG