ប្រទេសចិនបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានធ្វើការ «ជំទាស់តាមផ្លូវទូត» ប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសំណើច្បាប់មួយដែលនឹងជំរុញឱ្យមានការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំមួយថា ប្រសិនបើសំណើច្បាប់នេះនឹងបន្តក្លាយជាច្បាប់ វានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
អ្នកស្រី Mao Ning ក៏បានបញ្ជាក់ផងដែរថា ការអនុម័តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកលើសំណើច្បាប់ថ្មីនេះគឺជាការបញ្ជូន «សញ្ញាខុសឆ្គងធ្ងន់ធ្ងរទៅកាន់កងកម្លាំងផ្ដាច់ខ្លួននានាដែលចង់ទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់»។
អ្នកស្រីបានថ្លែងដូច្នេះថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះនិងបានធ្វើការជំទាស់តាមផ្លូវទូតប្រឆាំងនឹងភាគីសហរដ្ឋអាមេរិកថា នៅលើពិភពលោកនេះមានប្រទេសចិនតែមួយប៉ុណ្ណោះ ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្ដាច់បាននៃដែនដីរបស់ប្រទេសចិន និងថា ប្រទេសចិននឹងជំរុញទៅមុខដោយមិនងាករេឱ្យមានការបង្រួបបង្រួមឡើងវិញទាំងស្រុងនៃប្រទេសចិនទាំងមូល»។
កាលពីថ្ងៃពុធ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់គោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ ២០២២ ក្នុងសំឡេង ១៧ ទល់នឹង ៥ បើទោះបីជាមានក្ដីបារម្ភអំពីសំណើច្បាប់នេះនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមានការខឹងសម្បាពីរដ្ឋាភិបាលចិនអំពីសំណើច្បាប់នេះក៏ដោយ។
សំណើច្បាប់នេះបានធ្វើឡើងក្នុងពេលជាងមួយខែក្រោយមក បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់ទីនោះ៕
ចិនជំទាស់នឹងសហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តសំណើច្បាប់អំពីតៃវ៉ាន់
- Reuters
រដ្ឋធានីប៉េកាំង ប្រទេសចិន —